គណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានសម្រេចបញ្ចប់កុងត្រាជាមួយគ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា លោក Felix G.Dalmas ចាប់ពីពេលនេះតទៅ។ ស្របពេលដែលការបញ្ចប់តំណែងលោក Felix នេះ សហព័ន្ធបានសម្រេចតែងតាំងលោក Koji Gyotoku ជាគ្រូបង្គោលក្រុមជម្រើសជាតិបណ្ដោះអាសន្នដើម្បីដឹកនាំក្រុមបន្តទៀត។
បើតាមផេកផ្លូវការរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានឲ្យដឹងថា “សហព័ន្ធសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក Félix Dalmás សម្រាប់ការខិតខំប្រឹងប្រែង ចូលរួមចំណែកជាមួយក្រុមជម្រើសជាតិកម្ពុជានាពេលកន្លងមក ពោលគឺចាប់តាំងពីខែមេសា ឆ្នាំ២០២៣ ដល់ខែកញ្ញា ឆ្នាំ២០២៤នេះ។ សូមជូនពរលោក Félix Dalmás ជួបតែភាពជោគជ័យល្អប្រសើរសម្រាប់ការងារបន្តរបស់ខ្លួននាថ្ងៃខាងមុខ”។
គួរបញ្ជចាក់ថា ការបញ្ចប់តំណែងលោក Felix នេះគឺក្រោយពេលជម្រើសជាតិកម្ពុជាប្រកួតចាញ់ក្រុមស្រីលង្កាដោយបាល់កាត់សេចក្តីប៉េណាល់ទី ដែលធ្វើឲ្យកម្ពុជាបាត់ឱកាសឡើងទៅវគ្គបន្តក្នុងពានរង្វាន់តំបន់អាស៊ី ៕ (រូបភាព ៖ សហព័ន្ធបាល់ទាត់កម្ពុជា)