សារព័ត៌មាន Reuters នាថ្ងៃពុធ ទី១១ ខែកញ្ញា ឆ្នាំ២០២៤ ក្រុមបាតុករប្រឆាំងសង្រ្គាម និងប៉ូលិសអូស្រ្តាលី បានប៉ះទង្គិចគ្នា នៅក្រៅកន្លែងពិព័រណ៍វិស័យការពារជាតិ ក្នុងទីក្រុង Melbourne នាថ្ងៃពុធនេះ ខណៈមនុស្សរាប់សិបនាក់ ត្រូវបានចាប់ខ្លួន។
ក្រុមបាតុករបានយកវត្ថុផ្សេងៗ មានទាំងដុំថ្មចោលទៅលើប៉ូលិស ដែលព្យាយាមការពារសុវត្ថិភាព អ្នកចូលរួមពិព័រណ៍ខាងលើ។ កងកម្លាំងប៉ូលិស បានប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់បែកធ្វើឱ្យងងីងងើ (stun grenade) ដើម្បីបំបែកហ្វូងបាតុករ ខណៈមនុស្សចំនួន ៣៩នាក់ត្រូវបានចាប់ខ្លួន សម្រាប់ការប្រព្រឹត្តបទល្មើសផ្សេងៗ រួមមានដូចជាប្រើហិង្សា ឬបង្កភាពរាំងស្ទះដល់ប៉ូលិស, ដុតបំផ្លាញសម្ភារ និងបិទផ្លូវ។
មនុស្សប្រហែល១,២០០នាក់ បាននាំគ្នាមកចូលរួមការធ្វើបាតុកម្ម នៅក្រៅកន្លែងប្រារព្ធពិព័រណ៍ការពារជាតិ Land Forces International Land Defence Exposition ដែលប្រព្រឹត្តទៅ២ឆ្នាំម្តង។ អ្នកតវ៉ាភាគច្រើន បានស្រែកពាក្យស្លោកគាំទ្របុព្វហេតុប៉ាឡេស្ទីន និងកាន់ទង់ជាតិប៉ាឡេស្ទីន ខណៈអ្នកមួយចំនួនផ្សេងទៀត បានលើកផ្ទាំងនិងទង់ តំណាងឱ្យជម្លោះក៏ដូចជាបុព្វហេតុដទៃទៀត។
ពិព័រណ៍ការពារជាតិខាងលើ មានរយៈពេលសរុប៣ថ្ងៃ គឺនឹងប្រព្រឹត្តទៅដល់ថ្ងៃសុក្រសប្តាហ៍នេះ ដើម្បីតាំងបង្ហាញសព្វាវុធ ព្រមទាំងបច្ចេកវិទ្យាយោធាចម្រុះ មកពីគ្រប់ទិសទីជុំវិញពិភពលោក។ ពាក់ព័ន្ធការធ្វើបាតុកម្ម នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក Anthony Albanese បាននិយាយថា ប្រជាជនអូស្រ្តាលី មានសិទ្ធិធ្វើបាតុកម្ម ប៉ុន្តែត្រូវធ្វើយ៉ាងដូច្នោះដោយសន្តិវិធី មិនមែនដោយប្រើហិង្សាឡើយ៕
រូបថត:vietbao