ខេត្តស្វាយរៀង៖ ក្រុមឈ្មួញបានដឹក សាច់គោ សាច់ជ្រូក ពោះគោពោះជ្រូក សាច់មាន់ គ្រឿងក្នុងមាន់ទា និងស៊ុតមាន់ ស៊ុតទា បន្លែ ចូលតាមច្រករបៀង ដូចគេ ហែកឋិនចូលក្រុងបាវិតរាល់ថ្ងៃតាមរ៉ឺម៉ក និងម៉ូតូតែពុំមានសមត្ថកិច្ចណាហាមឃាត់ទេ ពិសេសតាមច្រករបៀងកំពង់ស្ពានស្ថិតនៅក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ។
បើតាមឈ្មួញវៀតណាមម្នាក់បានឲ្យដឹងថា ខ្លួនគ្រាន់តែជាអ្នកស៊ីឈ្នួលដឹកឲ្យគេ ប៉ុណ្ណោះដោយមានគ្នាពី២០ម៉ូតូឡើងទៅ ដឹកទៅដាក់ផ្ទះថៅកែនៅជិតសណ្ឋាគារ មួយក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត សម្រាប់ផ្គត់ផ្គង់ឲ្យកាស៊ីណូឃីងក្រោនផង ។ ក្នុងនោះក៏មានឈ្មួញមួយចំនួនទៀតបានដឹកសាច់និងគ្រឿងក្នុងសត្វទៅផ្គត់ផ្គង់តាមកាស៊ីណូផ្សេងៗទៀតនិងនៅតាម ទីផ្សារ តាមហាងបាយ សរុបក្នុងក្រុងបាវិតមួយគឺមានចំនួនរាប់សិបតោនក្នុងមួយ ថ្ងៃៗ ។
ទាក់ទិនករណីឈ្មួញវៀតណាមដឹក ទំនិញត្រីសាច់ពោះគោពោះជ្រូក គេចពន្ធ ឆ្លងដែនខុសច្បាប់នេះដែរ មន្រ្តីពេទ្យសត្វ ក្រុងបាវិតបានឲ្យដឹងថា លោកបានដឹងដែរហើយធ្លាប់ហៅឈ្មួញជនជាតិវៀតណាមទាំងនោះមកអប់រំនិងឲ្យធ្វើកិច្ចសន្យាឈប់ដឹកទំនិញដើមកំណើតអំពីសត្វ (ស៊ុតមាន់ ស៊ុតទា សាច់ជ្រូកសាច់គោ សាច់មាន់ គ្រឿងក្នុងមាន់ទា ពោះគោពោះជ្រូក)ចូល មកតាមច្រករបៀងទៀត ។ ក៏ប៉ុន្តែមន្ត្រីពេទ្យ សត្វមិនអាចគ្រប់គ្រងនិងបង្រ្កាបបានទេ ដោយមានមន្រ្តីសមត្ថកិច្ចនគរបាលវរៈការពារព្រំដែន,មានទាហាននិងភាស៊ីឈរជើងតាមច្រករបៀងជាអ្នកអនុញ្ញាតឲ្យនាំចូលហើយដាក់កុងត្រូលជជុះយកប្រាក់ ទើប ពិបាកក្នុងការបង្ក្រាប ។
ចំណែកក្រុមអាជីវករវិញនិយាយថា ការណ៍ដែលឈ្មួញនាំសាច់ទាំងនេះចូលពីក្រៅព្រោះ ទីសត្តឃាតនៅក្រុងបាវិតមិនអាចផ្គត់ផ្គង់ទីផ្សារគ្រប់គ្រាន់ ពិសេសនៅ តាមហាងបាយឬ ហាងផឹកស៊ីត្រូវលក់គ្រឿងក្នុងមាន់ទា កោះថ្លើម ពោះតាន់ បេះដូងជ្រូកគោក្នុងមួយថ្ងៃរាប់តោន ។ ដូច្នេះអ្នកលក់ ត្រូវតែកុម្មង់ពីវៀតណាមទើបផ្គត់ផ្គង់នៅ តាមហាងនិងនៅតាមកាស៊ីណូបាន ។ ទោះបីជាយ៉ាងណាក៏ដោយការបណ្តែតបណ្តោយឲ្យឈ្មួញវៀតណាមដឹកសាច់ជ្រូកសាច់មាន់ពោះគោពោះជ្រូក និងទំនិញគ្រប់ប្រភេទឆ្លងដែនខុសច្បាប់តាមច្រករបៀងនេះគឺបានផ្គើននឹងសេចក្តីប្រកាសរបស់សម្តេចលក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានប្រកាសឲ្យបិទគ្រប់ច្រករបៀងទាំងអស់មិនអនុញ្ញាតឲ្យនាំទំនិញចូលតាមច្រករបៀងទៀត ឡើយ ។
បញ្ហានេះប្រជាពលរដ្ឋសំណូមពរដល់មន្ត្រីកាំកុងត្រូលខេត្តមេត្តាចុះទៅត្រួតពិនិត្យផងព្រោះសាច់ដែលនាំចូលទាំងអស់នេះអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋ ដោយសារ គ្មានការត្រួតពិនិត្យពីសមត្ថកិច្ចជំនាញ ព្រោះតែថ្នូរនឹងការ យកលុយ ៕
ដោយ៖ យឹម សុថាន