ភ្នំពេញ ៖ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩៧០ សម្តេចសីហនុ បានប្រកាសបង្កើតរណសិរ្សមួយហៅថា រណសិរ្សរួបរួមជាតិកម្ពុជា ។ ប៉ែន នុត ត្រូវបានតែងតាំងជាប្រធានការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមរណសិរ្សរួបរួមជាតិកម្ពុជា និងសមាជិកការិយាល័យនយោបាយ ១០រូបទៀត រួមមាន ៖ ខៀវ សំផន, ហ៊ូ នឹម, ហ៊ូ យន់, ចៅ សេង, ដួង សំអុល, ហួត សម្បត្តិ, ចាន់ យូរ៉ាន់, ជា សាន, សារិន ឆាក និងជួន មុម្ម ។
ជាមួយគ្នានោះ សម្តេច សីហនុ បានប្រកាសនូវគោលការណ៍៥ ចំណុចដែលមានខ្លឹមសារថា៖ ១-ក្នុងឋានៈខ្ញុំជា ប្រមុខរដ្ឋ ស្របច្បាប់របស់ប្រទេសកម្ពុជា ជាឋានៈខ្ពស់បំផុតដែលផ្តល់ឱ្យខ្ញុំជាឯកច្ឆន្ទដោយប្រជារាស្ត្រខ្មែរ ខ្ញុំសូម ប្រកាសរំលាយជាស្ថាពរនូវរាជរដ្ឋាភិបាលលន់ នល់ និងសភាទាំង២ (រដ្ឋសភា និងក្រុមប្រឹក្សាព្រះរាជាណាចក្រ) ដែលមិនគោរពសម្បថរបស់ខ្លួន និងបំពានរដ្ឋធម្មនុញ្ញរបស់ព្រះរាជាណាចក្រកម្ពុជា។
នៅថ្ងៃទី២៣ ខែមីនានោះដែរ យន្តហោះចម្បាំងរបស់អាមេរិក បានចូលមកបាញ់រះ និងទម្លាក់គ្រាប់បែកទៅ លើទីតាំងកងទ័ពវៀតកុង-វៀតណាមខាងជើង ដែលស្ថិតនៅក្នុងទឹកដីខ្មែរជាច្រើនកន្លែងទៀត។ ដើម្បីសហការគ្នាឱ្យបានរលូនក្នុងការបង្កើតចលនាតស៊ូនោះ នាយករដ្ឋមន្រ្តីចិន ជូ អេនឡាយ ក៏មានគម្រោងឱ្យមានជំនួបរវាងសីហនុ និងសាឡុត ស( ប៉ុលពត) ដែលកំពុងធ្វើទស្សនកិច្ចសម្ងាត់នៅទីក្រុងប៉កាំង នោះដែរ។ ប៉ុន្តែ គម្រោងជំនួបនេះត្រូវលុបចោលទៅវិញ។ ថ្ងៃទី២៤ ខែមីនា តាមរលកធាតុអាកាសវិទ្យុក្រុងប៉េកាំង ផ្សាយជាភាសាខ្មែរ សម្តេចសីហនុ ប្រកាសអំពាវនាវឱ្យយុវជន សិស្សនិស្សិត មន្ត្រីរាជការ និងប្រជារាស្ត្រដែលមានស្វាមីភក្ដិនឹងព្រះអង្គ រត់ចូលព្រៃម៉ាគី ដើម្បីធ្វើការតស៊ូប្រឆាំងនឹងពួកក្បត់លន់ នល់ និងសិរិមតៈ ។
