ភ្នំពេញ៖ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ នៅល្ងាចថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា មុខសញ្ញាឆក់កាបូបអ្នកដំណើរ នៅខណ្ឌចំការមន ត្រូវកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌបង្ក្រាបបានភ្លាមៗចំនួនពីរនាក់ យកមកសាកសួរ ដេីម្បីចាត់ការតាមច្បាប់។
ក្នុងប្រតិបត្តិការខាងលេីនេះ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី វុទ្ធី វង្សវិបុល អនុប្រធាននាយកដ្ឋាន និងលោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង១៤៖១០នាទី លោកវរសេនីយ៍ត្រី ណុប មុនី នាយរងការិយាល័យ បានដឹកនាំកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ល្បាតក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដល់ចំណុចផ្លូវលេខ៦៣ កែងផ្លូវលេខ៤២២ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ពេលនេះ កម្លាំងជំនាញប្រទះឃើញជសង្ស័យ២នាក់ជិះម៉ូតូ១គ្រឿង ម៉ាក HONDA SCOOPY ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1KV- 9571 បានធ្វើសកម្មភាពឆក់កាបូបយួរដៃពីបុរសជនរងគ្រោះម្នាក់ដែលនៅក្នុងកង់បីឥណ្ឌា(Passapp) ពណ៌ស មិនបានសម្រេច ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យទាំងពីរនាក់។
ជនសង្ស័យឈ្មោះ ចាន់ តយ អាយុ២៦ឆ្នាំ ស្នាក់នៅសង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងឈ្មោះ ម៉ាត់ ម៉េងហុង អាយុ២៨ឆ្នាំ ភូមិក្ដីតាកុយ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ចំណែកសម្ភារដកហូត ម៉ូតូចំនួន១គ្រឿង ម៉ាក HONDA SCOOPY ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1KV-9571 បច្ចុប្បន្នកម្លាំងជំនាញធ្វេីការសាកសួរជនសង្ស័យ នឹងកសាងសំណុំរឿងចាត់ការបន្ដតាមនីតិវិធី៕ដោយ៖តារា