ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ហែម ថា មេបញ្ជាការកងពលតូចលេខ៧០ នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ បានទទួលស្វាគមន៍ដំណេីទស្សនៈកិច្ចរបស់គណៈប្រតិភូនាយទាហានវ័យក្មេងនៃកងទ័ពប្រជាជនវៀតណាម ដឹកនាំដោយលោកវរសេនីយ៍ឯក ជិន ហ៊ីវយុង អនុប្រធានផ្នែកសម្ព័ន្ធយុវជនកងទ័ព អគ្គស្នងការនយោបាយនៃកងទ័ពប្រជាជនវៀតណាម នៅទីបញ្ជាការកងពលតូចលេខ៧០។
លោកឧត្តមសេនីយ៍ឯក ហែម ថា មានប្រសាសន៍ថា ដំណេីទស្សនៈកិច្ចនេះបានពង្រឹងកិច្ចសហប្រតិបត្តិការយោធារវាងកម្ពុជា-វៀតណាមអោយកាន់តែល្អប្រសើរ ក៏ដូចជាការផ្លាស់ប្តូរបទពិសោធន៍ នាយទាហានវ័យកេ្មងរវាងប្រទេសកម្ពុជា-វៀតណាមផងដែរ។
មេបញ្ជាការកងពល បានបន្តទៀតថា ទស្សនៈកិច្ចប្រកបដោយភាពស្និតស្នាលនេះ ធ្វើឡើងដើម្បីទំនាក់ទំនងល្អនូវកិច្ចសហប្រតិបត្តិការរវាងកងទ័ព នៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម និយាយជារួម និងបង្កើនចំណងសាមគ្គីភាពជាមួយកងពលតូចលេខ៧០។
ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក ហែម ថា ក៏បានជម្រាបជូនប្រតិភូ អំពីសមិទ្ធផលសំខាន់ៗ ដែលកងពលតូចលេខ៧០សម្រេចបាននាពេលកន្លងមក។ ជាពិសេសដើម្បីជាការចែករំលែកបទពិសោធន៍ឲ្យគ្នាទៅវិញទៅមក រវាងកងទ័ពនៃប្រទេសទាំងពីរ ក្នុងភាពជាមិត្ត និងបងប្អូនដ៏ល្អរវាងគ្នានិងគ្នា៕