ថ្ងៃទី២៥ ខែមីនា រដ្ឋាភិបាលក្រុងហាណូយ ប្រកាសជាផ្លូវការគាំទ្រដល់បុព្វហេតុតស៊ូរបស់ប្រជាជនកម្ពុជា ដែលដឹកនាំដោយសម្ដេចសីហនុ ដើម្បីការប្រឆាំងបនក្បត់លន់ នល់ និងចក្រពត្តិអាមេរិក ជាមេក្លោង។
មួយថ្ងៃក្រោយមក គឺនៅថ្ងៃទី២៦ ខែមីនា រដ្ឋាភិបាលបដិវត្តន៍បណ្តោះអាសន្ន វៀតណាមខាងត្បូង(វៀតកុង) ក៏បានប្រកាសគាំទ្រដល់បុព្វហេតុតស៊ូរបស់សម្ដេចសីហនុ ក្នុងការប្រឆាំងនឹងពួកចក្រពត្តិអាមេរិក និងបរិវារ ព្រមទាំងបានសម្តែងការគាំទ្រដោយឥតលក្ខខណ្ឌចំពោះការអំពាវនាវជាប្រវត្តិសាស្ត្ររបស់សម្ដេចសីហនុ ថ្ងៃទី២៣ ខែ មីនា នោះផងដែរ ។
ថ្ងៃទី២៧ ខែមីនា ព្រះអង្គម្ចាស់សុផាន់វង្ស មេដឹកនាំចលនាតស៊ូប៉ាថេតលាវ(ឡាវកុម្មុយនិស្ត) បានប្រកាសគាំទ្របុព្វហេតុតស៊ូរបស់សម្ដេចសីហនុ ដែរ។ នៅយប់ថ្ងៃទី២៨ ខែមីនា នៅទីក្រុងប៉េកាំង សម្ដេចសីហនុ និងនាយករដ្ឋមន្ត្រីចិន ជូ អេនឡាយ បានជួបពិភាក្សាគ្នាម្តងទៀត ។ ជូ អេនឡាយ ប្រាប់សម្ដេចសីហនុ ថា ប្រទេសកូរ៉េខាងត្បូង គាំទ្រព្រះអង្គ ហើយប្រទេសខ្លះនៅអារ៉ាប់ នឹងគាំទ្រព្រះអង្គដែរ ។ ជាមួយគា្ននោះ ប្រទេសភាគច្រើននៅអាហ្វ្រ៊ិក ក៏ដូចគ្នានេះដែរ។ នៅពេលខាងមុខនឹងមានប្រទេសកាន់តែច្រើនឡើងៗ គាំទ្រដល់បុព្វហេតុតស៊ូដ៏ត្រឹមត្រូវរបស់ព្រះអង្គ ។ ប៉ុន្តែសម្ដេចសីហនុ បានប្រាប់ទៅនាយករដ្ឋមន្ត្រីចិន វិញថា មានបញ្ហាមួយដែលធ្វើឱ្យ ព្រះអង្គមានអារម្មណ៍មិននឹងនរសោះនោះ គឺ ជា សាន (ឯកអគ្គរដ្ឋទូតខ្មែរ ប្រចាំក្រុងមូស្គូ) បានទូលព្រះអង្គថា គោលជំហររបស់សហភាពសូវៀត នៅពេលនេះ ស្ថិតនៅក្នុងការប្រយ័ត្នប្រយែងក្នុងការគាំទ្រដល់ការបង្កើតចលនាតស៊ូរបស់ព្រះអង្គនៅឡើយ ហើយបណ្តាប្រទេសសង្គមនិយមមួយចំនួននៅអឺរ៉ុប ក៏កំពុងតែមានគោលជំហរដូចសហភាពសូវៀត ដែរ។ ជូ អេនឡាយ បញ្ជាក់ប្រាប់ សម្ដេចសីហនុ វិញថា សហភាពសូវៀត តែងតែមានជំហរបែបនេះ មិនមែនតែលើបញ្ហាប្រទេសកម្ពុជា ប៉ុណ្ណោះទេ គឺបញ្ហានៅវៀតណាម ក៏ដូច្នេះដែរ ។ ប៉ុន្តែ នៅពេលដែលភាគីទាំង៣ (កម្ពជា វៀតណាម