ខេត្តពោធិ៍សាត់៖ កម្លាំងនរគបាលជំនាញអធិការស្រុកក្រគរ សហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលក្បាលត្រាច ឃាត់ចាប់មុខសញ្ញាប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងចោរកម្មយ៉ាងសកម្ម ខណៈជនសង្ស័យរូបនេះត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកមកធ្វើការអប់រំជាញឹកញាប់នាពេលកន្លងមក។
ហេតុការណ៍នេះបានអនុវត្តឡើងនៅវេលាម៉ោង៨និង៤០នាទីព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៦ ត្រង់ចំណុចផ្ទះជនសង្ស័យស្ថិតនៅភូមិឈើទាលខ្ពស់ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ប្រភពព៌តមានពីសមត្ថកិច្ចនគរបាលចុះអនុវត្តបានឲ្យដឹងថា ជនសង្ស័យត្រូវបានកម្លាំងឃាត់ចាប់ឈ្មោះ យៀន យ៉េន ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភមិ-ឃុំកើតហេតុខាងលើ។
ប្រភពបន្តថា ការឃាត់ខ្លួនជនសង្ស័យរូបនេះ បន្ទាប់ពីគេបានធ្វើសកម្មភាពចុងក្រោយកាលពីរំលងអធ្រាត្រថ្ងៃទី២៦ ខែកក្តដា ឆ្នាំ២០១៦ ដោយលួចសម្ភារៈរបស់ឈ្មោះ ង៉ែត ប៊ុនថូ ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នា ម៉្យាងទៀតជនសង្ស័យរូបនេះជាមុខសញ្ញាប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន, ហិង្សាក្នុងគ្រួសារ, លួចសម្ភារៈប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានយ៉ាងសកម្ម ហើយសមត្ថកិច្ចទទួលបណ្តឹងតាមរយៈរាយការណ៍ឥតឈប់ឈរ។
ប្រភពដដែលបន្តទៀតថា ករណីឃាត់ខ្លួនមុខសញ្ញាប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងចោរកម្មខាងលើនេះ សមត្ថកិច្ចនគរបាលស្រុកបានបំពេញនីតិវិធី ដើម្បីបញ្ជូនខ្លួនគេទៅការិយាល័យជំនាញនៃស្នងការនគរបាលខេត្ត ដើម្បីបន្តតាមនីតិវិធី។៕
ដោយ៖ ប៉ឹម ពិន