ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា មានប្រសាសន៍ថា ៖ ព្រះរាជាណាចក្រកម្ពុជា បានបោះជំហានគួរឱ្យកត់សម្គាល់ក្នុងការលើកកម្ពស់អក្ខរកម្ម ដោយបានផ្សារភ្ជាប់ អក្ខរកម្មទៅនឹងការអភិវឌ្ឍសង្គមសេដ្ឋកិច្ច និងការខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយភាពក្រីក្រ។ ជាក់ស្តែង កំណើន សេដ្ឋកិច្ចយ៉ាងឆាប់រហ័សរបស់ប្រទេសកម្ពុជា ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ គឺជាកត្តាសំខាន់ក្នុង ការបង្កើនប្រាក់ចំណូលពលកម្ម និងការលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាជនគ្រប់រូប។ ការកើនឡើង នៃសេដ្ឋកិច្ចនេះ ក៏បានជួយសម្រួលដល់ការផ្លាស់ប្តូររចនាសម្ព័ន្ធ ដោយផ្លាស់ប្តូរកម្លាំងពលកម្មពីវិស័យកសិកម្ម ទៅវិស័យផលិតកម្មនិងសេវាកម្ម។ ការផ្លាស់ប្តូរនេះ មិនត្រឹមតែនាំមកនូវផលិតភាពខ្ពស់និងប្រាក់ឈ្នួលកាន់តែ ប្រសើរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្កើតបរិយាកាសមួយ ដែលការងារអក្ខរកម្មត្រូវបានទទួលស្គាល់កាន់តែ ខ្លាំងឡើងថា ជាកត្តាជំរុញដ៏សំខាន់សម្រាប់បុគ្គលម្នាក់ៗ ក្នុងការចូលរួមយ៉ាងពេញលេញនៅក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ច។
សម្តេចធិបតី លើកឡើងថា ៖ យោងតាមការអង្កេតសេដ្ឋកិច្ចសង្គមកម្ពុជានៅឆ្នាំ២០២១ កម្ពុជាសម្រេចបានអត្រាអក្ខរកម្មសម្រាប់ មនុស្សពេញវ័យ ៨៤.៧% និងចំណុចដៅសម្រេចឱ្យបាន ៩១.៥% នៅឆ្នាំ២០២៨ ដូចមានចែងក្នុងផែនការ យុទ្ធសាស្ត្រវិស័យអប់រំឆ្នាំ២០២៤-២០២៨ ដែលទាមទារឱ្យមានការខិតខំប្រឹងប្រែងរួមគ្នាពីគ្រប់ភាគីពាក់ព័ន្ធ។
សម្តេចធិបតី បន្តថា ៖ ជាមួយនឹងការមកដល់ និងសារៈសំខាន់នៃឌីជីថលនីយកម្ម និងបញ្ញាសិប្បនិមិត្តនៅក្នុងការងារនិងការរស់ នៅប្រចាំថ្ងៃ តម្រូវឱ្យប្រជាពលរដ្ឋគ្រប់រូបចេះធ្វើការជាមួយនឹងព័ត៌មាននិងបច្ចេកវិទ្យា ដើម្បីទទួលបាននូវប្រយោជន៍ នៅក្នុងបរិយាកាសសេដ្ឋកិច្ចថាមវន្ត និងការការពារពីការគំរាមកំហែងនានា។ នៅក្នុងឱកាសដែលព្រះរាជាណាចក្រ កម្ពុជា ប្រារព្ធទិវាអក្ខរកម្មជាតិ និងចូលរួមអបអរសាទរទិវាអក្ខរកម្មអន្តរជាតិ ជារឿងសំខាន់ដែលយើងទាំងអស់គ្នា ត្រូវទទួលស្គាល់ថា អក្ខរកម្មនាពេលបច្ចុប្បន្ននេះ បានពង្រីកវិសាលភាពហួសពីការអាននិងការសរសេរតាមបែប ប្រពៃណី និងត្រូវទទួលយកវិមាត្រថ្មីនៃអក្ខរកម្មដែលរួមបញ្ចូលនូវភាពជាពលរដ្ឋសកល ការយល់ដឹងតាមបែប វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងតម្លៃនៃពិភពលោករបស់យើង។ ការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះការងារ អក្ខរកម្ម គឺមិនត្រឹមតែធានាឱ្យប្រជាពលរដ្ឋគ្រប់រូបមានសមត្ថភាពអាននិងសរសេរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបំពាក់បំប៉ននូវជំនាញនិងឱកាសសិក្សាពេញមួយជីវិត ដែលចាំបាច់សម្រាប់ការរស់នៅក្នុងពិភពលោកទំនើប ប្រកប ដោយបច្ចេកវិទ្យានិងវិទ្យាសាស្ត្រជឿនលឿន។
សម្តេចធិបតី បានបញ្ជាក់ថា ៖ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រសួងអប់រំ យុវជន និងកីឡា ដែលបានអនុវត្តកម្មវិធីកំណែទម្រង់ស៊ីជម្រៅសម្រាប់វិស័យអប់រំយ៉ាងមានប្រសិទ្ធភាព និងភាព លេចធ្លោ ក្នុងការអនុវត្តគោលនយោបាយលើកកម្ពស់ការអប់រំនិងអក្ខរកម្ម ៕