រដ្ឋបាលខេត្តកណ្តាល ចេញសេចក្តីប្រកាសព័ត៌មានឆ្លើយតបទៅនឹងការផ្សាយរបស់ វិទ្យុបារាំងអន្តរជាតិ (RFI) ជាខេមរភាសាដែលបានចុះផ្សាយក្រោមចំណងជើងថា “ពលរដ្ឋដែលកំពុងរស់នៅជាប់មាត់ប្រឡាយ៨៨ …”

ចែករំលែក៖

ខេត្ត​កណ្ដាល​៖​ រដ្ឋបាលខេត្តកណ្តាល នៅព្រឹក​ថ្ងៃ​ទី​០៥​ ខែកញ្ញា​ ឆ្នាំ​២០២៤នេះ​ មានកិត្តិយសសូមជម្រាបជូនសាធារណជន ជ្រាបថា៖ កាលពីថ្ងៃពុធ ទី៤ ខែកញ្ញា ឆ្នាំ២០២៤ សារព័ត៌មាន វិទ្យុបារាំងអន្តរជាតិ (RFI) ជាខេមរភាសា បានចុះផ្សាយព័ត៌មាន ក្រោមចំណងជើងថា ” ពលរដ្ឋដែលកំពុងរស់នៅជាប់មាត់ប្រឡាយ៨៨ ត្រង់ចំណុចភូមិស្រុកចេក ឃុំ បឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល កំពុងព្រួយបារម្ភថា ពួកគេនឹងពុំទទួលបានសំណងសមរម្យ ដែលអាចតាំងលំនៅថ្មីបានទេ។ ក្តីកង្វល់មួយនេះ កើតឡើងក្រោយពួកគេឃើញមានគ្រឿងចក្រជាច្រើន គ្រឿងកំពុងជីកស្តារប្រឡាយ៨៨ ដើម្បីធ្វើជាទីតាំងរំដោះទឹកចេញពីព្រលានយន្តហោះអន្តរជាតិថ្មីដែល ត្រៀមបើកដំណើរការនៅឆ្នាំ២០២៥ ខាងមុខ។ ក្នុងន័យនេះ ពលរដ្ឋអះអាងថាកំពុងរងផលប៉ះពាល់ បានទទូចឱ្យរដ្ឋាភិបាល និងភាគីក្រុមហ៊ុនសាងសង់ព្រលានធ្វើយ៉ាងណាជួយផ្តល់សំណងសមរម្យដល់ ពួកគេ ដ្បិតបច្ចុប្បន្នពួកគេពុំទាន់ទទួលបានដំណឹងអ្វីនៅឡើយ” ។

តបទៅនឹងការផ្សព្វផ្សាយព័ត៌មានខាងលើ រដ្ឋបាលខេត្តកណ្តាល សូមប្រកាសបដិសេធ និង ច្រានចោលទាំងស្រុង ចំពោះការចុះផ្សាយព័ត៌មានមិនពិតខាងលើ និងសូមធ្វើការបំភ្លឺ បញ្ជាក់ជូន សាធារណជន ដូចខាងក្រោម ៖

១. ទីតាំងដែលបានចង្អុលបង្ហាញមានដូចក្នុងវីដេអូសារព័ត៌មាន គឺជាទីតាំងគម្រោងស្តារស្ទឹងតូច ក្នុងភូមិស្រុកចេក ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង មិនមែនស្ថិតនៅជាប់មាត់ប្រឡាយ៨៨ ដូចការចុះផ្សាយ ឡើយ។

២. គម្រោងស្តារប្រឡាយស្ទឹងតូច ជាគម្រោងអនុវត្តដោយក្រសួងធនធានទឹក និងឧតុនិយម ដើម្បីជួសជុលស្តារឡើងវិញ និងធ្វើទំនើបកម្មលើប្រព័ន្ធដោះទឹកបង្វែរទឹកជំនន់ចេញពីផ្នែកខាងលិច រាជធានីភ្នំពេញ ស្ថិតក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងខេត្តតាកែវ។ កន្លងមក រដ្ឋបាលស្រុកកណ្តាលស្ទឹង មន្ទីរធនធានទឹក និងឧតុនិយមខេត្ត សហការជាមួយក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងក្រសួងធនធានទឹក និងឧតុនិយម បានចុះផ្សព្វផ្សាយពីគម្រោងស្តារស្ទឹងតូចដើម្បីរំដោះ បញ្ចៀសទឹកជំនន់ម្តងរួចមកហើយ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ប៉ុន្តែដំណើរការអនុវត្តនីតិវិធី ដោះស្រាយសំណងផលប៉ះពាល់ ក្រុមការងារពុំទាន់ចុះកំណត់ទំហំ ជាក់ស្តែងនៅឡើយ។ ក្នុងករណី មានការកំណត់ចុះស្រង់ស្ថិតិផលប៉ះពាល់ គណៈកម្មការអន្តរក្រសួងដោះស្រាយផលប៉ះពាល់ អនុគណៈកម្មការដោះស្រាយផលប៉ះពាល់ខេត្ត នឹងអនុវត្តស្របតាមនីតិវិធី និងគោលការណកំណត់។

៣. ក្នុងករណី មានការស្តារប្រឡាយ៨៨ ក្នុងភូមិសាស្ត្រស្រុកកណ្តាលស្ទឹង ដូចការលើកនេះនៅក្នុងសារព័ត៌មានខាងលើ ក៏ពុំមានផលប៉ះពាល់ដល់កម្មសិទ្ធិដីធ្លីរបស់ប្រជាពលរដ្ឋនោះទេ​ ព្រោះការស្តារប្រឡាយគឺដើម្បីបើកមុខទឹកដែលមានស្រាប់ (ប្លង់គោល ទទឹងប្រវែង៣២ម៉ែត្រ) ជួយសម្រួលផ្លូវ ទឹកក្នុងការរំដោះជំនន់ទឹកភ្លៀង និងការស្រោចស្រពដំណាំរបស់ប្រជាពលរដ្ឋ។

...

ជាថ្មីម្តងទៀត ផ្អែកលើមូលដ្ឋានច្បាប់ និងមូលដ្ឋានបច្ចេកទេស ដូចបានបញ្ជាក់ជូនខាងលើ រដ្ឋបាលខេត្តកណ្តាល សូមធ្វើការបំភ្លឺជូនវិទ្យុបារាំងអន្តរជាតិ (RFI) ជាខេមរភាសា និងសូមស្នើធ្វើការ កែតម្រូវការចុះផ្សាយសារព័ត៌មានខាងលើ។ ទន្ទឹមនេះ រដ្ឋបាលខេត្តកណ្តាល សូមអំពាវនាវដល់ សាធារណជនទាំងអស់កុំចែកចាយបន្តនូវព័ត៌មានមិនពិតខាងលើ ព្រមទាំងលើកទឹកចិត្តឱ្យមានការ ផ្សព្វផ្សាយ និងចែកចាយសេចក្តីបំភ្លឺនេះឱ្យបានទូលំទូលាយ ដើម្បីឱ្យមហាជនបានយល់ជ្រួតជ្រាបអំពី ការពិតលើបញ្ហានេះ៕ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print