ខេត្តក្រចេះ ៖ យោងតាមគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តក្រចេះ, ស្ថានភាពកម្ពស់ទឹកជំនន់ទន្លេមេគង្គនៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ នេះមានកម្ពស់ ២១,១៨ ម៉ែត្រ គឺកើនឡើង ០,០៦ម៉ែត្រ បើប្រៀបធៀបនឹងថ្ងៃម្សិលមិញមានកម្ពស់ ២១,១២ ម៉ែត្រ។ កម្រិតកម្ពស់ទឹកប្រុងប្រយ័ត្ន ២២ ម៉ែត្រ ។ នេះជាការបញ្ជាក់ពី លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ លើផេកផ្លូវការរបស់លោក ។
សូមបញ្ជាក់ថា ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា ៖ នៅព្រះរាជាណាចក្រកម្ពុជា ខណៈ ខ្យល់មូសុងនិរតី ដែលបក់លើសមុទ្រ អានដាមម៉ែន (Andaman Sea) ឈូងសមុទ្រថៃ សមុទ្រចិនខាងត្បូងនៅបន្តមានឥទ្ធិពល ខណៈសម្ពាធទាបនៅបន្តគ្របដណ្តប់លើភាគកណ្តាល នៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។
ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤
១-តំបន់វាលទំនាប៖
-សីតុណ្ហភាពមធ្យមអប្បបរមា២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៤°C។ ខ្យល់បក់ មកពីទិសនិរតី មានល្បឿនមធ្យម ៣,៥ម៉ែត្រ/វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្តាល តាកែវ និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃ ដី៥០%។
២-តំបន់ខ្ពង់រាប៖
-សីតុណ្ហភាពមធ្យមអប្បបរមា២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៣°C។ ខ្យល់បក់មក ពីទិសនិរតី និងបស្ចិមមានល្បឿនមធ្យម ៣ម៉ែត្រ/វិនាទី។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ រ័តនគិរី មណ្ឌលគិរី តំបន់ជួរភ្នំក្រវាញ និងជួរភ្នំដងរែក អាចមាន ភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី៤០% ៕