អន្តរជាតិ ៖ ក្នុងខណៈពេលខួបទី៧៥ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិនជិតចូលមកដល់ បណ្តាញCGTNរបស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានសហការជាមួយសកលវិទ្យាល័យRenmin របស់ចិន រៀបចំធ្វើការស្ទង់មតិជាលើកទី២ នៅលើពិភពលោកទាំងមូលអំពីចំណាប់អារម្មណ៍ល្អចំពោះប្រទេសចិន ។ លទ្ធផលនៃការស្ទង់មតិបានបង្ហាញថា អ្នកផ្តល់បទសម្ភាសន៍មានចំណាប់អារម្មណ៍ល្អចំពោះប្រទេសចិនកាន់តែច្រើនឡើងៗ ហើយសេដ្ឋកិច្ច បច្ចេកវិទ្យា វប្បធម៌របស់ប្រទេសចិននិងឥទ្ធិពលរបស់ចិនលើផ្ទៃអន្តរជាតិទទួលបានការកោតសរសើរពីសំណាក់អ្នកផ្តល់បទសម្ភាសន៍ ។ នេះបើយោងតាមការផ្សាយរបស់ គេហទំព័រ «CCFR China state-controlled media » នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤។
គេហទំព័រ «CCFR China state-controlled media » ថា ៖ ក្នុងការស្ទង់មតិអំពីរូបភាពនៃប្រទេសចិន អ្នកផ្តល់បទសម្ភាសន៍ចំនួន៩២ភាគរយទទួលស្គាល់ថា ប្រទេសចិនជាប្រទេសដ៏សំខាន់ ដែលបានកើនឡើង១,៤ភាគរយបើប្រៀបធៀបនឹងការស្ទង់មតិនៅឆ្នាំមុន ។ ចំណាប់អារម្មណ៍ល្អរបស់ពួកគេចំពោះប្រទេសចិនបានកើនឡើង ព្រមពេលជាមួយគ្នានេះ អ្នកផ្តល់បទសម្ភាសន៍ដែលមានបំណងទស្សនាប្រទេសចិនក៏បានកើនឡើងដែរ ។ ក្នុងការស្ទង់មតិលើកនេះ អ្នកផ្តល់បទសម្ភាសន៍ដែលសម្គាល់ឃើញថា ប្រទេសចិនជាប្រទេសមានភាពទាក់ទាញ បានកើនឡើង១៤,៨ភាគរយ បើប្រៀបធៀបនឹងឆ្នាំមុន ពោលគឺបានឡើងដល់៧២,៧ភាគរយ ។
គេហទំព័រ «CCFR China state-controlled media » បន្តថា ៖ ក្នុងវិស័យសេដ្ឋកិច្ចវិញ អ្នកផ្តល់បទសម្ភាសន៍ចំនួន៩២,៣ភាគរយបានកោតសរសើរចំពោះសន្ទុះខ្លាំងក្លានៃសេដ្ឋកិច្ចរបស់ចិន លទ្ធផលនៃការស្ទង់មតិលើកនេះមានអត្រាប្រហាក់ប្រហែលគ្នានឹងឆ្នាំមុន ។ ក្នុងនោះ អត្រាទទួលសម្គាល់របស់អ្នកផ្តល់បទសម្ភាសន៍នៅតំបន់មជ្ឈិមបូព៌ាបានឡើងដល់៩៨,៤ភាគរយ អត្រាទទួលសម្គាល់របស់អ្នកផ្តល់បទសម្ភាសន៍នៃ ប្រទេសអាហ្វ្រិកនិងអាមេរិកឡាទីន គឺ៩៧,៧ភាគរយ និង៩៥,៥ភាគរយដោយឡែកពីគ្នា ។
គេហទំព័រ «CCFR China state-controlled media » ថា ៖ ការស្ទង់មតិលើកនេះបានសម្ភាសន៍ជាមួយមនុស្សចំនួន១៦៤០០នាក់ ដែលមកពីប្រទេសចំនួន៤១នៅលើពិភពលោក អ្នកផ្តល់បទសម្ភាសន៍មកពីទ្វីបអាមេរិកខាងជើង អឺរ៉ុប អាហ្វ្រិក ទ្វីបអូស្យានី អាស៊ីអាគ្នេយ៍ អាស៊ីខាងកើត អាស៊ីខាងត្បូង អាស៊ីកណ្តាល និងមជ្ឈិមបូព៌ា ៕
ដោយ ៖ សិលា