ឌីជីថលក្នុងវិស័យមហាផ្ទៃ៖ Cambodia e-arrival មានអ្នកចូលប្រើជាង៤សែននាក់ និងអ្នកទាញយកកម្មវិធីជាង២សែននាក់!

ចែករំលែក៖

ភ្នំពេញ ៖ ដាក់ឱ្យដំណើរការជាផ្លូវការ នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤ ប្រព័ន្ធ Cambodia e-arrival ផ្ដួចផ្ដើមបង្កើតឡើងដោយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ សហការជាមួយស្ថាប័នពាក់ព័ន្ធ ទទួលបានការចូលទៅប្រើប្រាស់ពីសាធារណជនជាងជាង៤សែន២ម៉ឺននាក់ហើយ បើគិតមកត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤។ តួលេខនេះ រាប់បញ្ចូលចាប់ពីពេលដាក់ឱ្យប្រើប្រាស់សាកល្បង កាលពីដើមឆ្នាំ២០២៤មក។

លោកបណ្ឌិត ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤នេះថា ទន្ទឹមនឹងការទទួលបានអ្នកចូលទៅប្រើប្រាស់ជាង៤សែននាក់ ក៏មានអ្នកទាញយក កម្មវិធី Cambodia e-arrival ជាង២សែន២ម៉ឺននាក់ទៀតដែរ ដោយការទាញយកកម្មវិធីដ៏ទំនើបនេះ មានទាំងតាមប្រព័ន្ធAndroid ប្រព័ន្ធiOS ប្រព័ន្ធHuawei និងប្រព័ន្ធWebsite។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចាត់ទុកប្រព័ន្ធអេឡិចត្រូនិកសលាកបត្រចូលព្រះរាជាណាចក្រកម្ពុជា ឬCambodia e-Arrival គឺជាសមិទ្ធផលរួមមួយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដើម្បីរួមចំណែកទាក់ទាញភ្ញៀវទេសចរ វិនិយោគិន និងពង្រឹងសន្តិសុខ ក្នុងបរិបទឌីជីថល ដូចបានកំណត់ក្នុងយុទ្ធសាស្រ្តបញ្ចកោណ និងស្របតាមបរិបទនៃពិភពលោកដែលកំពុងមានភាពរីកចម្រើនផ្នែកបច្ចេកវិទ្យា។

ប្រព័ន្ធ Cambodia e-Arrival នឹងជួយកាត់បន្ថយពេលវេលាបំពេញបែបបទចូល-ចេញប្រទេស ធានាថាអ្នកដំណើរអាចឆ្លងកាត់បានយ៉ាងឆាប់រហ័ស មានភាពងាយស្រួល ដោយអ្នកដំណើរចូលកម្ពុជាតាមអាកាសយានដ្ឋានអន្តរជាតិនានា គ្រាន់តែបំពេញព័ត៌មានតាមទម្រង់ដែលបានកំណត់តាមតំណភ្ជាប់ទៅគេហទំព័រ www.arrival.gov.kh ឬកម្មវិធី Cambodia e-Arrival រួមមាន ទម្រង់សលាកបត្រអន្តោប្រវេសន៍ រួមទាំងពាក្យស្នើសុំទិដ្ឋាការពេលមកដល់ ទម្រង់លិខិតរាយការណ៍គយ និងទម្រង់លិខិតប្រកាសសុខភាពរបស់អ្នកដំណើរ។

សាធារណជន ឬ អ្នកដំណើរជាតិ និងអន្តរជាតិ  អាចចូលបំពេញបាន៧ថ្ងៃមុនថ្ងៃចេញដំណើរ អាចប្រើបាន៧ភាសា អាចបំពេញ២ទម្រង់ គឺតាមរយៈ App & Website APP: Cambodia e-Arrival (App Store & Play Store) និង Website: https://interior.gov.kh/tech_application_suite ក្រសួងមហាផ្ទៃ។ បើតាមអ្នកនាំពាក្យដដែល ពេលនេះក្រសួងមហាផ្ទៃបាននិងកំពុងដាក់ឱ្យដំណើរការ Cambodia e-Arrival នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ សៀមរាបអង្គរ និងខេត្តព្រះសីហនុ មុននឹងបន្តអនុវត្តតាមបណ្ដាច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារទ្វេភាគីផ្សេងទៀតនាពេលខាងមុខ៕

...

ដោយ ៖ លោក សេង បូលីន មន្រ្តីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print