ភ្នំពេញ៖ កីឡាករជិះរទេះប្រណាំង វ៉ាន វ៉ុន ដែលជាកីឡាករជនពិការឆ្នើមម្នាក់របស់កម្ពុជាធ្លាប់ដណ្តើមបានមេដាយជាច្រើនគ្រឿងពីព្រឹត្តិការណ៍ប្រកួតកីឡា អាស៊ានប៉ារ៉ាហ្គេមត្រូវបានប្រកាសជាផ្លូវការពីនូវដំណើរ ចេញទៅប្រកួតនៅទីក្រុង RIO ប្រទេសប្រេស៊ីលដោយទទួលបាន សិទ្ធិអនុគ្រោះចូលរួមប្រកួតកីឡាប៉ារ៉ា អូឡាំពិកពិភពលោកនាដើមខែកញ្ញា ឆ្នាំ ២០១៦ ។ ការប្រកាសសមាសភាពនេះធ្វើ ឡើងនៅក្នុងសន្និសីទសារព័ត៌មានកាលពីព្រឹកថៃ្ងទី៤ ខែសីហា ឆ្នាំ២០១៦ នៅទីស្នាក់ការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ក្នុងមជ្ឈមណ្ឌលជនពិការកម្ពុជា ។
លោក យី វាសនា អគ្គលេខាធិការ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា មានប្រសាសន៍ថា គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាបានបង្កើតឡើងតាំងពីឆ្នាំ១៩៩៧ ដែលមានសម្តេចអគ្គមហា សេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជាជាប្រធានហើយបានចាត់តាំងរូបលោកដឹកនាំកីឡាករ កីឡាការិនីទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម អាស៊ីប៉ារ៉ាហ្គេមនិងជើងឯកប៉ារ៉ាឡាំពិកគ្រប់កម្រិតមិនដែលខានឡើយ ។
លោកអគ្គលេខាធិការបានបន្ត ទៀតថា ដោយឡែកព្រឹត្តិការណ៍ប្រកួតកីឡាប៉ារ៉ា ឡាំពិកកម្រិតពិភពលោកនេះគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាបានបញ្ជូន កីឡាករកីឡាការិនីទៅចូលរួមប្រកួតច្រើនលើករួចមកហើយរៀងរាល់៤ឆ្នាំម្តង។ លោកបានបន្តថា កាលពីលើកទី៤ការចូល រួមរបស់កម្ពុជាសុទ្ធតែទទួលបានសិទ្ធិអនុគ្រោះពីគណៈកម្មការវាយតម្លៃពិភពលោក ដោយមិនទាន់បានទៅចូលរួមដោយឆ្លងកាត់ការជម្រុះនោះទេ។ សម្រាប់លើកទី ៥នេះ គឺកីឡាករ វ៉ាន វ៉ុន មានវាសនាបាន ទទួលបានសិទ្ធិទៅចូលរួមប្រកួតបន្ទាប់ពីទទួលបានសិទ្ធិអនុគ្រោះពីគណៈកម្មាធិការប៉ារ៉ាឡាំពិកពិភពលោកលើវិញ្ញាសាជិះ រទេះប្រណាំងចម្ងាយ១០០ម៉ែត្រលើប្រភេទពិការ T44 ។
លោកបញ្ជាក់ថា សម្រាប់ការចេញទៅប្រកួតនៅទីក្រុងរីយូ៉ប្រទេសប្រេស៊ីល ក្នុងព្រឹត្តិការណ៍កីឡាប៉ារ៉ាឡាំពិកពិភពលោកលើកនេះនាយបេសកម្មដឹកនាំគឺមានរូបលោកផ្ទាល់កីឡាករវ៉ាន វ៉ុន គ្រូបង្វឹកម្នាក់ និងប្រធានក្រុមដឹកនាំគណៈប្រតិភូម្នាក់ដោយលោក យី សុភ័ត្រ្តា ត្រូវចេញដំណើរ នៅថៃ្ងទី២ ខែកញ្ញា ឆ្នាំ២០១៦ខាងមុខនេះ ហើយត្រឡប់មកវិញនៅថៃ្ងទី២២ ខែកញ្ញា ឆ្នាំ២០១៦ ។
លោកបានអះអាងថា គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជានឹងខិតខំព្យាយាមធ្វើយ៉ាងណាបណ្តុះបណ្តាលថ្នាលកីឡាករកីឡាការិនីជនពិការឲ្យមានសមត្ថភាព គ្រប់គ្រាន់ដើម្បីទៅចូលរួមប្រកួតកីឡាប៉ារ៉ាឡាំពិកគ្រប់កម្រិតទាំងថ្នាក់តំបន់ទ្វីប និងពិភពលោក ដោយឆ្លងកាត់វគ្គជម្រុះ មិនមែនទទួលបានសិទ្ធិអនុគ្រោះដូចជា ពេលនេះទេ ។ ដោយឡែកកីឡាករ វ៉ាន វុន ដែលទទួលបានសិទ្ធិទៅចូលរួមប្រកួតកីឡាប៉ារ៉ាឡាំពិកពិភពលោកនៅប្រទេសប្រេស៊ីលនោះបាននិយាយថា នេះជា លើកទី១របស់ “ខ្ញុំសម្រាប់វត្តមានចូលរួមការប្រកួតកីឡាប៉ារ៉ាឡាំពិកពិភពលោក ខ្ញុំប្តេជ្ញាខិតខំប្រឹងប្រែងធ្វើយ៉ាងណាដណ្តើមឲ្យខាងតែបានមេដាយត្រឡប់មកជូនជាតិវិញ។
សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ១៩៩៧ មកគណៈកម្មាធិការប៉ារ៉ាឡាំពិកកម្ពុជាបានដឹកនាំកីឡាករកីឡាការនីទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម ដណ្តើមបានមេដាយទាំងអស់សរុបចំនួន១៣៥គ្រឿងក្នុងនោះមានមេដាយមាស ២១គ្រឿង មេដាយប្រាក់៥៦គ្រឿងនិងមេដាយសំរឹទិ្ធ៥៣គ្រឿង ៕
ដោយ៖ សារីម