លាវ) ចេញសេចក្តីប្រកាសរួមនោះ សហភាពសូវៀតប្រាកដ ទទួលការអាម៉ាស់ និងធ្វើការពិចារណាគោលពីជំហររបស់ខ្លួនឡើងវិញនាពេលខាងមុខនេះ ជាមិនខាន។ នៅថ្ងៃទី២៧ ខែមីនា ពួកបាតុករគាំទ្រសម្ដេចសីហនុ បាតុករមកពីស្រុកចំការលើ និងស្រុកព្រៃឈរ ជាច្រើនរយនាក់ ដោយមានលោកតាឆ្លឺម នៅវត្តទែប ជាអ្នកនាំមុខ បាននាំគ្នាចាប់រថយន្តឈ្នួល ជិះដង្ហែក្បួនតាមផ្លូវជាតិលេខ៦អា ឡើងមកទីក្រុងភ្នំពេញ យ៉ាងគគ្រឹកគគ្រេង។ ពេលទៅដល់ខាងកើតគល់ស្ពានជ្រោយចង្វា ពួកទាហានលន់ នល់ បានមករារាំងដំណើរ និងឱ្យវិលត្រលប់ទៅក្រោយវិញដែរ។ ប៉ុន្ដែ ក្រុមបាតុករនៅតែសម្រុកឆ្លងស្ពានបន្តដំណើរទៅមុខទៀត។ ពេលនោះពួកទាហានលន់ នល់ ក៏បង្ខំចិត្តដកថយមកនៅពាក់កណ្តាលស្ពានជ្រោយចង្វា ឱ្យពួកបាតុករថយក្រោយវិញ តែពួកបាតុករនៅតែចចេស រឹងរូស ពួកទាហានលន់ នល់ ក៏ចាប់ផ្តើមបាញ់រះទៅលើហ្វូងបាតុករដោយគ្មានត្រាប្រណី បណ្តាលឱ្យស្លាប់ប្រមាណ ៣០នាក់ និងរងរបួសជាច្រើនទៀត ទើបក្រុមបាតុករបង្ខំចិត្តនាំគ្នារត់ថយក្រោយវិញ។ ក្នុងចំណោមបាតុករទាំងអស់នោះ មានកម្មករចម្ការកៅស៊ូប្រមាណ២០០នាក់ បាននាំគ្នាជិះរថយន្ត១២បាំង ៣គ្រឿង ត្រឡប់ទៅវិញ ។ ប៉ុន្តែទៅដល់ព្រៃទទឹង និងត្រើង ឃើញពួកទាហានលន់ នល់ ត្រៀមនៅទីនោះទៀត ក៏នាំគ្នាចុះពីលើរថយន្ត រត់រប៉ាត់រប៉ាយបែកខ្ញែកគ្នា យកតែព្រះអាយុតែរៀងៗខ្លួន។ ថ្ងៃទី២៧ ខែមីនា នោះដែរ បុគ្គលិកស្ថានទូតវៀតកុង-វៀតណាមខាងជើង ដែលរងការវាយប្រហារកាលពីថ្ងៃទី១១ មីនា នោះ បានចាកចេញពីទីក្រុងភ្នំពេញទាំងអស់ ហើយទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងប្រទេសវៀតណាមកុម្មុយនិស្ត ក៏ត្រូវកាត់ផ្តាច់ត្រឹមនោះដែរ ។ នៅថ្ងៃទី២៨ ខែមីនា ក្រុមបាតុករគាំទ្រសម្ដេចសីហនុ នៅខេត្តកំពត និងខេត្តតាកែវ បានជិះរថយន្តហែក្បួនមកតាមផ្លូវជាតិលេខ៣ មកដល់ទីប្រជុំជនអង្គតាសោម ក៏នាំគ្នាឡោមព័ទ្ធសាលាស្រុកត្រាំកក់ ក្នុងបំណងវាយកម្ទេចសាលាស្រុកនោះចោល។ វរសេនីយ៍ទោហ៊ុន នឹម មេបញ្ជាការតំបន់សឹករងខេត្តតាកែវ បានដឹកនាំកម្លាំងមករារាំង និងមិនឱ្យបន្តដំណើរទៅទីក្រុងភ្នំពេញ ទៀត។ តែក្រុមបាតុករដែលមានតែកាំបិតពូថៅ និងដំបងនៅដៃ នាំគ្នាសម្រុក ទៅមុខទៀត ជាមួយសម្រែកខ្លាំងៗ និងព្រមៗគ្នា៖ ” ជយោ! សម្តេចឪ ៗ ៗ” ដោយទឹកចិត្តស្វាមីភក្តិបំផុត។ ពេលនោះ ពួកទាហានលន់ នល់ ក៏បានបើកការវាយបង្ក្រាបក្រុមបាតុកម្មដោយមានអន្តរាគមន៍ពីរថពាសដែកផង បណ្ដាលឱ្យបាតុកររាប់សិបនាក់បាត់បង់ជីវិត និងរងរបួស ហើយនាំគ្នារត់ខ្ចាត់ខ្ចាយអស់ ។
ចំណែកក្រុមបាតុករ មកពីខេត្តព្រៃវែង និងស្វាយរៀង ក៏បានហែក្បួនរថយន្តតាមផ្លូវជាតិលេខ១ មកដល់រោងចក្រក្តារបន្ទះដីឥដ្ឋ(ស្រុកកៀនស្វាយ)ដែរ តែត្រូវពួកទាហានដែលស្ទាក់រង់ចាំផ្លូវនៅទីនោះ បាញ់ឱ្យស្លាប់ និងរបួសរត់ខ្ចាត់ខ្ចាយទៅក្រោយអស់វិញ។ ក្រោយពីសម្ដេចសីហនុ ប្រកាសបង្កើតរណសិរ្យរួបរួមជាតិកម្ពុជា នៅថ្ងៃទី២៣ ខែមីនា និងអំពាវនាវឱ្យប្រជារាស្រ្តខ្មែរ ចូលព្រៃម៉ាគី ធ្វើសង្រ្គាមតស៊ូប្រឆាំងនឹងពួកក្បត់លន់ នល់ មក នៅថ្ងៃទី២៦ ខែមីនា ខៀវ សំផន, ហ៊ូ យុន និងហ៊ូ នឹម ក្នុងនាមជាមេដឹកនាំផ្លូវការនៃចលនាខ្មែរក្រហម ដែលមានមូលដ្ឋានតស៊ូនៅក្នុងប្រទេសកម្ពុជា បានចុះហត្ថលេខារួមគ្នាមួយលើសារលិខិតមួយថ្វាយទៅសម្ដេចសីហនុ ដើម្បីគាំទ្រការបង្កើតរណសិរ្សរួបរួមជាតិកម្ពុជា នោះ។ ខៀវ សំផន ហ៊ូ នឹម និង ហ៊ូ យន់ ដែលមជ្ឈដ្ឋានភាគច្រើនយល់ថា សម្ដេចសីហនុ បានឱ្យគេយកទៅសម្លាប់ចោលអស់ហើយ តាំងពីឆ្នាំនោះ បានចេញសេចក្តីប្រកាសតាមវិទ្យុក្រុងប៉េកាំង សម្ដែងនូវការគាំទ្រចំពោះការអំពាវនាវរបស់សម្តេចសីហនុ និងបំផុសឱ្យប្រជារាស្ត្រខ្មែរងើបឡើងតស៊ូប្រឆាំង នឹងពួកក្បត់លន់ នល់ សិរិមតៈ ។ តែក្រោយពីបានឮខៀវ សំផន ហ៊ូ នឹម និង ហ៊ូ យន់ ប្រកាសគាំទ្រចំពោះការអំពាវនាវរបស់សម្តេចសីហនុ ពួកមេដឹកនាំរដ្ឋប្រហារនៅទីក្រុងភ្នំពេញ បានបដិសេធថា គ្មាន ខៀវ សំផន, ហ៊ូ យន់ និងហ៊ូ នឹម ណានៅរស់ទៀត ទេ ព្រោះសម្ដេចសីហនុ បានយកពួកនេះទៅសម្លាប់ចោល តាំងពីឆ្នាំ១៩៦៧ មកម៉្លេះ ។ ជាមួយគ្នានោះដែរ រដ្ឋាភិបាលលន់ នល់ បានឱ្យគេចាក់ផ្សាយនូវបទសម្ភាសន៍របស់ខៀវ សេងគីម ជាប្អូនប្រុស របស់ខៀវ សំផន ដែលបានចេញមុខអះអាងថា ខៀវ សំផន ជាបងប្រុសគាត់ ត្រូវសម្ដេចសីហនុ ឱ្យគេយកទៅសម្លាប់ចោលនៅឯខេត្តកំពង់ស្ពឺ តាំងពី៣ឆ្នាំមុននោះទៀតផង។ ក្រោយរដ្ឋប្រហារ ថ្ងៃ១៨ ខែមីនា តែ២ ថ្ងៃប៉ុណ្ណោះ ដោយមានទីប្រឹក្សាយោធាអាមេរិក ជាអ្នករៀបចំប្រតិបត្តិការផងដែរ កងទ័ពខ្មែរកម្ពុជាក្រោម ដែលអ្នកខ្លះហៅថា កងទ័ពកន្សែងស ឬអ្នកខ្លះហៅថា កងទ័ពម៉ៃហ្វ័ស (May Force) ដែលសហរដ្ឋអាមេរិក ជួយបង្កើតឡើងនោះ បានសហការជាមួយកងទ័ពរដ្ឋការវៀតណាមខាងត្បូង (កងទ័ពធីវគី) ក៏បានចាប់ផ្ដើមចូលមកក្នុងទឹកដីខ្មែរ ដើម្បីបើកការវាយប្រហារជាទ្រង់ទ្រាយធំទៅលើកងទ័ពវៀតកុង-វៀតណាមខាងជើង ។ កងទ័ពរដ្ឋការវៀតណាមខាងត្បូង បានបើកការវាយប្រហារចូល មកកម្ទេចកងទ័ពវៀតកុង-វៀតណាមខាងជើង នៅក្នុងខេត្តស្វាយរៀង ។ ចំណែកនៅខេត្តកណ្ដាល យន្តហោះចម្បាំងរបស់កងទ័ពរដ្ឋការវៀតណាមខាងត្បូង បានហោះមកទម្លាក់គ្រាប់បែកទៅលើទីតាំងកងទ័ពវៀតកុង – វៀតណាមខាងជើង នៅតាមបណ្ដោយព្រំដែនដែរ។ ពេលនោះ កងទ័ពវៀតកុង-វៀតណាមខាងជើង មួយកងអនុសេនាធំ ក៏បានបើកការវាយប្រហារ មកលើបន្ទាយ ទាហានលន់ នល់ នៅក្បែរព្រំដែននោះ ហើយមេទាហានខ្មែរនៅបន្ទាយនោះ ក៏បានសុំជំនួយតាមវិទ្យុទាក់ទងទៅកងទ័ពរដ្ឋការវៀតណាមខាងត្បូង ឱ្យជួយធ្វើអន្តរាគមន៍។ បន្តិចក្រោយមក កងកាំភ្លើងធំរបស់កងទ័ពរដ្ឋការវៀតណាមខាងត្បូង ក៏ចាប់ផ្តើមបាញ់ផ្លោងមកលើកងទ័ពវៀតកុង-វៀតណាមខាងជើង ឱ្យបង្ខំចិត្តដកថយវិញអស់។ ប៉ុនែ្ត មិនយូរប៉ុន្មានកងទ័ពវៀតកុង-វៀតណាមខាងជើង ក៏បាន ធ្វើការសាកល្បងវាយប្រហារមកលើប៉ុស្តិ៍ទាហានខ្មែរ ដែលនៅក្នុងខេត្តកណ្តាលនោះជាថ្មីម្តងទៀត