ខេត្តព្រះសីហនុ ៖ ចំពោះសកម្មភាព របស់ព្រះសង្ឃមួយអង្គគង់នៅវត្តអូរត្រេះ ស្ថិតនៅក្រុងខេត្ត ព្រះសីហនុ ដែលចាប់របស់របរ ប្រជាពលរដ្ឋ(ពុទ្ធបរិស័ទ)ដែលបានលក់ដូរបន្តិចបន្តួចនៅជិតមុខវត្ត បោះចោល ក្លាយជាការរិះគន់ជាមួយយ៉ាងខ្លាំងលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ដោយចាត់ទុកថាទង្វើរបស់ព្រះអង្គ បាត់បង់ភាពខន្តី មានគំនិតទោសៈមោហៈ មិនសមភ្នែកប្រជាពលរដ្ឋ ដែលបានឃើញទង្វើទាំងអស់នោះឡើយ។ ការពិតគ្រាន់តែរឿងប៉ណ្ណឹងសោះ «លោកសង្ឃហាមមិនអោយលក់តាំងពីកាន់បិណ្ឌ១ ដល់បិណ្ឌ១២ មិនព្រមឈប់លក់ ទើបកើតជាទោស: មោហ:តែម្តង» ! ហើយក៏ជាកំហុសលោកសង្ឃដែរ ព្រោះលោកមិនមែន ជាអាជ្ញាធរ សមត្ថកិច្ច អ្នករៀបចំសណ្តាប់ធ្នាប់ឡើយ។
សូមបញ្ជាក់ថា ៖ ករណីនេះបានកើតឡើងនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤ វេនកាន់បិណ្ឌទី១២ ។ បើតាមលោក កង ឌីណាត ប្រធានមន្ទីរធម្មការ និងសាសនា ខេត្តព្រះសីហនុ នៅល្ងាចថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ បានប្រាប់អង្គភាពមជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” តាមទូរស័ព្ទថា ៖ ចំពោះករណីខាងលើនេះ ខ្ញុំពិតជាបានឃើញព្រះសង្ឃបានចាប់របស់របរប្រជាពលរដ្ឋបោះមែន ដូច្នេះហើយខ្ញុំក៏បានចុះទៅពិនិត្យនិងសម្ភាសន៍ដោយផ្ទាល់ពីប្រជាពលរដ្ឋដែលបានលក់ដូរនៅទីនោះ រហូតដល់ក្នុងវត្តបន្ថែមទៀត ហើយតាមការបញ្ជាក់ពីអ្នកលក់ដូរគាត់បានប្រាប់ថា, គាត់មានកំហុសផងដែរ ដោយសារនៅម្ដុំមុខវត្ត និងនៅជាប់របងវត្ត ព្រះចៅអធិការវត្ត អាជ្ញាធរ សមត្ថកិច្ច ក្រុងព្រះសីហនុ ហាមមិនឱ្យលក់ដូរទេតាំងពីមុនកាន់បិណ្ឌ ។ លោកបន្តថា ៖ ដល់ពេលកាន់បិណ្ឌមួយ រហូតដល់កាន់បិណ្ឌ១២ ទាំងប្រជាការពារ សមត្ថកិច្ចនគរបាល កម្លាំងកងរាជអាវុធហត្ថ សណ្ដាប់ធ្នាប់ក្រុង បានមកចុះធ្វើការណែនាំមិនឲ្យលក់ដូរ។ ពួកគាត់ក៏បានស្ដាប់តាមការណែនាំ បានតែមួយភ្លែត ពេលសមត្ថកិច្ចអាជ្ញាធរចេញអស់ គាត់លក់ដដែល នេះជាមូលហេតុមួយដែលឈានដល់ ព្រះសង្ឃមួយអង្គបានចាប់របស់នោះបោះចោល ។ លោកប្រធានមន្ទីរបានបន្តថា ៖ បើចង់ដឹងច្បាស់ សូមមើលនៅក្នុងផេកអង្គភាពមន្ទីរធម្មការ និងសាសនា ខេត្តព្រះសីហនុ ដែលលោកបានបង្ហោះមុននេះកន្លះម៉ោងនៅល្ងាចថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤។
