លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ចូលជួបពិភាក្សាការងារទ្វេភាគីជាមួយលោក លី ស៊ូឡី រដ្ឋមន្ត្រីក្រសួងឃោសនាការនៃគណកម្មាធិការមជ្ឍិមបក្សកុម្មុយនីស្តចិន

ចែករំលែក៖

ប្រទេសចិន ៖ លោក ហ៊ុន ម៉ានី សមាជិកគណៈចិន្ត្រៃយនៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ អញ្ជើញចូលជួបពិភាក្សាការងារទ្វេភាគីជាមួយលោក លី ស៊ូឡី សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្ត្រីក្រសួងឃោសនាការនៃគណកម្មាធិការមជ្ឍិមបក្សកុម្មុយនីស្តចិន នាពេលព្រឹក ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤។ នេះបើយោងតាមការបញ្ជាក់លើផេកផ្លូវការ របស់ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤។

ក្នុងជំនួបពិភាក្សាការងារនេះ ថ្នាក់ដឹកនាំទាំងពីរបានបង្ហាញសេចក្តីសោមនស្សរីករាយ ក្នុងឱកាសនៃការជួបគ្នាជាថ្មីម្តងទៀត បន្ទាប់ពីបានជួបគ្នាម្តងនៅក្នុងពេលដែលលោក លី ស៊ូឡី បានអញ្ជើញមកបំពេញទស្សនកិច្ចនៅខេត្តសៀមរាមកាលពីដើមឆ្នាំ២០២៤ កន្លងទៅនេះ។
សូមបញ្ជាក់ថា ៖ ភាគីទាំងពីរបានពិភាក្សាផ្លាស់ប្តូរបទពិសោធន៍លើកិច្ចការងារផ្សព្វផ្សាយ និងការងារសាធារណមតិរបស់មហាជន ដែលបាន និងកំពុងមានឥទ្ធិពល តាមរយៈការប្រើប្រាស់បណ្តាញសង្គម និងប្រព័ន្ធបច្ចេកវិទ្យាជាមធ្យោបាយ។
ជាមួយគ្នានេះ ដោយមានការយល់ច្បាស់ពីតួនាទីនៃក្រសួងឃោសការ ក៏ដូចជាកិច្ចសហប្រតិបត្តិការកន្លងមកក្នុងក្របខណ្ឌគណបក្ស និងគណបក្ស លោកឧបនាយករដ្ឋមន្ត្រី ក៏បានរំលេចពីភាពប្រទាក់ក្រឡានៃកិច្ចការងារសាធារណមតិ និងការងារមហាជន ដែលគណៈចលនាមហាជន បាន និងកំពុងតាមដាន និងក្តាប់ស្ថានភាពជាប់ជាប្រចាំ ហើយព្រមទាំងបានគូសបញ្ជាក់ពីសារៈសំខាន់ ក្នុងការបន្តពិភាក្សា ដកស្រង់បទពិសោធន៍ និងរៀនសូត្រពីគ្នាទៅវិញទៅមករវាងភាគីទាំងពីរ លើវិធីសាស្ត្រ និងយន្តការដើម្បីអនុវត្តកិច្ចការងារមហាជន និងសាធារណមតិ នេះឲ្យកាន់តែមានប្រសិទ្ធភាព។
សូមជម្រាបជូនថា តាមរយៈជំនួបនាពេលនេះ ក៏នឹងរួមចំណែកពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការកម្ពុជា ចិន អោយកាន់តែរីកចម្រើនមួយកម្រិតបន្ថែមទៀត។
សូមជម្រាបជូនថា ៖ នារាត្រីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ដឹកនាំប្រតិភូមុខងារសាធារណៈកម្ពុជា អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិន តបតាមការអញ្ជើញរបស់លោក XU Qifang អនុរដ្ឋមន្ត្រីក្រសួងចាត់តាំង នៃមជ្ឈិមបក្សកុម្មុយនីស្ត និងជាប្រធានរដ្ឋបាលមុខងារសាធារណៈចិន។ ដំណើរទស្សនកិច្ចនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦-៣០ ខែសីហា ឆ្នាំ២០២៤ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print