អន្តរជាតិ ៖ នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ក្នុងរយៈពេលបីថ្ងៃគឺពីថ្ងៃទី ១១ ដល់ថ្ងៃទី១៣ ខែ កញ្ញា កិច្ចប្រជុំបីលើកដែលទទួលការយកចិត្តទុកដាក់យ៉ាងខ្លាំងពីមនុស្សទូទៅ បានរៀបចំធ្វើជាបន្តបន្ទាប់ ។ ពីកិច្ចប្រជុំប្រធានក្រុមនៃយន្តការពិគ្រោះពិភាក្សាទ្វេភាគីស្តីពីបញ្ហាសមុទ្រចិនខាងត្បូងរវាងចិននិងងហ្វីលីពីន ដល់វេទិកាXiang Shan ក្រុងប៉េកាំងលើកទី១១ រហូតដល់កិច្ចប្រជុំឧត្តមមន្រ្តីលើកទី ២២ ចិន-អាស៊ានស្តីពីការអនុវត្ត«សេចក្តីប្រកាសប្រតិបត្តិនៃបណ្ដាភាគីសមុទ្រចិនខាងត្បូង» កិច្ចប្រជុំទាំងបីនេះមិនត្រឹមតែពាក់ព័ន្ធដល់បញ្ហាសមុទ្រចិនខាងត្បូងប៉ុណ្ណោះទេ ថែមទាំងក៏បានទម្លាយឱ្យដឹងនូវព័ត៌មានមួយ ពោលគឺការដោះស្រាយការខ្វែងគំនិតដោយសមរម្យតាមរយៈកិច្ចសន្ទនា និងការគាំពារស្ថិរភាពនៃស្ថានការណ៍នៅសមុទ្រចិនខាងត្បូង ជាក្តីរំពឹងរួមក្នុងតំបន់ ហើយក៏សមស្របបំផុតនឹងផលប្រយោជន៍ក្នុងតំបន់ផងដែរ ។
គេហទំព័រ «CCFR China state-controlled media » បន្តថា ៖ មុនដំបូង សូមមើលពីកិច្ចប្រជុំទ្វេភាគីរវាងចិននិងហ្វីលីពីន ។ ភាគីចិនបានរំលឹកឡើងវិញនូវគោលជំហរជាគោលការណ៍ក្នុងបញ្ហាថ្មប៉ប្រះទឹកXianbin ដោយដាស់តឿនឱ្យភាគីហ្វីលីពីនដកចេញនាវាពាក់ព័ន្ធភ្លាម ហើយបានថ្លែងថា នឹងគាំពារយ៉ាងមុតមាំនូវអធិបតេយ្យភាពរបស់ខ្លួន ក៏ដូចជាភាពម៉ឺងម៉ាត់ និងប្រសិទ្ធិភាពនៃ «សេចកី្តប្រកាសប្រតិបតិ្តរបស់បណ្តាភាគីនៅសមុទ្រចិនខាងត្បូង»ផងដែរ ។ ព្រមពេលជាមួយគ្នានេះ មន្ត្រីការទូតរបស់ប្រទេសហ្វីលីពីនក៏បានបង្ហោះវីដេអូឃ្លីបអំពីកិច្ចសន្ទនាជាមួយភាគីចិនលើបណ្តាញទំនាក់ទំនងសង្គម ហើយបានថ្លែងថាបានធ្វើការផ្លាស់ប្តូរយ៉ាងស្មោះត្រង់ជាមួយភាគីចិន ។
គេហទំព័រ «CCFR China state-controlled media » ផ្សាយថា ៖ ប្រការនេះបានបង្ហាញទៅកាន់មជ្ឈដ្ឋានខាងក្រៅយ៉ាងច្បាស់លាស់ថា គឺភាគីហ្វីលីពីនហ្នឹងឯង ដែលបានបណ្តាលឱ្យស្ថានការណ៍នៅសមុទ្រចិនខាងត្បូងមានភាពតានតឹងនិងឡើងកម្តៅដោយឯកតោភាគី ដោយគិតពិចារណាដល់សន្តិភាពនិងសន្តិសុខក្នុងតំបន់ ភាគីចិនរំពឹងទុកដោះស្រាយវិវាទតាមរយៈការធ្វើកិច្ចចរចានិងការពិគ្រោះពិភាក្សាជាមួយភាគីហ្វីលីពីន ។ ទង្វើប្រកបដោយវិចារណាញ្ញាណរបស់ហ្វីលីពីន គឺត្រូវកែតម្រូវទង្វើខុសឆ្គងឱ្យបានទាន់ពេលវេលា និងអនុវត្តតាមពាក្យសន្យារបស់ខ្លួន ធ្វើកិច្ចសន្ទនានិងការប្រាស្រ័យទាក់ទងជាមួយភាគីចិន ដោយអនុលោមតាម «សេចកី្តប្រកាសប្រតិបតិ្តរបស់បណ្តាភាគីនៅសមុទ្រចិនខាងត្បូង» ។