ផ្ទុយទៅវិញ បើយោងតាមការបង្ហោះនោះ ឃើញថាបងប្អូនអាជីវករ គាត់បានសារភាពកំហុស មិនដឹងថានេះជា និយាយចេញពីចិត្ត ឬមួយមានការគំរាមកំហែង ឬបង្ខិតបង្ខំណាមួយទេ បើស្ដាប់សំដីពួកគាត់ គឺឆ្លើយថាខុស និងសុំទោស មិនលក់ដូរតទៅទៀត មិនហ៊ានប្រឆាំងនឹងសមត្ថកិច្ចអាជ្ញាធរ ហើយពួកគាត់ក៏សូមលុបចោលនូវការ Comments ការបង្ហោះ រាល់សកម្មភាពនោះចោលទាំងអស់ថែមទៀត។
សូមបញ្ជាក់ថា ៖ បើទោះជាបងប្អូនប្រជាពលរដ្ឋ អ្នកលក់ដូរដែលជាពុទ្ធបរិស័ទ គាត់បង្ហាញពីកំហុសនិងសុំទោស ប៉ុន្តែគប្បី ខាងព្រះសង្ឃ បង្ហាញអំពីទឹកចិត្តបរិសុទ្ធ ជ្រះថ្លានិងធម៌អារ្យ បញ្ជាក់ការពិតនោះផងដើម្បីឱ្យសាធារណជនបានដឹង ! ក្នុងនោះ
មានព្រះសង្ឃមួយអង្គបានបញ្ចេញសង្ឃដីកាថា, «អ្វីៗតែងតែមានហេតុ និងមានផល ហេតុបែបណាគឺផលបែបនោះ មិនអាចវិនិច្ឆ័យមើលឃើញតែមួយជ្រុង»។ ប៉ុន្តែក៏មិនគាំទ្រនៅទង្វើបែបនេះ មិនបានតាំងកាយកម្មប្រកបទៅដោយមេត្តា មិនមែនជាតួនាទីរបស់ខ្លួនធ្វើបែបនេះ។
មានមតិជាច្រើនបានលើកឡើងថា ៖ ពិធីបុណ្យកាន់បិណ្ឌ វត្តអូរត្រេះ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ជាបុណ្យកាន់បិណ្ឌ ឈានដល់បុណ្យភ្ជុំបិណ្ឌ ជាបុណ្យប្រពៃណីជាតិខ្មែរ ជាពិធីបុណ្យពុទ្ធសាសនា របស់ព្រះពុទ្ធ ដែលជាសាសនារបស់រដ្ឋ គប្បីព្រះសង្ឃ តាំងកាយកម្មប្រកបទៅដោយមេត្តា មិនមែនជាតួនាទីរបស់ខ្លួនធ្វើបែបនេះទេ ជាទង្វើមួយមិនគប្បី មិនសមភ្នែកប្រជាពលរដ្ឋ ពុទ្ធបរិស័ទឡើយ ដូច្នេះខាងអង្គភាពមន្ទីរធម្មការ និងសាសនាខេត្តព្រះសីហនុ ក៏ដូចជាគណៈគណៈគុណក្រុង ខេត្ត ពង្រឹងលើវិន័យព្រះសង្ឃ ឲ្យបានខ្ជាប់ខ្ជួន ដើម្បីឲ្យ ការប្រតិបត្តិនូវធម៌វិន័យ ប្រកបដោយគុណសម្បត្តិ គុណធម៌ ប្រតិបត្តិ បានត្រឹមត្រូវ ជាគំរូដ៏ល្អធ្វើឲ្យប្រជាពលរដ្ឋ ពុទ្ធបរិស័ទ បានមើលឃើញអំពីអ្វីដែលជាសីលធម៌ សម្រាប់ជាការអនុវត្ត ឱ្យបានល្អក្នុងសង្គម ៕
ដោយ ៖ សិលា