អភិបាលខេត្តកំពង់ធំ ណែនាំគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក ត្រូវកំណត់មុខសញ្ញាជនបង្កបទល្មើសនានា ដើម្បីបង្ក្រាបឱ្យទាន់ពេលវេលា

ចែករំលែក៖

ខេត្តកំពង់ធំ ៖ លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានណែនាំដល់ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក ត្រូវកំណត់មុខសញ្ញាអ្នកញៀនថ្នាំ ក្មេងទំនើង ល្បែងស៊ីសង មុខសញ្ញាមេខ្យល់ដីធ្លី ដែលតែងតែចលនាប្រជាពលរដ្ឋធ្វើការតវ៉ាទាមទារដីរដ្ឋដោយខុសច្បាប់ និងមុខសញ្ញាផ្សេងៗទៀត ដើម្បីវាយតម្លៃ និងចាត់វិធានការទប់ស្កាត់ និងបង្ក្រាបបានទាន់ពេលវេលា កុំឱ្យមានការរីករាលដាលបន្តទៀត។

ការណែនាំបែបនេះរបស់ ឯកឧត្តម អភិបាលខេត្ត បានធ្វើឡើងនៅក្នុងកិច្ចប្រជុំប្រចាំខែ របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នាថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តកំពង់ធំម្សិលមុិញ។

លោក អភិបាលខេត្ត បានថ្លែងអំណរគុណកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្រុក និងកងកម្លាំងទាំង៣ ក្នុងការខិតខំប្រឹងប្រែងពង្រឹងការអនុវត្តច្បាប់ ទប់ស្កាត់បទល្មើសការពារធនធានធម្មជាតិជាពិសេស ល្បែងស៊ីសងគ្រប់ប្រភេទ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ទទួលបានលទ្ធផលល្អប្រសើរ។ ម្យ៉ាងវិញទៀត សូមបន្តពង្រឹងកម្លាំងទីបញ្ជាការស្រាលទាំងអស់នៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ដើម្បីការពារ និងទប់ស្កាត់ការត្រឡប់មករំលោភបំពានសារជាថ្មីក្នុងដីតំបន់៣ ដែលជាតំបន់ហាមឃាត់។

លោកអភិបាលខេត្ត បន្តថា ពាក់ព័ន្ធនឹងដីតំបន់៣ អាជ្ញាធរមូលដ្ឋាន ត្រូវចុះស្រង់ស្ថិតិគ្រឿងចក្រ និងធ្វើការណែនាំដល់ម្ចាស់គ្រឿងចក្រ មិនឱ្យចូលទៅឈូសឆាយក្នុងដីតំបន់៣ ជាដាច់ខាត ក្នុងនោះមន្ទីរសុរិយោដីខេត្ត ត្រូវផ្តល់ព័ត៌មានដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ នូវទីតាំងព្រំប្រទល់រវាងដីតំបន់២ និងតំបន់ ៣ ឱ្យបានច្បាស់លាស់ ចៀសវាងមានការរំលោភបំពានបន្តទៀត៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print