ភ្នំពេញ ៖ ក្រសួងព័ត៌មាន នាពេលថ្មីនេះបានប្រកាសដាក់ឱ្យអនុវត្តនូវធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មានមួយនាថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤។ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាននេះរៀបចំឡើងដោយក្រសួងព័ត៌មាន ដោយប្រមូលមតិយោបល់ ពីអ្នកសារព័ត៌មាន និងសមាគមអ្នកសារព័ត៌មាននៅកម្ពុជា ក្នុងគោលបំណងរួមគ្នារៀបចំសណ្តាប់ធ្នាប់ និងលើកកម្ពស់គុណតម្លៃវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា។ នេះជាការបញ្ជាក់លើផេកផ្លូវការរបស់ ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ ។
ក្រសួងព័ត៌មានបញ្ជាក់ថា ៖ យោងតាមធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ជំពូកទី ៣ ស្តីពី សិទ្ធិ ករណីយកិច្ច និងការគាំពារ បានចែងថា អ្នកសារព័ត៌មាន និងអង្គភាពសារព័ត៌មាន៖
១) មានសិទ្ធិចុះយកព័ត៌មាន ស្វែងរកប្រភពព័ត៌មាននានា ដើម្បីផលិតនិងផ្សព្វផ្សាយព័ត៌មានគ្រប់ ទម្រង់ដោយសេរី និងគ្រប់ពេលវេលាប្រកបដោយសុវត្ថិភាព សម្រាប់ជាប្រយោជន៍ដល់ការរស់នៅប្រចាំថ្ងៃរបស់ ប្រជាពលរដ្ឋ និងការអភិវឌ្ឍសង្គមជាតិ។
២) មានសិទ្ធិមិនចុះផ្សាយព័ត៌មានដែលខុសនឹងវិជ្ជាជីវៈ មនសិការ និងឆន្ទៈរបស់ខ្លួន។
៣) មានសិទ្ធិសេរីភាពពេញលេញក្នុងការផ្សព្វផ្សាយព័ត៌មានពិត មានប្រភពច្បាស់លាស់ ដោយមិនបំពានសិទ្ធិបុគ្គល មិនបង្កការបង្ហូចកេរ្តិ៍ឈ្មោះ សេចក្ដីថ្លៃថ្នូររបស់អ្នកដទៃ។
៤) មានសិទ្ធិទទួលអត្ថប្រយោជន៍នានាក្នុងក្របខណ្ឌនៃការអនុវត្តគោលការណ៍ និងវិធានការគាំពារ របស់រាជរដ្ឋាភិបាល ឬឯកជន ក៏ដូចជាការបំពាក់បំប៉នជំនាញ និងការផ្ដល់ការគាំទ្រផ្នែកស្មារតីនិងសម្ភារៈ ក្នុង ការអនុវត្តតួនាទីនិងភារកិច្ចរបស់ខ្លួន។
៥) មានកាតព្វកិច្ចគោរពសិទ្ធិបុគ្គល និងគោលការណ៍ច្បាប់ជាធរមាន។ មិនត្រូវផ្សព្វផ្សាយព័ត៌មាន ដែលបង្កមហន្តរាយដល់សណ្ដាប់ធ្នាប់សាធារណៈ ប៉ះពាល់ដល់ស្ថិរភាពក្នុងសង្គម និងសន្តិសុខជាតិ។
៦) មានកាតព្វកិច្ចប្រកាន់ជំហរស្មោះត្រង់ ភាពសុចរិតត្រឹមត្រូវជានិច្ច មិនលម្អៀង ដោយរក្សាតុល្យភាព ព័ត៌មាន និងត្រូវផ្ដល់ឱកាសដល់គ្រប់ភាគីដែលពាក់ព័ន្ធក្នុងសាច់រឿង។
៧) ត្រូវបែងចែកឱ្យច្បាស់រវាងការផ្ដល់ព័ត៌មាន និងការបញ្ចេញមតិផ្ទាល់ខ្លួន ព្រមទាំងធានារាល់ការ បញ្ចេញមតិ ឬការរិះគន់ ត្រូវធ្វើឡើងដោយភាពថ្លៃថ្នូរ និងគោរពសិទ្ធិអ្នកដទៃ។
៨) មានកាតព្វកិច្ចរាយការណ៍ព័ត៌មាន ដោយមានប្រភពច្បាស់លាស់ ត្រូវផ្ទៀងផ្ទាត់ព័ត៌មាន និងចូលរួម ប្រឆាំងដំណឹងក្លែងក្លាយ ព័ត៌មានក្លែងបន្លំ ព័ត៌មានបំភ្លៃ និងព័ត៌មានភាន់ច្រឡំ។
និង៩) ត្រូវលើកកម្ពស់ការគោរពប្រពៃណី ទំនៀមទម្លាប់ និងកេរដំណែលវប្បធម៌ដូនតាខ្មែរ ព្រមទាំងចូល រួមថែរក្សានិងការពារអត្តសញ្ញាណ និងវប្បធម៌ជាតិ។
ចំពោះកាតព្វកិច្ចនិងការទទួលខុសត្រូវរបស់សារព័ត៌មាន, ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ក្នុងជំពូកទី៤ បានចែងថា ក្នុងក្របខណ្ឌនៃការងារប្រចាំថ្ងៃ អ្នកអនុវត្តសកម្មភាពក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ ត្រូវ ទទួលខុសត្រូវ៣ផ្នែកគឺ
១. ទំនួលខុសត្រូវសង្គម៖ បេសកកម្មក្នុងការផ្ដល់ព័ត៌មានផ្សារភ្ជាប់ជាមួយសិទ្ធិ កាតព្វកិច្ច និងការ ទទួលខុសត្រូវសង្គម។ ការផ្សាយព័ត៌មានត្រូវធានាការគោរពឯកជនភាព សេចក្ដីថ្លៃថ្នូរបុគ្គលក្នុងសង្គម ហើយ មិនត្រូវប៉ះពាល់ដល់សិទ្ធិអ្នកដទៃ ឬតម្លៃវិជ្ជាជីវៈ ដើម្បីការពារប្រយោជន៍និងទំនុកចិត្តសង្គមមកលើតួអង្គក្នុង វិស័យព័ត៌មាន និងចូលរួមក្នុងការអភិវឌ្ឍប្រកបដោយបរិយាបន្ន។
២. ទំនួលខុសត្រូវវិជ្ជាជីវៈ៖ កំហុសវិជ្ជាជីវៈត្រូវស្ថិតក្រោមការអនុវត្តច្បាប់ស្ដីពីរបបសារព័ត៌មាន។ ការអនុវត្ត សកម្មភាពក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ មិនត្រូវស្ថិតក្រោមគំនាប ឬឥទ្ធិពលរបស់ភាគីណាមួយឡើយ លើកលែងតែការតម្រង់ទិសឬភារកិច្ចដែលប្រធានអង្គភាព-ស្ថាប័នផ្ដល់ឱ្យសម្រាប់ករណីអ្នកសារព័ត៌មានអាជីព ដែលជាការទទួលខុសត្រូវវិជ្ជាជីវៈ។ ទោះជាយ៉ាងណាក៏ដោយ ការតម្រង់ទិសឬភារកិច្ចដែលប្រធានអង្គភាព- ស្ថាប័នផ្ដល់ឱ្យនោះ មិនត្រូវមានចរិតផ្ទុយនឹងច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាននៃព្រះរាជាណាចក្រកម្ពុជា ឬប្រាសចាកពីគន្លងនៃធម្មនុញ្ញនេះឡើយ។
និង៣. ទំនួលខុសត្រូវរដ្ឋប្បវេណីនិងព្រហ្មទណ្ឌ៖ អ្នកអនុវត្តសកម្មភាពក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ ត្រូវគោរពច្បាប់ជាធរមាននៃព្រះរាជាណាចក្រកម្ពុជា។ ទង្វើបំពានក្រៅវិជ្ជាជីវៈសារព័ត៌មាន ត្រូវប្រឈមនឹងផលវិបាកផ្នែករដ្ឋប្បវេណីនិងព្រហ្មទណ្ឌ ដូចមានចែងក្នុងច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។ ទង្វើបំពាន ប្រភេទទាំងនេះមិនស្ថិតក្នុងក្របខណ្ឌនៃសេរីភាពខាងសារព័ត៌មានឡើយ៕