សារព័ត៌មាន AFP បានផ្សាយថា សហភាពអឺរ៉ុប កាលពីថ្ងៃចន្ទ ទី៩ ខែកញ្ញា បាននិយាយថា សម្ព័ន្ធមិត្តរបស់ខ្លួនបានចែករំលែកព័ត៌មានសម្ងាត់ដ៏គួរឱ្យទុកចិត្តបានថា អ៉ីរ៉ង់បានផ្គត់ផ្គង់មីស៊ីលបាលិស្ទីគទៅឱ្យរុស្ស៉ី ជាទង្វើមួយដែលទីក្រុងវ៉ាស៊ីនតោនព្រមានថាទីក្រុងតេហេរ៉ង់នឹងត្រូវជួបផលវិបាក។
ការចោទប្រកាន់ខាងលើត្រូវបានអ៉ីរ៉ង់បដិសេធ ខណៈដែលរុស្ស៉ីមិនបានប្រកែក ហើយក៏មិនទទួលស្គាល់នោះដែរ។ ក្រុមមន្ត្រីអឺរ៉ុប និងអាមេរិកបានព្រមានថា ប្រសិនបើព័ត៌មានដែលថាអ៉ីរ៉ង់ បញ្ជូនមីស៊ីលបាលិស្ទីគឱ្យរុស្ស៉ីគឺជាការពិតមែន នោះវានឹងក្លាយជាទង្វើបង្ករឿងដ៏ធំមួយរបស់អ៉ីរ៉ង់ ក្នុងការគាំទ្រសង្រ្គាមឈ្លានពានរបស់រុស្ស៉ីនៅអ៊ុយក្រែន។
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Vedant Patel បានគូសបញ្ជាក់ថា «រាល់ការផ្ទេរមីស៊ីលបាលិស្ទីគរបស់អ៉ីរ៉ង់ទៅឱ្យរុស្ស៉ី នឹងត្រូវបានចាត់ទុកជាទង្វើបង្ករឿងនៅក្នុងការគាំទ្ររបស់អ៉ីរ៉ង់ចំពោះសង្រ្គាមឈ្លានពានរបស់រុស្ស៉ីប្រឆាំងអ៊ុយក្រែន…ហើយយើងបានបញ្ជាក់យ៉ាងច្បាស់រួចហើយថា យើងបានត្រៀមរួចជាស្រេច ដើម្បីឆ្លើយតបឱ្យបានធ្ងន់ធ្ងរជាទីបំផុត»។
កាសែតអាមេរិក Wall Street Journal បានរាយការណ៍កាលពីសប្ដាហ៍មុនថា អ៉ីរ៉ង់បានបញ្ជូនមីស៊ីលបាលិស្ទីគរយៈចម្ងាយខ្លីសម្រាប់រុស្ស៉ី យកទៅប្រើប្រាស់នៅក្នុងសង្រ្គាមប្រឆាំងអ៊ុយក្រែន។ Wall Street Journal ដែលជាអ្នករាយការណ៍មុនគេពីព័ត៌មាននេះ បានឱ្យដឹងទៀតថា រុស្ស៉ីប្រហែលជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងកាលពីខែធ្នូ ឆ្នាំ២០២៣ ក្នុងទីក្រុងតេហេរ៉ង់ ជាមួយក្រុមមន្ត្រីអ៉ីរ៉ង់ ដើម្បីទិញមីស៊ីលបាលិស្ទីគ Fath-360 និងមីស៊ីលបាលិស្ទីគរយៈចម្ងាយខ្លីមួយចំនួនទៀត ផលិតដោយក្រុមហ៊ុនរដ្ឋអ៉ីរ៉ង់ Aerospace Industries Organization (AIO) ឬហៅកាត់ថា Ababil។
កាសែតអាមេរិកនេះ ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីក្រុមមន្ត្រីអាមេរិក និងអឺរ៉ុប បានបញ្ជាក់ ដែរថាការផ្ទេរអាវុធនេះអាចមានមីស៊ីលរយៈចម្ងាយខ្លី ២០០គ្រាប់ ដែលអាចបាញ់បានចម្ងាយ ៨០០គីឡូម៉ែត្រ៕ ដោយធីរីណា
រូបថត:AP