ភ្នំពេញ៖ ស្ត្រីជនជាតិចិនម្នាក់ត្រូវជនជាតិដូចគ្នាចាប់គំរាមទារប្រាក់១០មុឺនយាន់ តែបានសម្រេច៤មុឺនយាន់ ហើយគេចខ្លួនបាត់ដោយសុវត្តិភាព ។
ដែលហេតុការចាប់ជំរិតនេះបានបង្កឲ្យមានការណ៍ភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៧និង៣០នាទីយប់ថ្ងៃទី៤ខែសីហា ឆ្នាំ២០១៦ នៅចំនុច អាផាតមិន នគរឡាក់គី នៅជិតបេនឡានតាក់សីុផ្សារថ្មី ស្ថិតក្នុងសង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ ។
បើតាមសម្ដីជនរងគ្រោះដែលជាជនជាតិចិនភេទស្រី មានមុខរបអ្នកលក់សំលៀកបំពាក់កូនក្មេងនៅក្នុងផ្សារអូរឡាំពិក តុបលេខ ៣៧០ បានអោយដឹងថា រូបគាត់និងជនសង្ស័យមិនដែលស្គាល់គ្នាទេ ហើយនៅមុនពេលកើតហេតុមួយថ្ងៃជនសង្ស័យបានទូរស័ព្ទមកទាក់ទងរូបគាត់(មិនដឹងបានលេខទូរស័ព្ទមកពីណា) ថាចង់រកសីុជាមួយគាត់ព្រោះគេ(ជនសង្ស័យ)ស្គាល់រោងចក្រផលិតសំលៀក ពេលលឺដូចនេះរូបគាត់ក៏បានណាត់ជាមួយជនសង្ស័យដើម្បីរកសីុ ។
ជនរងគ្រោះបានបន្តទៀតថា លុះស្អែកឡើងត្រូវហ្នឹងថ្ងៃកើតហេតុ នៅវេលាព្រឹកម៉ោងប្រហែល៨ ជនរងគ្រោះបានប្រាប់ប្តីថានៅលក់មួយព្រឹកទៅ ព្រោះគាត់ត្រូវទៅក្រៅជួបម៉ូយដែលជាអ្នកនាំសំលៀកបំពាក់ពីក្រៅបរទេស ។ ថាហើយជនរងគ្រោះបានជិះម៉ូតូកង់បីពីផ្សារអូរឡាំពិកសំដៅទៅផ្លូវលេខ៣១០ដើម្បីទៅយកមិត្តភក្រ័ម្នាក់ទៀតគ្រាន់បានជាគ្នា តែគ្រាន់តែជិះកង់បីចេញផុតពីផ្សារអូឡាំពិកបានបន្តិចក៏មានរថយន្តទូរីសមួយគ្រឿងមិនចាំស្លាកលេខមកកាក់មុខម៉ូតូកង់បី ហើយមានបុរស២នាក់ចុះមកគំរាមបាញ់សំលាប់ ហើយក៏ចាប់ជនរងគ្រោះបិតភ្នែកហើយរុញបញ្ចូលក្នុងរថយន្តដឹកយកមកដល់ផ្សារថ្មីទើបបើកភ្នែកវិញ និងបាននាំជនរងគ្រោះឡើងទៅ អាផាតមិន នគរឡាក់គី បន្ទប់លេខ៣០៥ ដោយមានកាំភ្លើងភ្ជុង់ជាប់ពីក្រោយរហូត ។ ពេលដល់ក្នុងបន្ទប់ជនសង្ស័យបានប្រាប់ទៅជនរងគ្រោះអោយទូរស័ព្ទទៅក្រុមគ្រួសារនៅឯស្រុកចិនផ្ញើរប្រាក់ចំនួន១០មឺុនយ៉ាន់មកអោយពួកវាជាថ្នូរនិងការដោះលែង ។ តែដោយសារខាងគ្រួសារនៅឯស្រុកចិនរកលុយមិនទាន់ទើបសុំនៅត្រឹម៤មឺុនយ៉ាន់វិញ ។ ក្រោយពីបានទទួលប្រាក់ហើយជនសង្ស័យបានគេចខ្លួនបាត់ស្រមោលអស់ ។ តែបើតាមសំដីអ្នកគ្រប់គ្រង់ អាផាតមិនវិញបានអោយដឹងថា មុនថ្ងៃកើតហេតុមួយថ្ងៃមានមនុស្សមួយក្រុមមកជួលអាផាតមិនស្នាក់នៅមួយថ្ងៃ គឺបន្ទប់លេខ៣០៥និង២០៦ ។ ហើយនៅយប់កើតហេតុគាត់បានឃើញជនរងគ្រោះដើរចូលក្នុងអាផាតមិនជាមួយបុរស២នាក់ តែមើលតាមកាយវិការហាក់ដូចជាអត់មានការគំរាមកំហែងអ្វីទេ គឺបុរសទាំង២នាក់ដើរមុខ ជនរងគ្រោះដើរក្រោយ ស្រាប់តែនៅវេលាម៉ោងកើតហេតុខាងលើក៏ផ្អើលថាមានគេចាប់ជំរិតទៅវិញ។
ក្រោយពេលកើតហេតុខាងសមត្ថកិច្ចមូលដ្ឋានសហការជាមួយព្រហ្មទណ្ឌកំរិតធ្ងន់ក្រសួងបានចូលទៅក្នុងបន្ទប់លេខ៣០៥ដែលគេឃុំជនរងគ្រោះ និងបានរកឃើញខ្សែចំណងចងដៃចំនួន៣ខ្សែរ កូនកាំបិតចំនួនមួយ ។ ជំហានដំបូងខាងសមត្ថកិច្ចមិនទាន់អាចសន្និដ្ឋានថាជាករណីអ្វីអោយពិតប្រាកដទេ ព្រោះថាតាមសំដីជនរងគ្រោះ និងសំដីអ្នកគ្រប់គ្រង់ អាផាតមិន ហាក់ដូចជាមិនសីុសង្វាក់គ្នាសោះ មានតែនាំជនរងគ្រោះ និងអ្នកគ្រប់គ្រង់អាផាតមិន ព្រមទាំងវីដេអូក្នុងកាំមេរ៉ាសុវត្ថិភាពមកធ្វើការវិភាគនិងសួរនាំអោយបានច្បាស់លាស់ជាមុនទើបអាចសន្និដ្ឋានបានថាជាករណីអ្វី៕
ដោយ៖ ជីម ភារ៉ាដង្កោ