លោក សុខ ចិន្ដាសោភា ចែករង្វាន់ជូនដល់ជ័យលាភីចំនួន ៨រូប ដែលបានឈ្នះរង្វាន់ក្នុងការប្រកួតសំណេរជាភាសាបារាំងពាក់ព័ន្ធនឹងខ្លឹមសារភាពយន្ត ការណាត់ជួបជាមួយ ប៉ុល ពត របស់ លោក ប៉ាន រិទ្ធី

ចែករំលែក៖

ភ្នំពេញ ៖ លោក សុខ ចិន្ដាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានផ្ដល់កិត្តិយស នៅព្រឹកថ្ងៃសៅរ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០២៤ នេះ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងកម្មវិធីចែករង្វាន់ជូនដល់ជ័យលាភីចំនួន ៨រូប ដែលបានឈ្នះរង្វាន់ក្នុងការប្រកួតសំណេរជាភាសាបារាំងពាក់ព័ន្ធនឹងខ្លឹមសារភាពយន្ត ការណាត់ជួបជាមួយ ប៉ុល ពត របស់ លោក ប៉ាន រិទ្ធី។

និស្សិត លោកគ្រូ អ្នកគ្រូ ប្រមាណ ១៥០នាក់ បានចូលរួមក្នុងកម្មវិធីដ៏ពិសេសមួយនេះ។

ជ័យលាភីទាំងអស់មាន ៨រូប ក្នុងនោះ រង្វាន់លេខ១ ទទួលបានថវិកា ប្រាំលានរៀល រង្វាន់លេខ២ បីលានរៀល និងរង្វាន់លេខ៣ ពីរលានរៀល ព្រមទាំងរង្វាន់លើកទឹកចិត្តប្រាំរង្វាន់ ដែលម្នាក់ៗទទួលបានថវិកាពីរសែនរៀល។

គួរកត់សម្គាល់ថា កញ្ញា MAZZONI Sandra ដែលមានឪពុកជាជនជាតិខ្មែរ ម្ដាយអ៊ីតាលី បានសម្ដែងនូវក្ដីរំភើបយ៉ាងខ្លាំង ដោយបានទទួលរង្វាន់លេខ១ ប៉ុន្តែកញ្ញាបានសម្រេចចិត្តផ្ទេររង្វាន់នេះជូនទៅជ័យលាភីដែលទទួលបានរង្វាន់លើកទឹកចិត្តទាំងប្រាំនាក់វិញ ធ្វើឱ្យម្នាក់ៗទទួលបាន១លានរៀលថែមទៀត។ កាយវិការនេះក៏ដោយសារកញ្ញាយល់ឃើញថា កញ្ញាមានម្ដាយជាជនបរទេស ហើយកញ្ញាក៏ធ្លាប់រៀននៅសាលាបារាំងដេកាតទៀតផង ដែលនេះអាចថា កញ្ញាមានប្រៀបលើសបេក្ខជនដទៃទៀតបន្តិច។

សូមរំលឹកថា កម្មវិធីប្រកួតសំណេរជាភាសាបារាំងនេះ ត្រូវបានរៀបចំឡើងកាលពីព្រឹកថ្ងៃសៅរ៍សប្ដាហ៍មុន ទី៧ ខែកញ្ញា ឆ្នាំ២០២៤ ដែលមាននិស្សិតរៀនភាសាបារាំងចូលរួមចំនួន៦០នាក់ មកពីសាកលវិទ្យាល័យផ្សេងៗនៅរាជធានីភ្នំពេញ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print