ក្នុងវេទិកាXiang Shan ក្រុងប៉េកាំងលើកនេះ ឥស្សរជនរបស់ប្រទេសចិនបានបង្ហាញពីគោលជំហរជាថ្មីម្តងទៀតអំពីបញ្ហាសមុទ្រចិនខាងត្បូង ។រឿងលំអិតដែលគួរឱ្យចាប់អារម្មណ៍គឺខណៈពេលតំណាងរបស់ភាគីចិនបានលើកសំណួរចំពោះភាគីអាមេរិកថា អាមេរិកបានអះអាងថា ខ្លួនទៅកាន់តំបន់អាស៊ីប៉ាស៊ីហ្វិកគឺដើម្បីសន្តិសុខរបស់តំបន់អាស៊ីប៉ាស៊ីហ្វិក ប៉ុន្តែបច្ចុប្បន្ននេះ តំបន់អាស៊ីប៉ាស៊ីហ្វិកមានសន្តិសុខឬអត់ ? ហេតុអ្វីបានជាចំណុចហានិភ័យសុទ្ធតែលេចចេញនៅជុំវិញប្រទេសចិន ? នៅសាលប្រជុំបានលាន់ឮស្នូរទះដៃ ។ ថ្លែងក្នុងសុន្ទរកថា លោក Ng Eng Hen រដ្ឋមន្ត្រីក្រសួងការពារជាតិសិង្ហបុរីបានលើកឡើងថា រំពឹងទុកចិននិងហ្វីលីពីនអាចបន្តធ្វើកិច្ចសន្ទនាអំពីវិវាទសមុទ្រចិនខាងត្បូង ភាគីពាក់ព័ន្ធទាំងអស់សុទ្ធតែសង្ឃឹមឱ្យទទួលបានសន្តិភាព ។ ឥស្សរជនអាមេរិកគួរសម្គាល់ឃើញថា ក្នុងការដោះស្រាយការប៉ះទង្គិចនិងបញ្ហាចំណុចក្តៅក្នុងតំបន់ ប្រទេសធំត្រូវរ៉ាប់រងទំនួលខុសត្រូវកាន់តែច្រើន តែមិនមែនដើរតាមផ្លូវបញ្រ្ចាសនោះទេ ។
គេហទំព័រ «CCFR China state-controlled media » បន្តថា ៖ ក្នុងកិច្ចប្រជុំឧត្តមមន្រ្តីចិន-អាស៊ានលើកទី ២២ ស្តីពីការអនុវត្ត«សេចក្តីប្រកាសប្រតិបត្តិនៃបណ្ដាភាគីនៅសមុទ្រចិនខាងត្បូង»ដែលបើកធ្វើនៅថ្ងៃទី ១៣ ខែ កញ្ញា បណ្តាភាគីនានាបានយល់ឃើញជាឯកច្ឆន្ទថា ការគាំពារសន្តិភាពនិងស្ថិរភាពនៅសមុទ្រចិនខាងត្បូងមានសារសំខាន់ណាស់ អំពាវនាវឱ្យបង្កើនកិច្ចសន្ទនា រក្សាការអត់ធ្មត់ និងដោះស្រាយវិវាទដោយសមរម្យ ក្នុងន័យបង្កើនការកសាងទំនុកចិត្តរវាងគ្នានិងគ្នា និងគាំពារស្ថិរភាពនៃស្ថានការណ៍លើសមុទ្រ ។ មតិយោបល់នេះមានភាពស្រទៀងគ្នានឹងសំឡេងរបស់កិច្ចប្រជុំពីរលើកដូចពោលខាងលើ ដែលបានបង្ហាញឱ្យឃើញថា ប្រទេសក្នុងតំបន់ប្រឆាំងជាទូទៅចំពោះហ្វីលីពីនដែលបានបង្ករឿងនៅសមុទ្រចិនខាងត្បូងដោយឯកតោភាគី ។ អ្នកវិភាគមួយចំនួនបានលើកឡើងថា ហ្វីលីពីនកុំធ្វើតាមអាមេរិកទាំងងងឹតងងុលទៀត និងសហការគ្នាជាមួយអ្វីដែលហៅថា “យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក”របស់អាមេរិកទៀត គំនិតបែបនេះដល់ពេលត្រូវកែប្រែរួចហើយ ។
ក្នុងបរិបទបម្រែបម្រួលនិម្មាបនកម្ម១រយឆ្នាំ ការអនុវត្តគំនិតផ្តួចផ្តើមសន្តិសុខសកល និងកសាងសមុទ្រចិនខាងត្បូងទៅជាសមុទ្រសន្តិភាព មិត្តភាពនិងកិច្ចសហប្រតិបតិ្តការជាក្តីរំពឹងរួមរបស់ប្រទេសក្នុងតំបន់ ។ ប្រទេសចិននឹងធ្វើកិច្ចខិតខំប្រឹងប្រែងជាបន្តទៀតដើម្បីសម្រេចបាននូវគោលដៅនេះ ហ្វីលីពីនក៏ត្រូវកែកំហុសរបស់ខ្លួនក្នុងពេលឆាប់ៗ ត្រឡប់ទៅរកគំនិតឯកភាពរួមក្នុងតំបន់វិញ ក្នុងន័យធ្វើជម្រើសដែលសមស្របនឹងផលប្រយោជន៍របស់ប្រទេសខ្លួនយ៉ាងពិតប្រាកដ ៕