អ្នកឃ្លាំមើលនិងការពារឯកសារ របស់ហូឡង់ (DPA) បាននិយាយនៅថ្ងៃចន្ទ (២៦ សីហា) ថា ក្រុមហ៊ុនតាក់ស៊ី Uber ត្រូវបានពិន័យជាប្រាក់ចំនួន ២៩០ លានអឺរ៉ូ (៣២៤ លានដុល្លារអាមេរិក) នៅក្នុងប្រទេសហូឡង់ ដោយសារតែពួកគេបានបញ្ជូនទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកបើកតាក់ស៊ីអឺរ៉ុបទៅកាន់សហរដ្ឋអាមេរិក ដោយបំពានច្បាប់របស់សហភាពអឺរ៉ុប។
អ្នកនាំពាក្យ Uber លោក Caspar Nixon បានប្រាប់រ៉យទ័រតាមអ៊ីមែលថា “ការសម្រេចចិត្តខុសនេះ និងការផាកពិន័យជាវិសាមញ្ញគឺមិនសមហេតុផលទាល់តែសោះ។ ដំណើរការផ្ទេរទិន្នន័យឆ្លងដែនរបស់ Uber គឺអនុលោមតាម GDPR ក្នុងអំឡុងពេល 3 ឆ្នាំនៃភាពមិនប្រាកដប្រជាដ៏ធំធេងរវាង អឺរ៉ុបនិងសហរដ្ឋអាមេរិក។ យើងនឹងប្តឹងឧទ្ធរណ៍ ហើយនៅតែមានទំនុកចិត្តថាសុភវិនិច្ឆ័យនឹងឈ្នះ។”
DPA បាននិយាយថា “Uber បានផ្ទេរទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកបើកតាក់ស៊ីអឺរ៉ុបទៅសហរដ្ឋអាមេរិក ហើយមិនបានការពារទិន្នន័យឱ្យបានត្រឹមត្រូវ” ។ នេះបង្កើតជាការបំពានយ៉ាងធ្ងន់ធ្ងរនៃបទប្បញ្ញត្តិការការពារទិន្នន័យទូទៅ (GDPR)” ។
ការស៊ើបអង្កេតនេះកើតឡើងដោយមានពាក្យបណ្តឹងរបស់អ្នកបើកតាក់ស៊ីជនជាតិបារាំងជាច្រើនរូប។
និយតករការពារទិន្នន័យជាតិរបស់បារាំង CNIL បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយថា ខ្លួនបានសហការជាមួយដៃគូរបស់ខ្លួននៅក្នុងប្រទេសហូឡង់ ដែល Uber មានមូលដ្ឋានធំនៅទីនោះ។ ចំណែក DPA បានបញ្ជាក់ថា Uber ឈប់បញ្ជូនទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកបើកតាក់ស៊ីអឺរ៉ុបទៅកាន់សហរដ្ឋអាមេរិកទៀតហើយ។