ក្រោយរដ្ឋប្រហារ បាតុករនៅខេត្តកំពង់ចាម សម្លាប់តំណាងរាស្រ្ត២រូប និងប្អូនលន់ លន់ សំណាងល្អ អ៉ិន តាំ រត់រួច

ចែករំលែក៖

ភ្នំពេញ ៖ ក្រោយថ្ងៃរដ្ឋប្រហារភ្លាម លោកលន់ នល់ បានចែកប្រាក់កាសដល់ពួកតំណាងរាស្ត្រ និង បានបង្កើតក្រុមឃោសនា សង្គ្រាមនយោបាយ ជាច្រើនក្រុម ឱ្យចុះទៅតាមភូមិ ឃុំ និងតាមគ្រឹះស្ថានសិក្សានានា ដើម្បីពន្យល់ប្រជារាស្ត្រ និង សិស្សានុសិស្ស និស្សិត ឱ្យបានយល់ពីមូលហេតុ នៃការទម្លាក់សម្ដេចសីហនុ។ ជាមួយគ្នានោះ មន្ត្រីសង្ឃជា ព្រះមេគណ និងព្រះអនុគណនៅតាមខេត្តស្រុកនានា ក៏រដ្ឋាភិបាលលន់ នល់ ឱ្យជួយចុះទៅទេសនាពន្យល់ប្រជារាស្ត្រ ជាពុទ្ធបរិស័ទពីបញ្ហានេះដែរ។ ពេលនោះ ញៀន ធៀង ចៅហ្វាយខេត្តកំពង់ចាម បានស្នើសុំឲ្យរដ្ឋសភាដែល ប្រជារាស្រ្តចោទប្រកាន់ថាជាអ្នក ទម្លាក់សម្ដេច សីហនុ ចេញពីអំណាចដោយខុសច្បាប់នោះ ទៅពន្យល់ប្រាប់ប្រជារាស្រ្តនៅទីរួមខេត្តកំពង់ចាម ។ អ៊ិន តាំ ក្នុងនាមប្រធានរដ្ឋសភា ក៏បានសុំឱ្យតំណាងរាស្ត្រនៅខេត្តកំពង់ចាម ទាំងអស់ ទៅចូលរួមជួយបំភ្លឺបកស្រាយ តាមការស្នើសុំនោះ។ ថ្ងៃទី២៧ ខែមីនា ញៀន ធៀង ចៅហ្វាយខេត្តកំពង់ចាម ចុះទៅមើលសភាពការណ៍នៅទីប្រជុំជនជីហែ ក្នុងស្រុក កោះសូទិន។ នៅពេលគាត់វិលត្រលប់មកវិញ ស្រាប់តែមានប្រជារាស្រ្តប្រមាណ៣០០នាក់ នាំគ្នាដង្ហែក្បួនតាមក្រោយ រថយន្តរបស់គាត់ មកក្រុងកំពង់ចាម ដើម្បីទាមទារឲ្យយកសម្ដេចឪមកវិញ។ ភ្លាមៗនោះរដ្ឋាភិបាលនៅភ្នំពេញ ក៏បានដកញៀន ធៀង ចេញ ហើយដាក់ ចាន់ គឹមអ៊ាង ជាចៅហ្វាយខេត្តកំពង់ចាម ជំនួសវិញ។ ថ្ងៃទី២៨ ខែមីនា នៅចំការកៅស៊ូជប់ សកម្មភាពបាតុកម្មកាន់តែរីកធំទៅៗ តែចៅហ្វាយខេត្តថ្មី ចាន់ គឹមអ៊ាង ចេះប្រើឥរិយាបថទន់ភ្លន់ សកម្មភាពបាតុកម្មបានស្ងប់ស្ងាត់បានមួយរយៈ។ រដ្ឋាភិបាលបាននិមន្តព្រះគ្រូប៉ាង ខាត់ ឲ្យចេញទៅជួយ ទេសនាពន្យល់បាតុករ ដោយមានអ៊ិន តាំ ប្រធានសភា និងឆន សុខុម រដ្ឋមន្ត្រីក្រសួងអប់រំ ទៅជាមួយ ព្រោះក្នុងចំណោម បាតុករទាំងនោះ មានសិស្សសាលាជាច្រើនផងដែរ។ ព្រះគ្រូប៉ាង ខាត់, អ៊ិន តាំ និងឆន សុខុម ធ្វើដំណើរចេញពីក្រុងភ្នំពេញ តាមយន្តហោះដាកូតា មួយគ្រឿង ហើយ អ៊ិន តាំ ចាំបានយកកងរក្សាខេត្ត ៦នាក់ទៅជាមួយ ដើម្បីជួយការពារសន្តិសុខផងដែរ។ ពេលយន្តហោះដាកូតា ចុះចតនៅ ទីលានមួយក្បែរភ្នំប្រុស វរសេនីយ៍ទោដាញ់ ម៉ែន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត បានជិះរថយន្តហ្ស៊ីប(4/4) ជាមួយទាហានមួយក្រុម មកទទួលពួកគាត់។ ពេលនោះ ចាន់ គឹមអ៊ាង ជាចៅហ្វាយខេត្ត មិនបានទៅទទួលគាត់ទេ ព្រោះរវល់ទៅឃាត់ហ្វូងបាតុករនៅម្ដុំវត្តដីដុះ។ ពេលទៅដល់សាលាខេត្តស្ងាត់ឈឹង ពួកគាត់នាំគ្នាទៅសម្រាកនៅសណ្ឋាគារខេត្ត រង់ចាំចៅហ្វាយខេត្ត មកជួប។ មួយសន្ទុះ ក្រោយមក ចៅហ្វាយខេត្តក៏មកដល់ ហើយនិយាយក្អេងក្អាងថា ខ្លួនបានធ្វើឱ្យសភាពការណ៍ស្រួលបួលវិញ អស់ហើយ សូមកុំបញ្ចេញពួកទាហានឲ្យទប់ទល់ជាមួយពួកបាតុករឱ្យសោះ បើមានបញ្ហាអ្វី ទុកឱ្យគាត់ប្រើថ្វីមាត់គាត់ ទៅទប់ទល់ជាមួយបាតុករ បានហើយ។ ពេលនោះ និយាយគ្នាមិនទាន់ចប់ផង ស្រាប់តែមានឧទ្ធម្ភាគចក្រមួយគ្រឿង ដឹកឧត្តមសេនីយ៍ថោងវ៉ាន់ ហ្វាន់មឿង ពីខេត្ត ព្រៃវែង មកចុះនៅមុខបន្ទាយទាហានប្រតិបត្តិការសឹករងខេត្ត ។ ពេលឮសូរសំឡេង ស្រាប់តែមានពួកបាតុករ ច្រើនរយនាក់នាំគ្នា រត់មកឡោមព័ទ្ធឧទ្ធម្ភាគចក្រនោះ។ ព្រះគ្រូប៉ាង ខាត់ បាននិមន្តទៅគង់លើជណ្ដើរសណ្ឋាគារខេត្ត ក្នុងបំណងមានសង្ឃដីកា ពន្យល់ក្រុមបាតុករដែរ តែគ្មានបាតុករណាម្នាក់រវីរវល់នឹងព្រះអង្គទេ។ សូម្បី តែយាយតា ចាស់ៗ មានកាន់អង្កត់អុសនៅដៃ ក៏គិតតែនាំគ្នារត់សម្រុកទៅរកឧទ្ធម្ភាគចក្រ ដែលកំពុងចុះចតនោះដែរ។ ព្រះគ្រូប៉ាង ខាត់ មានសង្ឃដីកាប្រាប់អ៊ិន តាំ និងឆន សុខុម ថា សភាពការណ៍ដល់ថ្នាក់នេះហើយ អាត្មាមិន ដឹងបានធម៌អីយកមកទេស ឲ្យពួកគេស្ដាប់បានទេ ព្រោះគេមិនឈប់ស្ដាប់យើងផង។ ដោយសារ ហ្វូងបាតុករនាំគ្នាមកឡោមព័ទ្ធឧទ្ធម្ភាគចក្រកាន់តែច្រើននោះ វរសេនីយ៍ទោដាញ់ ម៉ែន ក៏បានដក ទាហាន ដែលឱ្យមកការពារព្រះគ្រូប៉ាង ខាត់, អ៊ិន តាំ និងឆន សុខុម ទាំងអស់ យកទៅឲ្យការពារឧទ្ធម្ភាគចក្រវិញ ហើយទុកពួកគាត់ចោលនៅមុខសណ្ឋាគារខេត្ត។

