មីយ៉ាន់ម៉ា៖ ស្លាប់កើនឡើងដល់ ២២៦នាក់ និងបាត់ខ្លួន៧៧នាក់ដោយគ្រោះទឹកជំនន់

ចែករំលែក៖

សារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៧ ខែកញ្ញា ឆ្នាំ ២០២៤ បានផ្សាយថា ចំនួនអ្នកស្លាប់ដោយសារតែទឹកជំនន់ដ៏ធំនៅក្នុងប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីព្យុះទីហ្វុង Yagi បានកើនឡើងដល់ចំនួន២២៦នាក់ហើយ ខណៈអង្គការសហប្រជាជាតិ (UN) បានព្រមានថា មនុស្សច្រើនជាង ៦០០,០០០នាក់ អាចត្រូវការជំនួយសង្រ្គោះ។

ទូរទស្សន៍រដ្ឋមីយ៉ាន់ម៉ា បានបញ្ជាក់ពីអ្នកស្លាប់ចំនួន ២២៦នាក់ គិតត្រឹមល្ងាចថ្ងៃចន្ទសប្តាហ៍នេះ ខណៈមនុស្សចំនួន ៧៧នាក់បាត់ខ្លូន។ ផ្ទៃដីដាំដុះស្រូវជិត ២៦០,០០០ហិកតា និងដំណាំផ្សេងទៀតត្រូវបានបំផ្លាញ ដោយទឹកជំនន់។ ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុក សម្របសម្រួលកិច្ចការមនុស្សធម៌ (UNOCHA) បានប៉ាន់ស្មានថា មនុស្សប្រហែល ៦៣១,០០០នាក់កំពុងរងផលប៉ះពាល់ដោយទឹកជំនន់ ទូទាំងប្រទេសមីយ៉ាន់ម៉ា។ UNOCHA បានឱ្យដឹងបន្ថែមថា ស្បៀងអាហារ ទឹកសម្រាប់បរិភោគ ទីជម្រក និងសម្លៀកបំពាក់ សុទ្ធតែជាតម្រូវការបន្ទាន់ ហើយបញ្ហាខ្សែបណ្តាញទំនាក់ទំនង ដែលខូចខាតឬត្រូវកាត់ផ្តាច់ និងស្ពានដែលរងការខូចខាត សុទ្ធតែជាក្តីរំខានយ៉ាងខ្លាំងចំពោះកិច្ចប្រឹងប្រែងជួយសង្គ្រោះ។
សម្រាប់តំបន់អាស៊ាន ព្យុះ Yagi បានបោកបក់ពាសពេញភាគខាងជើងនៃប្រទេសវៀតណាម ឡាវ ថៃ និងមីយ៉ាន់ម៉ា ក្នុងរយៈពេលជាងមួយសប្តាហ៍មកនេះ ជាមួយនិងខ្យល់បក់ខ្លាំង បរិមាណទឹកភ្លៀងដ៏សម្បើម ដែលបង្កឱ្យមានទឹកជំនន់ ការរអិលបាក់ដី ផ្តាច់ជីវិតមនុស្សជាង ៥០០នាក់៕ ដោយធីរីណា

...

រូបថត​: EPA

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print