ទីក្រុងរីយ៉ូ៖ កាលពីព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៦ កីឡាការិនីចំបាប់ ចូវ សុធារ៉ា របស់កម្ពុជាបានទៅចូលរួមហ្វឹកហាត់ត្រៀម លក្ខណៈជាមួយកីឡាការិនីមកពីប្រទេស រូម៉ានីក្នុងប្រភេទទម្ងន់៤៨គីឡូក្រាម ។
នេះបើតាមសេចក្តីរាយការណ៍របស់ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈ កម្មាធិការជាតិអូឡាំពិកកម្ពុជាបានបញ្ជាក់តាមរយៈសារសំឡេងក្នុងប្រព័ន្ធអេឡិចត្រូនិក។
លោក វ៉ាត់ ចំរើន មានប្រសាសន៍ថា រយៈពេលប៉ុន្មានថ្ងៃនេះ កីឡាការិនីចូវ សុធារ៉ា ពុំសូវបានធ្វើការហ្វឹកហាត់ជាមួយកីឡាការិនីមកពីបណ្តាប្រទេសដទៃនោះទេ ដោយសារតែកីឡាការិនីប្រភេទកីឡា ចំបាប់មិនទាន់បានធ្វើដំណើរមកដល់ ប្រទេសប្រេស៊ីលអស់នៅឡើយ ។
លោកបានបន្តទៀតថា ដោយសារតែ កីឡាការិនីរបស់កម្ពុជាបានទៅដល់ប្រទេសប្រេស៊ីលមុនគេ ហេតុដូច្នេះហើយទើបយើងខ្វះអ្នកហ្វឹកហាត់ជាមួយ ។ ចំណែកកីឡា ការិនីប្រទេសដទៃគឺមានប្រទេសតិចតួចណាស់ដែលទៅដល់ហេតុនេះយើងបានស្វែងរកកីឡាការិនីណាដែលអាចឲ្យយើងហ្វឹកហាត់ជាមួយដូចពេលនេះអ៊ីចឹង ចូវ សុធារ៉ា បានហ្វឹកហាត់ជាមួយកីឡាការិនី របស់ប្រកទេសរូម៉ានី ។
លោកអគ្គលេខាធិការ NOCC បាន បញ្ជាក់ថា ការប្រកួតជាផ្លូវការរបស់កីឡាការិនី ចូវ សុធារ៉ា នឹងប្រព្រឹតទៅនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦ ប៉ុន្តែពុំទាន់បានដឹងថា កីឡាការិនីរូបនេះត្រូវជួបប្រកួតជាមួយ កីឡាការិនីមកពីប្រទេសណាមុននោះ ឡើយ ។
គួររំលឹកថា បើទោះបីកីឡាការិនី ចូវ សុធារ៉ា ទទួលបានសិទ្ធិអនុគ្រោះពីគណៈកម្មការអន្តរជាតិឲ្យចូលរួមប្រកួតក៏ដោយ ប៉ុន្តែការប្រកួតរបស់កីឡាការិនី រូបនេះធ្វើឡើងដោយស្មើមុខស្មើមាត់ដូចកីឡាការិនីដែលទទួលបានសិទ្ធិចូលរួមពេញលេញ ដែរ ៕
ដោយ៖ សារីម