ចិន​៖​ ចំណាប់អារម្មណ៍ទៅលើផលិតផលសក្តានុពលស្រូវអង្ករ​ របស់​កម្ពុជា​ ដែលមាន​គុណភាពខ្ពស់ រសជាតិឆ្ងាញ់ និងមានបំណងកែច្នៃនាំចេញទៅកាន់ទីផ្សារចិន និងអន្តរជាតិ

ចែករំលែក៖

ភ្នំពេញ​៖​ ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤នេះ​ បានឱ្យដឹងថាគណៈប្រតិភូចិនបានបង្ហាញចំណាប់អារម្មណ៍ ទៅលើផលិតផលសក្តានុពលរបស់កម្ពុជាដូចជាស្រូវអង្ករ ដែលមាន​គុណភាពខ្ពស់ រសជាតិឆ្ងាញ់ និងមានបំណងកែច្នៃ ស្រូវអង្ករកម្ពុជាទៅកាន់ទីផ្សារចិន និងអន្តរជាតិ។

ចំណាប់អារម្មណ៍​របស់​ភាគី​ប្រតិភូ​ចិន​ បានធ្វេីឡេីង​នាឱកាស​លោក​ ប្រាក់ ដាវីដ រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុង Zhengzhou ខេត្តហឺណាន ប្រទេសចិន កាលពីម្សិលមិញនេះ​នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​។

ក្នុងជំនួបនេះ លោករដ្ឋលេខាធិការ បានសម្តែងនូវការស្វាគមន៍ និងសេចក្តីសោមនស្សរីករាយក្នុងការទទួលគណៈប្រតិភូចិន និងពិនិត្យលទ្ធភាពនូវអ្វីដែលអាចធ្វើបានជាមួយគ្នា និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា-ចិន។ ជាពិសេស កិច្ចសហប្រតិបត្តិការ «ត្បូងពេជ្រ» នៃប្រទេសទាំងពីរ ជាកិច្ចសហប្រតិបត្តិការគំរូដែលអាចផ្តល់ផលប្រយោជន៍ទៅវិញទៅមក ហើយជួុយអោយវិស័យកសិកម្មមានភាពល្អប្រសើរឡើង តាមរយៈច្រករបៀងមច្ឆា និងអង្ករ។

ជាការឆ្លើយតប លោករដ្ឋលេខាធិការ បានកោតសរសើរ និងវាយតម្លៃខ្ពស់នូវការអភិវឌ្ឍខេត្តហឺណាន ប្រទេសចិន ដែលពោរពេញទៅដោយបច្ចេកវិទ្យាកែច្នៃ វេចខ្ចប់ ជាមួយនឹងធនធានមនុស្សក្នុងវិស័យកសិកម្ម ព្រមទាំងធនធានហរិញ្ញវត្ថុ ដែលនេះជាអ្វីដែលកម្ពុជាត្រូវការ ដើម្បីវិនិយោគក្នុងវិស័យកសិកម្មកម្ពុជា ឱ្យមានភាពល្អប្រសើរ។ លើសពីនេះ ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់បន្ថែមអំពីផលិតផលកសិកម្មរបស់កម្ពុជា ដែលមានសក្តានុពលមួយចំនួនទៀតដូចជា​ ស្វាយ ស្វាយចន្ទី មៀន និងម៉្សៅមីជាដើម ដែលកម្ពុជាមានភាពរឹងមាំនូវផ្នែកដាំដុះ ដែលត្រូវការការវិនិយោគ លើការកែច្នៃ វេចខ្ចប់ និងភស្តុភារកម្ម ទៅកាន់ទីផ្សារអន្តរជាតិ ជំរុញខ្សែច្រវ៉ាក់តម្លៃឱ្យបានខ្ពស់ និងមានប្រសិទ្ធភាពសេដ្ឋកិច្ច។

ទន្ទឹមនឹងនេះដែរ លោករដ្ឋលេខាធិការ ក៏បានលើកឡើងពីគោលនយោបាយអាទិភាពក្នុងវិស័យកសិកម្ម​ គឺសហគមន៍កសិកម្មទំនើប ដែលភាគីចិនអាចពិនិត្យលទ្ធភាពក្នុងការផ្តល់កម្ចីដែលមានអត្រាការប្រាក់ទាប ដើម្បីចូលរួមគាំទ្រ ដែលសហគមន៍ទំនើបនេះអាចឆ្លើយតបទៅនឹងតម្រូវការទីផ្សារ ផលិតផលគុណភាពល្អ និងមានតម្លៃបន្ថែមខ្ពស់។

...

សូមជម្រាបជូនថា ជំនួបនេះមានគោលបំណងពិភាក្សាកិច្ចសហប្រតិបត្តិការលើឧស្សាហកម្មដំណាំស្រូវ ការសាងសង់ឃ្លាំងស្តុកស្រូវ ការបង្កើនសមត្ថភាពកែច្នៃដំណាំស្រូវ ការផ្លាស់ប្តូរបច្ចេកវិទ្យា និងការអនុវត្តកិច្ចសហប្រតិបត្តិការលើសេវាកម្មហិរញ្ញវត្ថុសម្រាប់ឧស្សាហកម្មដំណាំស្រូវ តាមរយៈផែនការគម្រោងកិច្ចសហប្រតិបត្តិការកម្ពុជា-ខេត្តហឺណានលើវិស័យដំណាំស្រូវ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print