ដោយបើកម្លាំង ច្រើនជាងមុន ។ មេទាហានលន់ នល់នៅទីនោះ ក៏សុំជំនួយតាមវិទ្យុទាក់ទងជាថ្មីម្តងទៀតពីយន្តហោះចម្បាំងអាមេរិក មកទម្លាក់ គ្រាប់បែកកម្ទេចពួកវៀតកុង-វៀតណាមខាងជើង ឱ្យដកថយវិញអស់ ។ នៅថ្ងៃទី២៧ ខែមីនា កងទ័ពរដ្ឋការវៀតណាមខាងត្បួង មួយកងវរសេនាតូច ដោយមានការគាំទ្រពី កងឧទ្ធម្ភាគចក្រអាមេរិក ផង បានបើកការវាយប្រហារទៅលើកងទ័ពវៀតកុង-វៀតណាមខាងជើង ចូលមកក្នុងទឹកដីខ្មែរចម្ងាយជាង៣គីឡូម៉ែត្រ និងបានសម្លាប់ខ្មាំងសត្រូវរបស់គេ៥៣នាក់។ មួយថ្ងៃក្រោយមកទៀត ទីប្រឹក្សាយោ
ធាអាមេរិក វរសេនីយ៍ អ៊ីណេស ធើរ៉ែល(Eanest Terrell)បានជួបពិភាក្សាគ្នា ជាមួយមេទាហានលន់ នល់ នៅក្បែរតំបន់ព្រំដែន ពីបញ្ហាបើកប្រតិបត្តិការសឹករួមគ្នា។ ប៉ុន្តែ កងទ័ពវៀតកុង-វៀតណាមខាងជើង បានបង្កើនការវាយប្រហារទៅលើពួកទាហានលន់ នល់ នៅទូទាំងប្រទេស ពិសេសគឺនៅក្នុង បណ្ដាខេត្តទាំងឡាយនៅប៉ែកខាងត្បូង និងខាងកើតប្រទេស ។ នៅខេត្តព្រៃវែង កងទ័ពវៀតកុង-វៀតណាមខាងជើង បានឆ្លងពីក្នុងទឹកដីប្រទេសវៀតណាមខាងត្បូង ចូលមក ស្រុកកំពង់ត្របែក និងស្រុកព្រះស្តេច វាយយកទីតាំងទាហានលន់ នល់ ផង និងសហការគ្នាជាមួយពួកខ្មែរក្រហម បង្កើតកងទ័ពតស៊ូផង។ តាមការអំពាវនាវរបស់សម្ដេចសីហនុ តាមវិទ្យុក្រុងនៅប៉េកាំង មានអ្នកស្ម័គ្រចិត្តចំនួន៧០០នាក់ បាននាំគ្នារត់ ចូលព្រៃម៉ាគី ដែលមាននៅទីតាំងមូលដ្ឋានតស៊ូនៅក្នុងឃុំពាមមន្ទារ ស្រុកកំពង់ត្របែក បង្កើតបានជាកងទ័ពមួយ វរសេនាតូច ដោយមានកងទ័ពវៀតកុង-វៀតណាមខាងជើង ជាអ្នកជួយបង្ហាត់បង្រៀនក្បួនយុទ្ធសាស្ត្រ ។ នៅតាមបណ្តាខេត្តផ្សេងៗទៀត ក៏មានយុវជនជាច្រើនបាននាំគ្នារត់ចូលព្រៃម៉ាគី ទៅចូលរួមជាមួយពួកខ្មែរក្រហម និងពួកវៀតកុង-វៀតណាមខាងជើង ប្រយុទ្ធតស៊ូដើម្បីឱ្យសម្ដេច សីហនុ បានត្រលប់មកកាន់អំណាចវិញដែរ ៕
ដោយ ៖ ឈីម សេរីភុន អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