ភ្នំពេញ៖ នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំកិច្ចប្រជុំ ដើម្បីត្រួតពិនិត្យការងាររបស់ទីភ្នាក់ងារកម្ពុជាប្រឆាំងដូប៉ា (CADA) និងមានការចូលរួមពី មន្ត្រីថ្នាក់ដឹកនាំក្រោមឱវាទ និងមន្ត្រីទីភ្នាក់ងារកម្ពុជាប្រឆាំងដូប៉ា (CADA)។
គួរបញ្ជាក់ដែរថា ទីភ្នាក់ងារកម្ពុជាប្រឆាំងដូប៉ានេះ (CADA) ត្រូវបានបង្កើតឡើងក្នុងគោលបំណង ជំរុញភាពស្អាតស្អំក្នុងវិស័យកីឡាកម្ពុជា ព្រមទាំងជៀសវាងការប្រើប្រាស់សារធាតុហាមឃាត់ដូប៉ានៅប្រទេសកម្ពុជា។ ទ.ក.ប.ដ. (CADA) មានតួនាទី និងភារកិច្ច រៀបចំគោលនយោបាយផែនការយុទ្ធសាស្ត្រ និងសកម្មភាព ស្រាវជ្រាវសារធាតុ និងវិធីសាស្ត្រ ដែលត្រូវបានហាមឃាត់ក្នុងវិស័យកីឡា ព្រមទាំងផ្សព្វផ្សាយ និងផ្តល់ចំណេះដឹងទាក់ទងនឹងបញ្ជីសារធាតុ និងវិធីសាស្ត្រធាតុហាមឃាត់ក្នុងវិស័យកីឡាទៅដល់អ្នកប្រើប្រាស់ ជាពិសេសអត្តពលិក ដើម្បីឱ្យមានតម្លាភាព យុត្តិធម៌ និងអនុលោមតាមស្តង់ដាអន្តរជាតិ ក្នុងវិស័យកីឡា។
ដើម្បីជំរុញប្រសិទ្ធភាពការងារ បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ណែនាំឱ្យក្រុមការងារ បន្តខិតខំប្រឹងប្រែងបន្ថែមទៀត ពង្រឹងសមត្ថភាពស្ថាប័ន និងអភិវឌ្ឍន៍ធនធានមនុស្ស ដោយទីភ្នាក់ងារកម្ពុជាប្រឆាំងដូប៉ានេះគឺជាភ្នាក់ងារថ្មី ដូចនេះទាមទារការតស៊ូព្យាយាម អំណត់អត់ធន់ និងត្រូវមាន អ្នកឯកទេសច្បាស់លាស់ចូលបម្រើការងារ មានការរៀបចំកិច្ចប្រជុំពិភាក្សាគ្នាជាមួយអ្នកជំនាញ ឬថ្នាក់ ដឹកនាំពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហាប្រឈមនានា ជាពិសេសត្រូវមានការសហការគ្នាជាមួយគ្រប់អ្នកពាក់ព័ន្ធដើម្បីឱ្យការងារប្រព្រឹត្តទៅបានរលូនល្អ។
ជាមួយនេះដែរ បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានឯកភាពចំពោះសំណើរបស់ទីភ្នាក់ងារកម្ពុជាប្រឆាំងដូប៉ា (CADA) លើការរៀបចំកន្លែងបំពេញការងារនិងហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាមធ្យោបាយធ្វើដំណើរសម្រាប់ក្រុមការងារចុះត្រួតពិនិត្យដូប៉ានិងមន្ត្រីអប់រំក្នុងការទៅផ្សព្វផ្សាយការយល់ដឹងពីការប្រឆាំងដូប៉ានៅតាមបណ្ដាខេត្តនានា និងលើកទឹកចិត្តឱ្យក្រុមការងាររៀបចំជាផែនការសកម្មភាពសម្រាប់រយៈពេល ១ឆ្នាំ និង ៥ឆ្នាំ ដោយមានការបែងចែកតួនាទី និងជំនាញនៃការងារច្បាស់លាស់ ទាក់ទងការងារជាមួយទីភ្នាក់ងារប្រឆាំងដូប៉ាអាស៊ីអាគ្នេយ៍និងទីភ្នាក់ងារជាតិប្រឆាំងដូប៉ា សិក្សាស្រាវជ្រាវពីរបៀបដំណើរការនៃប្រទេសផ្សេងៗ ដើម្បីអភិវឌ្ឍន៍ទីភ្នាក់ងាររបស់ខ្លួន គោលដៅចូលរួមចំណែកក្នុងការបង្កើនការយល់ដឹងពីកីឡាស្អាតស្អំ ការប្រកួតកីឡាប្រកបដោយយុត្តិធម៌ និងមានអនុលោមភាព៕