ភ្នំពេញ ៖ នៅក្នុងឱកាសដែលសម្តេចថ្លែងការណ៍ពិសេសក្នុងឱកាសខួប ១ឆ្នាំនៃរាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា (២២ សីហា ២០២៣-២២ សីហា ២០២៤) នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២២ ខែសីហា ឆ្នាំ២០២៤ ម្សិលមុិញ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ ទំនាស់ដីធី្ល កង្វះដីធ្លី ការចុះបញ្ជីកម្មសិទ្ធិ និងការទន្ទ្រានដីរដ្ឋគឺជាបញ្ហាស្មុគស្មាញ និងរ៉ាំរៃនៅកម្ពុជា។ សម្ដេចមហាបវរធិបតីបានគូសបញ្ជាក់ថា ៖ ក្រោយថ្ងៃទី៧ មករា ១៩៧៩ រដ្ឋាភិបាលបានបែងចែកដីកសិកម្មលើកដំបូងជូនប្រជាពលរដ្ឋនៅឆ្នាំ១៩៨៥ និងទទួលស្គាល់លើដីកម្មសិទ្ធិលំនៅដ្ឋាននៅឆ្នាំ១៩៨៩។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ៖ រាជរដ្ឋាភិបាលជាច្រើនអាណត្តិមកនេះបានបន្តដាក់ចេញគោលនយោបាយ និងវិធានការជាក់ស្តែងដើម្បីព្យាយាមដោះស្រាយទំនាស់ដីធី្ល កង្វះដីធ្លី ការចុះបញ្ជីកម្មសិទ្ធិ និងការទន្ទ្រានដីរដ្ឋ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ពាក់ព័ន្ធនឹងការដោះស្រាយវិវាទដីធ្លីនៅចន្លោះឆ្នាំ២០១៦ ដល់ខែសីហាឆ្នាំ២០២៤ រាជរដ្ឋាភិបាលបានទទួលពាក្យបណ្តឹងចំនួនជិត១៦០០០ករណី ដែលក្នុងនោះបានដោះស្រាយរួចរាល់ចំនួន១៤៣០០ករណី ហើយនៅសល់ជិត១៧០០ករណីទៀតដែលនៅបន្តដោះស្រាយ។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បញ្ជាក់ថា ៖ ក្នុងរយៈពេល ១ ឆ្នាំនៃរាជរដ្ឋាភិបាល អាណត្តិទី៧ នេះ រាជរដ្ឋាភិបាលបានសម្រេចមិនយកពន្ធលើដីធ្លីមិនប្រើប្រាស់ ចំពោះដីធ្លីដែលមានទំហំ ៥ ហិកតាចុះក្រោម(មួយកន្លែង ៥ ហិកតាចុះក្រោម)។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បន្តថា ៖ សម្តេចបានសម្រេចបង្កើតឱ្យមានកម្មវិធីដំណើរកម្សាន្តនៅតាមបណ្ដោយព្រំដែនដោយឥតគិតកម្រៃសេវា។ កម្មវិធីនេះនឹងចាប់អនុវត្តចាប់ពីខែកញ្ញា ដល់ដំណាច់ឆ្នាំ២០២៤ នេះ។ កម្មវិធីដំណើរកម្សាន្តនៅតាមបណ្ដោយព្រំដែននេះ ពលរដ្ឋ និងសាធារណជន នឹងទទួលបាននូវការដឹកជញ្ជូនដោយឥតគិតកម្រៃ ហើយថែមទាំងទទួលបាននូវអាហារដោយមិនគិតកម្រៃថែមទៀត។ កម្មវិធីដំណើរកម្សាន្តនេះ នឹងត្រូវរៀបចំធ្វើនៅរៀងរាល់ចុងសប្ដាហ៍៕