ក្លិបបិសាចក្រហម Manchester United បានរាយការណ៍ពីការខាតបង់សុទ្ធចំនួន១១៣.២លានផោនក្នុងឆ្នាំនេះដល់ថ្ងៃទី៣០ ខែមិថុនា ដែលជាគណនីចុងក្រោយរបស់ពួកគេបានបង្ហាញ។ បន្ទាប់ពីការខាតបង់ចំនួន២៨.៧លានផោនកាលពីរដូវកាល ២០២២-២០២៣ និង១១៥.៥លានផោនកាលពីឆ្នាំ២០២១-២០២២ ហើយតួលេខចុងក្រោយរបស់ពួកគេបានខាតបង់សរុបក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះរហូតដល់ជាង៣៧០លានផោន។
ទោះបីជាលទ្ធផលនេះក្លិប Man Utd មិនត្រូវបានគេរំពឹងថា នឹងបំពានលើច្បាប់នៃប្រាក់ចំណេញ និងនិរន្តរភាពរបស់ Premier League ទេ ពីព្រោះការចំណាយទាំងអស់មិនខុសពីការគណនារបស់ពួកគេទេ ហើយក្លិបអាចទាមទារប្រាក់ឧបត្ថម្ភដែលគេស្គាល់ថាជាបន្ថែមផ្នែកហិរញ្ញវត្ថុ។
ក្រោមច្បាប់ Premier League ក្លិបមិនអាចបាត់បង់លើសពី១០៥លានផោនក្នុងរយៈពេល៣ឆ្នាំទេ ហើយ Everton និង Nottingham Forest បានទទួលការកាត់ពិន្ទុដោយសារការបំពាន។ នាយកប្រតិបត្តិរបស់ United លោក Omar Berrada បាននិយាយថា ក្លិបនៅតែប្តេជ្ញាចិត្ត និងអនុលោមតាមច្បាប់ទាំងប្រាក់ចំណេញ និងនិរន្តរភាពរបស់ Premier League និងបទប្បញ្ញត្តិផ្នែកហិរញ្ញវត្ថុរបស់ UEFA។
តួលេខហិរញ្ញវត្ថុថ្មីរបស់ Man Utd គ្របដណ្តប់អំឡុងពេលដែលពួកគេបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៨ក្នុងក្របខ័ណ្ឌ Premier League និងបានបញ្ចប់នៅបាតតារាងនៃក្រុម Champions League របស់ពួកគេ ប៉ុន្តែបានឈ្នះពានរង្វាន់ FA Cup ។
កាលពីរដូវកាលមុនក៏បានឃើញមហាសេដ្ឋីអង់គ្លេសលោក Sir Jim Ratcliffe ទិញភាគហ៊ុន២៧.៧%នៅក្នុងក្លិបផងដែរ។ លោក Sir Dave Brailsford នាយក United បានដឹកនាំការត្រួតពិនិត្យយ៉ាងទូលំទូលាយអំពីប្រតិបត្តិការរបស់ក្លឹបចាប់តាំងពីសហកម្មសិទ្ធិរបស់ Ineos របស់ក្លឹបត្រូវបានបញ្ជាក់នៅក្នុងខែធ្នូ។
កាលពីខែកក្កដា វាត្រូវបានប្រកាសថា United នឹងកាត់បន្ថយការងារចំនួន២៥០ដែលជាផ្នែកមួយនៃការប្តេជ្ញាចិត្តកាត់បន្ថយការចំណាយ។ ក្លិបអះអាងថា ពួកគេរំពឹងថានឹងសន្សំបានចន្លោះពី៣០លានផោនទៅ៣៥លានផោនក្នុងរយៈពេល២ឆ្នាំចាប់ពីឆ្នាំ២០២៥ ដោយសារតែការពិនិត្យមើលការចំណាយទូទាំងក្លិប។
បន្ថែមពីលើបំណុលដែលមានរយៈពេលយូរចំនួ៤៩៦.៥២លានផោន United ក៏មានប្រាក់កម្ចីបច្ចុប្បន្នសរុប៣៥.៦លានផោន ហើយសមតុល្យដែលនៅសល់នៃគ្រឹះស្ថានឥណទានបង្វិលនៅថ្ងៃទី៣០ ខែមិថុនាគឺ៣០លានផោន។
United រំពឹងថា នឹងអាចរកប្រាក់ចំណូលបានចន្លោះពី៦៥០លានផោន ទៅ៦៧០លានផោននៅឆ្នាំក្រោយ បន្ទាប់ពីបានកត់ត្រាកំណត់ត្រា៦៦១.៨លានផោននៅឆ្នាំនេះ ខណៈដែលប្រាក់ឈ្នួលបានកើនឡើង១០% ដល់៣៦.៧លានផោន។
United ដែលនឹងលេងនៅ Europa League នៅរដូវកាលនេះ បានឈ្នះការប្រកួតមួយក្នុងចំណោមការប្រកួត Premier League របស់ពួកគេទាំងបីមកទល់ពេលនេះ។ ពួកគេបានចុះហត្ថលេខាលើកីឡាករប្រាំនាក់នៅរដូវក្តៅនេះនៅ Manuel Ugarte, Joshua Zirkzee, Leny Yoro, Matthijs de Ligt និង Noussair Mazraoui ៕ (រូបភាព ៖ BBC Sport)