ពេលនោះ ចាន់ គឹមអ៊ាង ជាចៅហ្វាយខេត្តកំពង់ចាម ធានាថា គាត់អាចធ្វើឲ្យសភាពការណ៍ស្ងប់ស្ងាត់វិញបាន រួចហើយគាត់ក៏ដើរសំដៅទៅរកហ្វូងងបាតុករ ដែលកំពុងនាំគ្នាមកឡោមព័ទ្ធឧទ្ធម្ភាគចក្រនោះ។ ចំណែក អ៊ិន តាំ ក៏ប្រញាប់នាំព្រះគ្រូប៉ាង ខាត់ និងឆន សុខុម ក៏បានធ្វើដំណើរ តាមរថយន្ត វិលត្រលប់ទៅឡើងយន្តហោះ ដែលនៅ ឯភ្នំប្រុស វិញ។ ពេលធ្វើដំណើរពីមុខការិយាល័យពេទ្យសត្វ (ផ្លូវចុះទៅទន្លេអុំ) ទៅដល់វត្តនគរ ក៏មានបាតុករជាកម្មកររោងចក្រ តម្បាញ និងអ្នកភូមិនៅណាន់តាន់តាប់ពេញផ្លូវ ។ តែបានកងរក្សាខេត្ត ៦នាក់ ដែលគាត់យកទៅឱ្យជួយការពារ សន្តិសុខនោះ បើករថយន្តហ្ស៊ីប នាំមុខបើកផ្លូវ ក៏អាចឆ្លងកាត់ហ្វូងបាតុករបាន។ លុះទៅដល់មុខរោងចក្រតម្បាញ បាតុករបានយករថយន្តធំមួយដាក់ទទឹងផ្លូវ។ ពួកគាត់ត្រូវបើករថយន្តវាងចុះទៅតាមផ្លូវររទះ ទើបអាចទៅដល់ យន្តហោះដាកូតា ដែលកំពុងរង់ចាំ នៅទីលានចុះចត ភ្នំប្រុសនោះ។ អ៊ិន តាំ បានរម្លឹកថា អំឡុងពេលនោះដែរ ពេលប្រពន្ធកូន និងបងប្អូនគាត់កំពុងធ្វើបុណ្យឧទ្ទិសកុសលដល់ សពម្ដាយគាត់ នៅភូមិព្រែកកក់ (ស្រុកស្ទឹងត្រង់) ជាស្រុកកំណើតរបស់គាត់ ស្រាប់តែមាបពួកបាតុករមួយក្រុមធំ បាននាំគ្នាមកវាយកម្ទេច និងដុតសពម្ដាយគាត់ដែលតម្កល់ទុកក្នុងចេតិយនៅជើងភ្នំក្បែរផ្ទះគាត់នោះ នៅក្នុងភូមិ កំណើតនោះ។ តែប្រពន្ធកូន និងបងប្អូនគាត់បានគេចផុតពីហ្វូងបាតុករដោយសារ មានបងប្អូននៅទីនោះ ជួយ បណ្ដោះចេញទាន់ពេលវេលា។ អ៊ិន តាំ បានបញ្ជាក់ថា ម្ដាយគាត់ឈ្មោះម៉ុក ម៉ម អាយុ៧០ឆ្នាំ បានធ្វើមរណកាល ពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ១៩៦៧។ តែឪពុក គាត់មិនទាន់ឲ្យបញ្ចុះសពម្ដាយគាត់នៅក្នុងដីទេ គឺឱ្យរក្សាទុកសពនៅក្នុងចេតិយសិន រង់ចាំរហូតដល់ពេល ឪពុកគាត់ស្លាប់ដែរ ទើបយកទៅបញ្ចុះក្នុងដីជាមួយគ្នាតែម្ដង។ ដូច្នេះ សពម្ដាយគាត់ត្រូវតម្កល់ទុកក្នុងចេតិយនោះ តាំងពីឆ្នាំ១៩៦៧ មក។ ក្រោយពីពួកបាតុករវាយកម្ទេចចេតិយនោះមក បងប្អូនគាត់បានទៅប្រមែប្រមូលធាតុម្ដាយរបស់គាត់ បានបន្តិច បន្ទួច យកទៅរក្សាទុក។ ចំណែកតំណាងរាស្រ្ត២នាក់ គឺ គឹម ផុន និងសុះ សាអ៊ុន ដែលជាអ្នកមានស្វាមីភក្តិចំពោះសម្ដេចសីហនុ មិនបាន បោះឆ្នោតទម្លាក់ព្រះអង្គ នៅថ្ងៃទី១៨ ខែមីនានោះ ក៏បានចុះទៅឃោសនាប្រាប់ប្រជារាស្រ្តនៅទីរួមខេត្តកំពង់ចាម ដើម្បីពន្យល់ហេតុផលពីរឿងរដ្ឋសភាទម្លាក់សម្ដេចសីហនុ ដែរ ប៉ុន្តែ ត្រូវក្រុមបាតុករនាំគ្នាចោមរោមជុំជិត បើទោះ បីតំណាងរាស្ត្រទាំង២នាក់នេះ ព្យាយាមពន្យល់ហេតុផលយ៉ាងណា ក៏ពួកបាតុករមិនស្តាប់ដែរ ហើយនាំគ្នាចាប់ចង និងកាប់សម្លាប់ដាច់សាកសពជាច្រើនកំណាត់។ បើតាម អ៊ិន តាំ បានឱ្យដឹងថា សុះ សាអ៊ុន អតីតយោក័្បត្រ(មន្រ្តីកាន់បញ្ជីស្នាម និងឯកសារផ្សេងៗ) ធ្វើការនៅ សាលាស្រុកកំពង់សៀម ជាប់ឆ្នោតជាតំណាងរាស្ត្រនីតិកាលទី៦ ពេលបោះឆ្នោតជំនួសកៅអីចៅសែន កុសល ហៅឈុំ ដែលបានលាឈប់ពីតំណែងតំណាងរាស្ត្រ ក្នុងឆ្នាំ១៩៦៧ ។ ចំណែកគឹម ផុន ជាភ្នាក់ងារក្រសួងប្រៃសណីយ៍នៅខេត្តកំពង់ចាម បានឈរឈ្មោះជាតំណាងរាស្ត្រ នៅមណ្ឌល ប៉ឺស (ខេត្តកំពង់ចាម) កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ១៩៦៦ ជាមួយបេក្ខជនម្នាក់ទៀត ឈ្មោះសេង ងួនអ៊ូ ប្រជែង ជាមួយអ៊ិន តាំ ដែរ តែចាញ់ឆ្នោតអ៊ិន តាំ ទាំង២នាក់។ ប្រហែល៨ខែ ក្រោយមក សម្ដេចសីហនុ បានតែង តាំងអ៊ិន តាំ ឱ្យទៅធ្វើជា ចៅហ្វាយខេត្តបាត់ដំបង។ នៅថ្ងៃទី១ ខែឧសភា ឆ្នាំ១៩៦៧ គឹម ផុន ក៏បានទៅ ឈរឈ្មោះនៅ មណ្ឌលប៉ឺស (ខេត្តកំពង់ចាម) ម្ដងទៀត ក៏បានជាប់ឆ្នោតជាតំណាងរាស្ត្រជំនួសអ៊ិន តាំ ចាប់ពីពេលនោះមក។ នៅថ្ងៃប្រជុំសភា បោះឆ្នោតទម្លាក់សម្ដេចសីហនុ នៅថ្ងៃទី១៨ ខែមីនា គឹម ផុន មិនបានចូលប្រជុំទេ ព្រោះគាត់ត្រូវទៅ បំពេញបេសកកម្មទៅខេត្តតាកែវ។ ក្រោយពីប្រជារាស្រ្តនៅខេត្តកំពង់ចាម នាំបាតុកម្មទាមទារយកសម្ដេចសីហនុ មកវិញ លន់ នល់ មេដឹកនាំរដ្ឋប្រហារ ក៏បានឱ្យតំណាងរាស្ត្រទាំងអស់នៅខេត្តកំពង់ចាម ចុះទៅឃោសនាប្រាប់ប្រជារាស្រ្ត ដើម្បីពន្យល់ហេតុផលពីរឿង រដ្ឋសភាទម្លាក់សម្ដេចសីហនុ ។ ពេលនោះ តំណាងរាស្រ្តសុះ សាអ៊ុន និងគឹម ផុន យល់ថា ពួកគាត់ធ្លាប់រស់នៅ ខេត្ត

កំពង់ចាម យូរឆ្នាំមកហើយ និងមានប្រជារាស្រ្តភាគច្រើនស្រឡាញ់គាំទ្រ ពិសេសកន្លងមក ពួកគាត់ក៏ជាមន្រ្តី ស្មោះស័្មគ្រប្ដូរផ្ដាច់ ជាមួយសម្ដេចសីហនុ ទៀតផង ក៏នាំគ្នាចុះមកពន្យល់ប្រជារាស្រ្តនៅទីនោះ ពីមូលហេតុពិតប្រាកដ នៃការទម្លាក់សម្ដេចសីហនុ ថ្ងៃទី១៨ ខែមីនា ដោយមិនបានគិតថាជួបហេតុការណ៍សាហាវ ឃោរឃៅដូច្នេះ ទាល់តែសោះ។ សាអ៊ុន និងគឹម ផុន បានធ្វើដំណើរពីក្រុងភ្នំពេញ ក្នុងបំណងសម្រាកនៅទីរួមខេត្តកំពង់ចាម មួយយប់។ ព្រឹកស្អែក ឡើង ទើបបន្តដំណើរទៅទីប្រជុំជនសួង ដើម្បីឃោសនាប្រាប់ប្រជារាស្រ្តឱ្យបានយល់ហេតុផលពីរឿង រដ្ឋសភាទម្លាក់ សម្ដេចសីហនុ។ តែមកដល់ទីរួមខេត្តកំពង់ចាម ក៏ត្រូវពួកបាតុករចាប់បណ្ដើរទៅជាមួយ។ លុះទៅដល់ទន្លេអុំ ពួកបាតុករក៏បាននាំគ្នាវាយកាប់សម្លាប់តំណាងរាស្ត្រទាំងពីរនាក់នេះ យ៉ាងសាហាវឃោរឃៅ បំផុត។ នៅកំពង់ចម្ងងទន្លេបិទ រដ្ឋាភិបាលបានបញ្ឈប់ លែងឲ្យស្រឡាងឆ្លងទៅមកទៀត បណ្ដាលឱ្យបាតុករនៅកកកុញ ណែនណាន់ តាន់តាប់នៅត្រើយខាងកើត។ បន្តិចក្រោយមក ស្រាប់តែលេចមុខមេប៉ូលិសស្រុកត្បូងឃ្មុំម្នាក់ ឈ្មោះលន់ និល ដែលពួកបាតុករស្គាល់ច្បាស់ជាប្អូនប្រុស របស់លន់ នល់។ ដោយសារភ្លើងកំហឹងពុះកញ្រ្ជោល ពួកបាតុករបាននាំគ្នា កាប់សម្លាប់លន់ និល រួចវះយកថ្លើម ទៅឆាស៊ី។ (នៅមានភាគបន្ត)៕

...

ដោយ ៖ ឈីម សេរីភុន អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print