អគ្គិភ័យឆាបឆេះវត្តសារ៉ាវ័ន្ត បង្កការភ្ញាក់ផ្អេីលដល់ព្រះសង្ឃនិងសមត្ថកិច្ចជំនាញជាច្រេីនចុះអន្តរាគមន៍

ចែករំលែក៖

ភ្នំពេញ ៖ គ្រោះអគ្គិភ័យមួយបានឆាបឆេះវត្តសារ៉ាវ័ន្ត បង្កឱ្យមានការភ្ញាក់ផ្អើលដល់ព្រះសង្ឃនិងប្រជាពលរដ្ឋទាក់ទងទៅសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យមកជួយអន្តរាគមន៍បាញ់ទឹកពន្លត់ កាលពីវេលាម៉ោង ១និង១៥នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ ស្ថិតនៅចំណុចផ្លូវលេខ១៧៨ ភូមិ៩ សង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ក្នុងប្រតិបត្តិការខាងលេីនេះ គឺទទួលបានបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានដឹកនាំបញ្ជាផ្ទាល់ដល់កងកម្លាំងពន្លត់អគ្គិភ័យដែលប្រចាំការនៅគ្រប់បណ្តាគោលដៅទាំងអស់ឱ្យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ឱ្យទាន់ពេលវេលា កុំឲ្យមានការឆាបឆេះបន្តដល់ផ្ទះប្រជាពលរដ្ឋដែលនៅក្បែរនោះ។
ជាមួយគ្នានោះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន០៥គ្រឿង ក្នុងនោះរួមមាន រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យរាជធានីភ្នំពេញចំនួន០៥គ្រឿង ប្រើប្រាស់ទឹកអស់០៥ឡាន ស្មើនឹង១៦ម៉ែត្រគូប ។
ដោយឡែកចំពោះប្រភេទសំណង់ខាងលើនេះ គឺ ថ្មបេតុង ឆេះបន្ទប់ទំហំ (២ម៉ែត្រ x ២ម៉ែត្រ) ទៀនវស្សា ពិតានខាងលើ និងសម្ភារៈមួយចំនួន និងពុំបណ្តាលឱ្យឆេះរាលដាលដល់កុដិក្បែរខាងឡើយ។ ចំពោះគ្រោះអគ្គិភ័យខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញរបស់យើងធ្វើការបាញ់ឱ្យរលត់ទៅវិញនៅវេលាម៉ោង ២និង១៥នាទីយប់រំលងអធ្រាត្រនាថ្ងៃដដែល។
ចំពោះហេតុការណ៍គ្រោះអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវ ដោយបញ្ជាក់ថា ករណីនេះគឺបណ្តាលមកពីការដុតទៀនវស្សាឆេះរាលដាលបង្កជាអគ្គិភ័យ។ ដោយឡែក នៅក្នុងហេតុការណ៍នេះ មិនបានបណ្តាលឱ្យអ្នកណាម្នាក់រងរបួសឡើយ៕ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print