ខេត្តសៀមរាប៖ បទល្មើសព្រៃឈើដឹកជញ្ជូនចេញពីព្រំប្រទល់ខេត្តព្រះវិហារឆ្លងកាត់តាមផ្លូវសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើត្រូវបានគេសង្កេតឃើញមាន ការដឹកជញ្ជូនតាមរយៈរថយន្តកូរ៉េកែច្នៃ រថយន្តសាំយ៉ុងនិងរថយន្តនីសាន់ ក៏ដូចជា រ៉ឺម៉កយ៉ាងរលូនដោយមិនខ្វល់ពីច្បាប់ សូម្បី តែបន្តិចជាហេតុធ្វើឲ្យមានការសង្ស័យថា លោកយ៉ាន់ ស៊ីវ៉ាត់ នាយសង្កាត់រដ្ឋបាល ព្រៃឈើស្វាយលើអាចជាប់ពាក់ព័ន្ធនឹង ឈ្មួញដឹកជញ្ជូនឈើដោយសេរីនេះ ។
បទល្មើសដឹកជញ្ជូនឈើដោយខុស ច្បាប់ ត្រូវបានគេដឹងថា លោក វណ្ណៈ ហៅ ពៅប្រជ្រុយ រស់នៅក្នុងក្រុងសៀមរាប និង លោក ថាជាឈ្មួញរកស៊ីដឹកឈើខុសច្បាប់ឡើងដុះស្លែប្រចាំខេត្តសៀមរាប ហើយ ត្រូវបានគេសង្ស័យថា មានការឃុបឃិត គ្នាជាមួយនឹងលោក យ៉ាន់ ស៊ីវ៉ាត់ នាយសង្កាត់រដ្ឋបាលព្រៃឈើស្វាយលើជាអ្នក បើកភ្លើងខៀវឲ្យឈ្មួញទាំង២នាក់នេះ ដឹកជញ្ជូនឈើដោយខុសច្បាប់ ដើម្បី ប្រមូលលុយមកផ្គាប់ផ្គុនលោក ទា គឹមសុទ្ធ នាយខណ្ឌរដ្ឋបាលព្រៃឈើ សៀមរាប ដើម្បីរក្សាតំណែង ។
សកម្មភាពរបស់លោក វណ្ណៈ ហៅ ពៅប្រជ្រុយបានដឹកឈើដោយសេរី ចេញពីព្រំប្រទល់ខេត្តព្រះវិហារមកខេត្តសៀម រាបឆ្លងកាត់សង្កាត់ស្វាយលើ សង្កាត់ សូទ្រនិគម និងសង្កាត់បាគង ដោយរលូន ពុំមានការបង្រ្កាបនោះឡើយ មានតែជំនាញចាំយកលុយដាក់ហោប៉ៅប៉ុណ្ណោះតែបើ ប្រជាពលរដ្នក្រីក្រប្រកបមុខរបរដឹកឈើ បន្តិចបន្តួចបែរជាត្រូវបានមេព្រៃហចាប់ ។
ប្រជាពលរដ្នសំណូមពរដល់លោករដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាបមាញ់និងនេសាទ មេត្តាចាត់វិធានការលើលោក យ៉ាន់ ស៊ីវ៉ាត់ ដែលសង្ស័យមានការឃុបឃិតបក្ខពួកនិយម ធ្វើបាបតែប្រជាពលរដ្ឋរកស៊ីតូចតាចគ្មានលុយផ្គាប់ចិត្តដូចឈ្មួញធំៗដឹកឈើ ហូរហែគ្មានការហាមឃាត់ ។
ពាក់ព័ន្ធនឹងព័ត៌មានខាងលើនេះលោក វណ្ណៈ ហៅពៅប្រជ្រុញជាឈ្មួញដឹកឈើ រាប់សិបឆ្នាំតែពុំមានច្បាប់ ដោយសំអាង ខ្នងលោក យ៉ាន់ ស៊ីវ៉ាត់ មេព្រៃ នៅពីក្រោយ ខ្នងនោះអ្នកយកព័ត៌មានមិនអាចសុំការបំភ្លឺបានទេដោយសារទូរស័ព្ទបិទពុំអាចទំនាក់ ទំនងបាន ។ រីឯលោក យ៉ាន់ ស៊ីវ៉ាត នាយ សង្កាត់ ក៏ពុំអាចទំនាក់ទំនងបានដែរ ៕
ដោយ៖ ប៊ុន រិទ្ធី