រដ្ឋមន្ត្រីក្រសួងផែនការ ចុះជួបសំណេះសំណាល និងសាកសួរសុខទុក្ខថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃមន្ទីរផែនការខេត្តព្រះវិហារ

ចែករំលែក៖

លោកស្រី ស៊ាន សុគីន ប្រធានមន្ទីរផែនការខេត្ត បានលើកឡើងអំពីស្ថានភាពភូមិសាស្ត្រ ប្រជាសាស្ត្រ និងសក្តានុពលខេត្ត និងជម្រាបជូនអំពីតួនាទី ភារកិច្ច រចនាសម្ព័ន្ធដឹកនាំ និងស្ថានភាពមន្ត្រីរាជការមន្ទីរផែនការ ពិសេសសមិទ្ធផលការងារដែលសម្រេចបានរយៈពេល១៥ខែ ដែលលោកស្រីទទួលតំណែងជាប្រធានមន្ទីរផែនការ រួមនឹងបញ្ហាប្រឈម និងសំណូមពរដែលជាតម្រូវការចាំបាច់ក្នុងការបំពេញការងារ។

លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោកស្រីប្រធានមន្ទីរ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរផែនការខេត្ត និងលើកទឹកចិត្តដល់ការកសាងនិងអភិវឌ្ឍន៍សមត្ថភាពមន្ត្រីរាជការឱ្យកាន់តែមានប្រសិទ្ធភាព គុណភាពនិងឯកភាពផ្ទៃក្នុង។

លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ដើម្បីភាពជាក់លាក់នៃការរៀបចំគោលនយោបាយ គឺមានតែទិន្នន័យនោះទេដែលជាសូចនាករមួយបញ្ជាក់អំពីលទ្ធផលនិងទិសដៅពិតប្រាកដ ក្នុងនោះទិន្នន័យកើតចេញអំពីប្រភព០២សំខាន់ៗគឺ៖ ១-ទិន្នន័យមកពីការជំរឿន និង ២-ទិន្នន័យរដ្ឋបាល។

លោកបញ្ជាក់ទៀតថា ទិន្នន័យជំរឿនដែលមានតាមច្បាប់ស្ថិតិមាន៣សំខាន់ៗគឺ៖ ១.ជំរឿនប្រជាជន ២.ជំរឿនសេដ្ឋកិច្ច និង៣.ជំរឿនកសិកម្ម ដែលមានរយៈពេល ១០ឆ្នាំម្តង ហើយទិន្នន័យរដ្ឋបាលជាប្រភពធំសម្រាប់រៀបចំគោលនយោបាយ ស្របតាមអនុសាសន៍របស់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា “គោលនយោបាយ ពឹងផ្អែកលើទិន្នន័យ”។

ដូច្នេះហើយមន្ទីរផែនការខេត្ត ត្រូវបំពេញមុខងារជាសេនាធិការជូនក្រសួងផែនការ លើបេសកកម្មដឹកនាំអនុវត្តសម្របសម្រួល និងគ្រប់គ្រងលើ

សកម្មភាពការងារ វិស័យផែនការ ស្ថិតិប្រជាជន និងអភិវឌ្ឍន៍ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច ដោយធានាគុណភាព និងប្រសិទ្ធភាពនៅថ្នាក់ក្រោមជាតិ ។

ដោយមើលឃើញអំពីសារៈសំខាន់នៃការធ្វើអង្កេត និងជំរឿន ព្រមទាំងការគិតគូររបស់រាជរដ្ឋាភិបាលចំពោះការធ្វើទំនើបកម្មស្ថិតិជាតិ ដែលក្នុងនោះក្រសួងផែនការមានគោលដៅប្រែក្លាយការប្រមូលទិន្នន័យដោយប្រើកម្រង សំណួរលើក្រដាស ទៅជាការប្រើប្រាស់ឧបករណ៍ថេបប្លេតជំនួសវិញ ដើម្បីបង្កលក្ខណៈងាយស្រួលដល់មន្ត្រីប្រមូលទិន្នន័យ ក្នុងការចុះធ្វើអង្កេតជំរឿន ចន្លោះជំរឿន៕ ដោយ ជីវ័ន្ត

        

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print