សារព័ត៌មាន យ៉នហាប់ របស់កូរ៉េខាងត្បូង បានផ្សាយនៅថ្ងៃទី០៣ ខែសីហា ថា កូរ៉េខាងជើងបានបាញ់មីស៊ីលចូលទៅកាន់តំបន់សមុទ្រភាគខាងកើតប្រទេសនេះ។ ការបាញ់មីស៊ីលខាងលើចំពេលដែលអាមេរិកត្រៀមដាក់មីស៊ីល THAAD នៅកូរ៉េខាងត្បូង ដើម្បីការពារការវាយប្រហារដោយមីស៊ីលពីកូរ៉េខាងជើង។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកបានបញ្ចាក់ថា អាមេរិកទទួលបានព័ត៌មានស្តីពីការបាញ់មីស៊ីលខាងលើ ហើយអាមេរិកបានថ្កោលទោសយ៉ាងខ្លាំងនៅសកម្មភាពបាញ់មីស៊ីលនោះ។
លោកស្រី Richey Allen អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកបញ្ចាក់ទៀតថា អាមេរិកបានត្រៀមខ្លួនជានិច្ចដើម្បីការពារសម្ព័ន្ធមិត្តរបស់ខ្លួន គេចផុតពីការគម្រាមកំហែងរបស់កូរ៉េខាងជើង។ ការបាញ់សាកល្បងគ្រាប់មីស៊ីលឆ្លងទ្វីបខាងលើបានធ្លាក់ចូលក្នុងដែនទឹកជប៉ុនជាលើកដំបូង ហើយក៏ជាការបាញ់សាកល្បងរំលោភលើដំណោះស្រាយក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិចុងក្រោយដែរ បន្ទាប់ពីខ្លួនបានបាញ់មីស៊ីល ២គ្រាប់ កាលពីថ្ងៃទី១៩ ខែកក្កដា កន្លងទៅ។
សារព័ត៌មាន Channel News Asia បានដកស្រង់ប្រភពព័ត៌មានពីក្រសួងការពារជាតិជប៉ុនបន្ដទៀតថា គ្រាប់មីស៊ីលឆ្លងទ្វីបបានធ្លាក់ក្នុងតំបន់សេដ្ឋកិច្ចជប៉ុន ដែលសកម្មភាពនេះបានបង្កឲ្យមានភាពតានតឹងក្នុងតំបន់ដែលកំពុងកើនកម្ដៅស្រាប់ហើយនោះ បន្ទាបពីអាមេរិកបានបំពាក់ប្រព័ន្ធការពារគ្រាប់មីស៊ីលនៅក្នុងប្រទេសកូរ៉េខាងត្បូង។
កូរ៉េខាងជើងបានបាញ់ក្រាប់មីស៊ីលឆ្លងទ្វីបនៅម៉ោង៧និង៥០នាទីព្រឹកថ្ងៃពុធ ទី០៣ ខែសីហា នេះ ជាមួយនឹងការ បាញ់គ្រាប់មីស៊ីលឆ្លងទ្វីបនេះដែរ នាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ីនហ្ស៊ូ អាបេ បានលើកឡើងថា “ជាសកម្មភាពបង្ក ជម្លោះ” ជាមួយនឹងជប៉ុន ហើយក្រុងតូក្យូបានសម្ដែងការប្រឆាំងដាច់ខាត៕
ប្រែសម្រួល៖ ម៉ែវ សាធី