សាលាដំបូងខេត្តព្រះសីហនុ ប្រកាស​ព័ត៌មាន​ស្ដីពីចំណាត់ការលើសំណុំរឿងពាក់ព័ន្ធករណីហិង្សាដោយចេតនា និងធ្វើឱ្យខូចខាតដោយចេតនា(មានស្ថានទម្ងន់ទោស) បង្កឡើងដោយក្រុមក្មេងទំនើង ១ក្រុម មានគ្នាប្រហែល ១០នាក់

ចែករំលែក៖

ខេត្ត​ព្រះសីហនុ​៖​ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ នៅរសៀល​ថ្ងៃ​ទី​២៦​ ខែសីហា​ ឆ្នាំ​២០២៤នេះ​ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជន មេត្តាជ្រាបថា៖​ អយ្យការអមសាលាដំបូងខេត្តព្រះសីហនុ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ បានទទួល និងចាត់ការ សំណុំរឿងព្រហ្មទណ្ឌ ពាក់ព័ន្ធនឹងករណី ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឱ្យខូចខាតដោយចេតនា មានស្ថានទម្ងន់ទោស (ប្រព្រឹត្តដោយគ្នាច្រើននាក់) នៅចំណុចរង្វង់មូលព្រះថោងនាងនាគ ក្នុងភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ បង្កឡើងដោយជនសង្ស័យជាក្រុមក្មេងទំនើង ០១ក្រុម មានគ្នាប្រហែល ១០នាក់ ជិះម៉ូតូ ៥ ទៅ ៦គ្រឿង ប្រដាប់ដោយដាវ និងមួកសុវត្ថិភាព។

នៅពេលកើតហេតុ ក្រុមជនសង្ស័យមានឈ្មោះ ម៉ម បញ្ញា, ឈ្មោះ យឿន វុធហេង និងបក្ខពួក បានធ្វើសកម្មភាពវាយទៅលើជនរង គ្រោះ យ៉េត វណ្ណៈ និងឈ្មោះ ឡា ដោយប្រើមួកសុវត្ថិភាព ខណៈពេលក្រុមពួកគេឃើញជនរងគ្រោះកំពុងអង្គុយ ហូបប្រហិតនៅចំណុចកើតហេតុខាងលើ បណ្តាលឱ្យជនរងគ្រោះឈ្មោះ យ៉េត វណ្ណៈ រងរបួសត្រង់ស្មា, កញ្ចឹងក និង ត្រូវចំឆ្អឹងជំនី ចំណែកឈ្មោះ ឡា រងរបួសដៃ ហើយក្រុមជនសង្ស័យក៏បានជិះម៉ូតូគេចខ្លួនបាត់អស់។ បានប្រហែល មួយសន្ទុះ ក៏ស្រាប់តែក្រុមជនសង្ស័យដដែលនាំគ្នាជិះម៉ូតូត្រឡប់មកកន្លែងកើតហេតុវិញ ប្រដាប់ដោយដាវ ហើយ បានកាប់ទៅលើម៉ូតូរបស់ជនរងគ្រោះបណ្តាលឱ្យរងការខូចខាត ហើយក៏គេចខ្លួនបាត់អស់ម្តងទៀត។

បន្ទាប់ពីកើត ហេតុ និងដោយមានបណ្ដឹងពីជនរងគ្រោះ កម្លាំងសមត្ថកិច្ចជំនាញ បានបើកការស៊ើបអង្កេត ស្រាវជ្រាវ រហូតឈាន ដល់ឃាត់ខ្លួនបានជនសង្ស័យចំនួន ០២នាក់ ឈ្មោះ ម៉ម បញ្ញា ភេទប្រុស កើតឆ្នាំ២០០៤ និងឈ្មោះ យឿន វុធហេង ភេទប្រុស កើតឆ្នាំ២០០៧ ចំណែក បក្ខពួកមួយចំនួនទៀត កំពុងគេចខ្លួន។

...

ក្រោយពីតំណាងអយ្យការ បានទទួល និងពិនិត្យលើសំណុំរឿងនេះ ព្រមទាំងផ្អែកទៅលើភស្តុតាងពាក់ព័ន្ធ នៅក្នុងសំណុំរឿង បានសម្រេចបើកការចោទប្រកាន់លើជនសង្ស័យចំនួន ០២នាក់ ព្រមទាំងបក្ខពួកមួយចំនួនទៀត (គេចខ្លួន) បញ្ជូនទៅចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ពីបទ៖​ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស (ប្រព្រឹត្តដោយគ្នា ច្រើននាក់) តាមបញ្ញត្តិមាត្រា ២១៨ និងមាត្រា ៤១១ នៃក្រមព្រហ្មទណ្ឌ តាមរយៈដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរ លេខ ៩៣៨ អ.យ.ឈ/២៤ ចុះថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print