ភ្នំពេញ៖ លោកបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា អ.ដ.ក. បានចាប់ផ្តើមធ្វើការទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋ ចាប់ពីថ្ងៃទី១ ខែមីនា ហើយគិតមកត្រឹមថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ នេះ អ.ដ.ក. បានទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋចំនួន ១៩៨ ករណី (សំណុំរឿង) ប៉ុន្តែការដោះស្រាយវិវាទក្នុងក្របខ័ណ្ឌនៃ អ.ដ.ក. ទើបតែបានចាប់ផ្តើមនាថ្ងៃទី១ ខែកក្កដា នេះ បន្ទាប់ពីមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទបាននីតិសម្បទាស្របតាមច្បាប់។
ក្នុងរយៈពេល ៥៨ថ្ងៃនេះ (ចាប់ពីថ្ងៃទី១ ខែកក្កដា រហូតដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤) អ.ដ.ក. បានធ្វើការពិនិត្យ និងដោះស្រាយនូវសំណុំរឿងដែលបានទទួល ដោយក្នុងនោះ បានចេញលិខិតកោះអញ្ជើញគូភាគី ចំនួន ១៣៩ លិខិត និងចុះទៅសិក្សាស្រាវជ្រាវលើទីតាំងវិវាទដោយផ្ទាល់ចំនួន ៤ ករណី។
លោកអ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា ជាលទ្ធផល សំណុំរឿងចំនួន ១០ ត្រូវបានពិនិត្យ និងសម្រុះសម្រួលដោះស្រាយបញ្ចប់ដោយជោគជ័យ, សំណុំរឿងចំនួន ៣ ត្រូវបានលើកចោល ដោយសារខុសសមត្ថកិច្ច, សំណុំរឿងចំនួន ៤ ត្រូវបានបិទបញ្ចប់ ដោយសារភាគីមិនទទួលយកការសម្រុះសម្រួល រីឯសំណុំរឿងផ្សេងទៀតកំពុងស្ថិតក្នុងចំណាត់ការរបស់ អ.ដ.ក.៕ដោយ៖តារា