ខេត្តកំពង់ធំ៖ មន្ត្រីកាំកុងត្រូលសាខាខេត្តកំពង់ធំសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តនិងសមត្ថកិច្ចមូលដ្ឋាន ចុះត្រួតពិនិត្យលើមុខទំនិញកាលបរិច្ចេទប្រើប្រាស់ ខូចគុណភាពតាមម៉ាត ឬមុខម្ហូបអាហារ នៅតាមតូបមួយចំនួនក្នុងផ្សារស្ទឹងសែន កាលពីវេលាម៉ោង១១ថ្ងៃត្រង់ទី៤ ខែសីហា ឆ្នាំ២០១៦នេះ ក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ ជាលទ្ធផលរកឃើញណែមត្រី ចំនួន១៦,៥គីឡូក្រាម មានសារធាតុបូរ៉ាក់ ។
នៅក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញចម្រុះបានឆែកជាច្រើនកន្លែងទៅលើម៉ាត តេលា និងតាមបណ្តាលតូបមួយចំនួននៅជុំវិញផ្សារ ស្ទឹងសែន តែពុំមានទំនិញខូចគុណភាពទេ ហើយមន្ត្រីជំនាញបានធ្វើតេស្សបឋម ទៅលើប្រហិតសាច់គោនិងសាច់មាន់តែពុំឃើញមានសារធាតុបូរ៉ាក់ទេ បន្ទាប់មកទៀតសមត្ថកិច្ចជំនាញបានធ្វើតេស្សទៅលើផលិតផលណែម សាច់ត្រី ចំនួន៤កន្លែង ក្នុងនោះរកឃើញ២កន្លែង ដែលមានប្រើសារធាតុបូរ៉ាក់ ហើយសមត្ថកិច្ចបានដកហូតយកណែមត្រី បានចំនួន១៦,៥គីឡូក្រាម។ អ្នកស្រី ខែម គន្ធា បាននិយាយប្រាប់សមត្ថកិច្ចថា ណែមត្រីនេះពួកគាត់បានទិញមកពីភ្នំពេញ។
លោក លៀង សុភា ប្រធានសាខាកាំកុងត្រូលខេត្តកំពង់ធំបានឲ្យដឹងថា វត្ថុតាងផលិតផលណែមត្រីដែលមានសារធាតុបូរ៉ាក់ចំនួន១៦,៥គីឡូក្រាមនេះ ត្រូវយក១ផ្នែកតូចដាក់នៅមន្ទីពិសោធន៍ សល់ប៉ុន្មានសមត្ថកិច្ចយកទៅដុតកំទេចចោល។ ចំណែកអាជីវករដែលលក់ផលិតផលណែមត្រីនេះត្រូវបានសមត្ថកិច្ចណែនាំពន្យល់បន្ថែមឲ្យចេះមើលពី ការបរិច្ឆេត ស្គាល់ទំនិញសុទ្ធ ឬក្លែងក្លាយ និងអប់រំលើរបៀបនៃការលក់ដូរឲ្យមានអនាម័យ ធ្វើយ៉ាងណាឲ្យទំនិញរបស់ខ្លួនមានគុណភាពបានយូរ។
លោកបានបន្តថា កត្តារួមចំណែកទាំងនេះយើងធ្វើទាំងអស់គ្នាអាចទប់ស្កាត់ទំនិញក្លែងក្លាយបានមួយកម្រឹតដែរ៕
ដោយ៖ ប៊ុនរិទ្ធី