ខេត្តកោះកុង ៖ លោកស្រី មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង នៅរសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ បានបង្ហោះរូបតំបន់ទេសចរណ៍ នៅស្រុកស្រែអំបិល ជាច្រើនសន្លឹក ជាមួយទេសភាព ត្រជាក់ជាប់ចិត្តបំផុត ! ដោយលោកស្រីសំណេរថា ៖ តំបន់ទេសចរណ៍ធម្មជាតិដ៏ពេញនិយមសម្រាប់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដែលមានទីតាំងស្ថិតក្នុងស្រុកស្រែអំបិល ខេត្តកោះកុង។ លោកស្រីបន្តថា ៖ សូមបើកបរប្រកបដោយភាពទទួលខុសត្រូវនិងគោរពច្បាប់ចរាចរដើម្បីសុវត្ថិភាពទាំងអស់គ្នា ។
តំបន់ទេសចរណ៍រួមមាន ៖ កោះខ្យង ស្ថិតនៅស្រុកស្រែអំបិល ខេត្តកោះកុង គឺជារមណីយដ្ឋានធម្មជាតិដ៏ស្រស់ត្រកាល មានដើមដូងដុះពាសពេញ និងដុំថ្មតូចធំតាមមាត់ឆ្នេរ នៃកោះ ។
ចំពោះ« ស្ទឹងពពក » ជាតំបន់ទេសចរណ៍ និងស្អាតអស្ចារ្យ មួយទៀត ដែលមាន ទីតាំងនៅភូមិក្រាំងចេក ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង ។ ពពក រសាត់ដេដាសជាផ្ទាំងទស្សនីយភាពថ្មីមួយ សម្រាប់អ្នកទេសចរ ដែលបានទៅដល់ តំបន់« ស្ទឹងពពក » ។ ក្រៅពីនេះគេអាច គយគន់ទេសភាព ទឹកធ្លាក់ និងដងព្រែក អមដោយព្រៃព្រឹក្សា ដ៏ត្រឈឹងត្រឈៃត្រជាក់ ល្អឹមទៀតផង ។
ដើម្បីទៅដល់« ស្ទឹងពពក » គេត្រូវ ធ្វើដំណើរលើផ្លូវជាតិលេខ៤៨ ឆ្លងកាត់ ស្ពានស្រែអំបិល រួចធ្វើដំណើរប្រមាណ ១៥០ម៉ែត្រ បត់ស្ដាំតាមផ្លូវដីក្រហមឆ្ពោះទៅ ស្ថានីយវារីអគ្គិសនីគីរីរម្យ៣ ហើយត្រូវ បន្តដំណើរហួស វារីអគ្គិសនីប្រមាណ ១៥០ ម៉ែត្រ នោះនឹងដល់ផ្ទះប្រជាសហគមន៍ស្ទឹង ពពក ។ ភ្ញៀវទេសចរត្រូវជិះម៉ូតូឡើងភ្នំ ដែលដឹកដោយប្រជាសហគមន៍ឆ្ពោះទៅ ស្ទឹងពពកដែលមានចម្ងាយ៣,៥០០ ម៉ែត្រ ។
រមណីយដ្ឋានទេសចរណ៍ឆ្នេរនេសាទជាកន្លែងដ៏មានសក្តានុពលមួយដែរសម្រាប់ស្រូបទាញភ្ញៀវទេសចរណ៍ឱ្យមកទស្សនា និងសម្រាកលំហែកាយ ដែលជាឆ្នេរកំពុងមានប្រជាប្រិយភាព និងទទួលបានការចាប់អារម្មណ៍ច្រើនពីក្រសែភ្នែកភ្ញៀវទេសចរណ៍។ រមណីយដ្ឋានទេសចរណ៍ឆ្នេរនេសាទមានទីតាំងស្ថិតភូមិនេសាទ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល មានចម្ងាយប្រហែល២៥គីឡូម៉ែត្រ (ផ្លូវគ្រួសក្រហម) ពីចំណុចផ្លូវបំបែកស្រែអំបិល ពីក្រុងខេមរភូមិន្ទ ប្រហែល១៦៥គីឡូម៉ែត្រ និងប្រហែល១៧០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញប៉ុណ្ណោះ។
ឆ្នេរនេសាទ មានទឹកសមុទ្រខៀវស្រងាត់ បើនិយាយពីឆ្នេរខ្សាច់វិញមានពណ៌សក្បុស ថែមទាំងមានម្លប់ដើមដូងត្រជាក់ល្ហឹម សមជាទីកន្លែងស្រូបយកខ្យល់អាកាស និងមុជទឹកលេងកម្សាន្តជួបជុំគ្រួសារ មិត្តភក្ដិ ឬគូស្នេហ៍។ ស្ថិតក្នុងសភាពធម្មជាតិស្ទើរតែទាំងស្រុង ទីនេះប្រមូលផ្ដុំនូវបរិយាកាសសមុទ្រដ៏ស្រស់ត្រកាល។ សន្ធឹកទឹករលកយ៉ាងគគ្រាំ គឺជាតន្រ្ដីដ៏ពីរោះប្រគំដោយធម្មជាតិ ជួយបំពេអារម្មណ៍ភ្ញៀវទេសចរដែលទៅសម្រាកលំហែកាយ ទទួលបានអារម្មណ៍ស្រស់ថ្លា។ ចំណែកនៅចុងម្ខាងនៃឆ្នេរ រំលេចដោយដុំថ្មតូចធំក្រាលជាប់មាត់ច្រាំង។ ទិដ្ឋភាពនៅជ្រុងមួយនេះ ពិតជាមានសម្រស់ស្រស់ស្អាតមិនចាញ់ឆ្នេរខ្សាច់ប៉ុន្មានឡើយ។ ពេលទៅដល់ទីនោះ អ្នកទេសចរអាចទិញគ្រឿងសមុទ្រស្រស់ៗពីទូកនេសាទ ក្រោយរកបានភ្លាមៗ អ្នកនេសាទអែបកៀនលក់ឱ្យអ្នកស្រុក។ ចំពោះតម្លៃវិញ មានភាពសមរម្យខ្លាំង អាចឱ្យលោកអ្នករីករាយក្នុងការញ៉ាំអាហារ ក្លែមទេសភាពបៃតងស្រស់។ សម្រាប់អ្នកដំណើរខ្លះបានបោះតែនតិ៍គេងទីនោះ ឬជួលផ្ទះសំណាក់ក្បែរឆ្នេរ ហើយខ្លះទៀតអាចត្រឡប់មកផ្ទះវិញនាពេលល្ងាច និងមួយចំនួនទៀតអាចបង្ហួសទៅគោលដៅដទៃទៀតបានយ៉ាងងាយ៕
ដោយ ៖ សិលា