ខេត្តមណ្ឌលគិរី ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤ បានបង្ហាញនូវសមិទ្ធផល ប្រកបដោយសក្តានុពល គឺទំនប់អាងទឹកអូរតេ បានផ្តល់ប្រយោជន៍ក្នុងការផ្គត់ផ្គង់ទឹកស្អាតជូនពលរដ្ឋរាប់ពាន់គ្រួសារ ក្នុងស្រុកអូររាំង និងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ប្រើប្រាស់ និងស្រោចស្រពដំណាំជាប្រចាំថ្ងៃ ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបញ្ជាក់ថា ៖ ទំនប់អាងទឹកអូរតេ គឺជាទំនប់ស្ទាក់ទឹកបេតុង ប្រវែង ៣០៦ម៉ែត្រ ដោយអាចផ្គត់ផ្គង់ទឹកស្អាតបានចំនួន ១២លានម៉ែត្រត្រីគុណ ស្ថិតនៅក្នុងឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ។ ទំនប់នេះ បានជួយកាត់បន្ថយហានិភ័យ នៃគ្រោះមហន្តរាយធម្មជាតិ ដែលបង្កឡើងដោយជំនន់គ្រប់ប្រភេទ និងគ្រោះរាំងស្ងួតដែលតែងតែកើតមានឡើងក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ និងការឡើងកម្តៅនៃភពផែនដី ។ បន្ថែមពីនេះ ក៏បានជួយសម្រួលដល់ការប្រើប្រាស់ទឹកជាប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងរក្សាបាននូវបរិស្ថានបៃតងជាប់ជាប្រចាំផងដែរ ៕