ទីភ្នាក់ងារព័ត៌មាន AP បានរាយការណ៍ថា កាលពីថ្ងៃទី 22 ខែកញ្ញាថា ប៉ូលិសម្នាក់បានស្លាប់ និង4នាក់ផ្សេងទៀតបានរងរបួស នៅពេលដែលគ្រាប់បែកនៅតាមដងផ្លូវបានផ្ទុះឡើង ពេលក្បួនរថយន្តដឹកអ្នកការទូតបរទេសឆ្លងកាត់។
ការបំផ្ទុះគ្រាប់បែកនេះបានកើតឡើងនៅពេលដែលគណៈប្រតិភូអ្នកការទូតកំពុងធ្វើដំណើរទៅកាន់តំបន់ទេសចរណ៍មួយក្នុងខេត្ត Khyber Pakhtunkhwa ជាប់ព្រំដែនអាហ្វហ្គានីស្ថាន។ តំបន់នេះក៏ជាមូលដ្ឋានសម្រាប់ក្រុមបះបោរ រួមទាំងក្រុមតាលីបង់ប៉ាគីស្ថានផងដែរ។
ការផ្ទុះនេះបានកើតឡើងនៅឯរមណីយដ្ឋានទេសចរណ៍ និងរមណីយដ្ឋាន Malam Jabba ចម្ងាយប្រហែល 250 គីឡូម៉ែត្រភាគខាងជើងនៃរដ្ឋធានី Peshawar នៃខេត្ត Khyber Pakhtunkhwa ។
អ្នកការទូតនៅក្នុងគណៈប្រតិភូមកពីប្រទេសឥណ្ឌូនេស៊ី ព័រទុយហ្គាល់ កាហ្សាក់ស្ថាន បូស្នៀ និងហឺហ្សេហ្គោវីណា ហ្ស៊ីមបាវ៉េ រ្វ៉ាន់ដា តូមិននីស្ថាន អុីរ៉ង់ រុស្ស៊ី តាជីគីស្ថាន… ពួកគេទាំងអស់មានសុវត្ថិភាព ហើយកងកម្លាំងសន្តិសុខមានវត្តមាននៅពេលនោះភ្លាមៗ។
គណៈប្រតិភូបានទៅទស្សនាតំបន់នេះតាមការអញ្ជើញរបស់សភាពាណិជ្ជកម្ម និងឧស្សាហកម្មក្នុងស្រុក។ ក្រសួងការបរទេសប៉ាគីស្ថានមិនបានផ្តល់ព័ត៌មាន និងគ្មានភាគីណាមួយអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះទេ។
នៅក្នុងការវាយប្រហារដាច់ដោយឡែកមួយនៅក្នុងខេត្ត Balochistan ភាគនិរតីនៃប្រទេសប៉ាគីស្ថាន ខ្មាន់កាំភ្លើងបានវាយប្រហារលើការល្បាតសន្តិសុខនៅក្នុងស្រុក Zhob និងបានសម្លាប់ប៉ូលីសពីរនាក់កាលពីល្ងាចថ្ងៃទី 21 ខែកញ្ញា៕ ដោយធីរីណា
រូបថត: TTXVN