ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សូមព្រះបរមរាជានុញ្ញាតសម្តែងនូវ ព្រះរាជអំណរគុណថ្វាយចំពោះសម្តេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ ដោយព្រះអង្គទ្រង់សព្វព្រះរាជហឫទ័យប្រោសព្រះរាជទាន នូវព្រះរាជថវិកាព្រះអង្គផ្ទាល់ចំនួន ៣០.០០០$ (សាមសិបពាន់ដុល្លារអាមេរិក) ចំពោះ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែន» ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន។
សូមក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល
បពិត្រសម្តេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរជាអម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត!
តាងនាមរាជរដ្ឋាភិបាល និងក្នុងនាមទូលព្រះបង្គំជាខ្ញុំ សូមព្រះបរមរាជានុញ្ញាត សម្តែងនូវព្រះរាជអំណរគុណថ្វាយចំពោះ សម្តេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ ដោយព្រះអង្គទ្រង់សព្វព្រះរាជហឫទ័យប្រោសព្រះរាជទាននូវព្រះរាជថវិកាព្រះអង្គផ្ទាល់ចំនួន ៣០.០០០$ (សាមសិបពាន់ដុល្លារអាមេរិក) ចំពោះ «មូលនិធិកសាងហេដ្ឋា រចនាសម្ព័ន្ធតាមបណ្តោយព្រំដែន» ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន។
នាឱកាសដ៏មហានក្ខត្តឫក្សវិសេសវិសាលនេះ ទូលព្រះបង្គំជាខ្ញុំ សូមព្រះបរមរាជានុញ្ញាត លើកហត្ថប្រណម្យបួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតា និងបុណ្យបារមីនៃដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរ គ្រប់ព្រះអង្គ ជាពិសេសព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ សូមព្រះអង្គតាមជួយថែរក្សា និងប្រោះព្រំនូវ សព្ទសាធុកាពរជ័យគ្រប់ប្រការថ្វាយចំពោះ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ សូមទ្រង់ជួបប្រសព្វតែនឹងព្រះពុទ្ធពរដ៏ប្រពៃទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍តរៀងទៅ។
សូមសម្តេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់ព្រះមេត្តាទទួលនូវព្រះរាជភក្តីភាពដ៏ខ្ពង់ខ្ពស់បំផុតអំពីទូលព្រះបង្គំជាខ្ញុំ៕ ដោយ ៖ សិលា