ភ្នំពេញ ៖ តើជំងឺហឺត ព្យាបាលជាដែរឬទេ?
ក) ហឺត ជាជំងឺរលាកទងសួតរ៉ាំរ៉ៃដែលបង្កឡើយដោយប្រតិកម្មទងសួតជាមួយនឹងអាឡែកហ្សែន បន្ទាប់មកធ្វើអោយមានការត្បៀតទងសួតជាហេតុដែលបណ្តាលអោយមានការលំបាកក្នុងការដកដង្ហើមចេញ។
ខ) អាឡែកហ្សែន ជាអ្វី?
អាឡែកហ្សែនជាសារធាតុទាំងឡាយណាដែលអាចបង្កអោយមានប្រតិកម្មអាឡែកហ្ស៊ី ។
អាឡែកហ្សែនផ្លូវដង្ហើមអាចមានដូចជា៖
– រោមសត្វជាពិសេសសត្វឆ្មា
– សត្វល្អិតតូចៗដែលនៅតាមផួយ មុង កន្ទេល
– លំអងផ្កា
– ផ្សែងបារី ផ្សែងអូស ផ្សែងម៉ូតូឡាន ឬផ្សែងធូប
– អាកាសធាតុត្រជាក់
– ក្លិនឈួលខ្លាំង
– សារធាតុគីមី ។ល។
គ) រោគសញ្ញាហឺតមានដូចម្តេចខ្លះ?
រោគសញ្ញាហឺតអាចមានដូចជា៖
– ហត់
– ដកដង្ហើមចេញពិបាក (អាចលឺសំឡេង ងឺតៗ ដូចសំឡេងឆ្មា)
– ក្អក ជាពិសេសនៅពេលយប់ឬ ពេលអាកាសធាតុត្រជាក់
– ណែនទ្រូង
– ផ្តាសាយញឹកញាប់
ឃ) តើហឺតអាចព្យាបាលជាឬអត់?
រហូតមកដល់បច្ចប្បន្នថ្វីត្បិតតែពុំទាន់មានថ្នាំព្យាបាលជាដាច់ តែគេអាចគ្រប់គ្រងជំងឺហឺតបានប្រសើរ មានន័យថាអាចជំងឺអាចរស់នៅបានសុខសប្បាយដូចគេដូចឯងដោយពុំមានរោគសញ្ញារំខាន។ ករណីហឺតខ្លះអាចព្យាបាលជាដាច់បានទាល់តែហឺតនោះបង្កឡើយដោយអាឡែកហ្សែនជាក់លាក់ ឧទាហរណ៍ បើហឺតបង្កដោយអាឡែកហ្ស៊ីរោមឆ្មា នោះបើឈប់ប៉ះពាល់នឹងឆ្មានោះជំងឺហឺតនឹងជាដាច់។
ង) តើត្រូវព្យាបានដូចម្តេច?
ការព្យាបាលហឺតដោយប្រសិទ្ធភាពខ្ពស់ត្រូវ៖
– ជៀសវាងអោយបានពីអាឡែកហ្សែន ដែលបង្កអោយមានប្រតិកម្មទងសួត។
– ប្រើថ្នាំតាមវេជ្ជបញ្ជាដែលមានថ្នាំ២ក្រុមសំខាន់ៗ ។ ទី១ ជាប្រភេទថ្នាំសង្គ្រោះបន្ទាន់ ដែលប្រើតែពេលមានរោគសញ្ញារំខានតែប៉ុណ្ណោះ (Reliever medications) ។ ទី២ ជាប្រភេទថ្នាំព្យាបាលការរលាកជាប្រចាំនៃទងសួត ឬ ជាថ្នាំការពារកុំអោយមានរោគសញ្ញារំខាន (controller medications)។
ដូច្នេះបើមានរោគសញ្ញាសង្ស័យសូមអញ្ជើញមកពិគ្រោះជាមួយវេជ្ជបណ្ឌិតឯកទេសនៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីទទួលការព្យាបាលអោយបានត្រឹមត្រូវ និងទាន់ពេលវេលា ៕