ក្រុមតោខៀវ Chelsea ដែលបង្ហាញពីការផ្លាស់ប្តូរទម្រង់លេងយ៉ាងល្អ បានទទួលជ័យជម្នះយ៉ាងងាយស្រួលលើក្រុម Gent ក្នុងការប្រកួតបើកឆាកប្រកួត Conference League របស់ខ្លួនកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី៤ តុលានេះ ក្នុងលទ្ធផល៤ទល់២។
ខ្សែការពារ Renato Veiga បានរកគ្រាប់បាល់១គ្រាប់នាំមុខមុនគេនៅនាទីទី១១ពីការបញ្ជូនបាល់របស់ Mykhailo Mudryk ។ បន្ទាប់មកខ្សែបម្រើស្លាប Pedro Neto រកបានគ្រាប់ទី២ នៅនាទីទី៤៦ ក្នុងម៉ោងបន្ថែមតង់ទី១ បន្ទាប់ពីបានបញ្ជូនបាល់ឆ្ងាយដោយកីឡាករ Axel Disasi។
ចូលដល់ការប្រកួតក្នុងតង់ទី២ក្រុមភ្ញៀវ Gent រកបាន១គ្រាប់តាមពីក្រោយវិញនៅនាទីទី៥០ ដោយខ្សែការពារ Tsuyoshi Watanabe ដែលជួយឲ្យក្រុមខ្លាំងមកពីបែលហ្ស៊ិកមួយនេះអាចតទល់នឹងក្រុមមកពីអង់គ្លេសបាន។
ក្រោយពីក្រុមភ្ញៀវរកបាន១គ្រាប់តាមពីក្រោយហើយ ក្រុមតោខៀវ Chelsea បានបន្ថែម២គ្រាប់ទៀតដែលជាគ្រាប់ទី៣ និងទី៤នៃការប្រកួតនេះ ដោយគ្រាប់ទី៣រកបានដោយខ្សែប្រយុទ្ធឆ្នើម Christopher Nkunku នៅនាទីទី៦៣ និងគ្រាប់បាល់ទី៤រកបានដោយខ្សែបម្រើ Kiernan Dewsbury-Hall នៅនាទីទី៧០។
នៅចុងម៉ោងជិតនឹងចប់ការប្រកួតទៅហើយកីឡាករ Omri Gandelman របស់ក្រុម Gent បានរក១គ្រាប់បន្ថែមទៀតដែលជាគ្រាប់ទី២របស់ក្រុម ធ្វើឲ្យចប់ការប្រកួតក្រុមម្ចាស់ផ្ទះ Chelsea យកឈ្នះលើ Gent ក្នុងលទ្ធផល ៤ទល់២។
លទ្ធផលនេះគឺជាទម្រង់លេងបង្ហាញពីភាពស៊ីជម្រៅនៅក្នុងក្រុម Chelsea ដោយក្រុមតោខៀវជាក្រុមដែលឈ្នះ៥ប្រកួតជាប់គ្នា ក្រោយពីពួកគេយកឈ្នះ Brighton ៤-២ ក្នុងក្របខ័ណ្ឌ Premier League កាលពីថ្ងៃសៅរ៍មុន ប៉ុន្តែក៏បង្ហាញពីគម្លាតនៃការប្រកួតលីករបស់ក្លិបមួយចំនួនផងដែរ ព្រោះតែ Chelsea រដូវកាលនេះលេងក្នុងកម្រិតទី៣របស់អឺរ៉ុប។
Conference League មានដំណាក់កាលប្រកួតបែបថ្មីដោយមាន៣៦ក្រុមនៅរដូវកាលនេះ ដោយ Chelsea ដេញថ្លៃដើម្បីឈានទៅវគ្គបន្តដោយស្វ័យប្រវត្តិដោយបញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលទាំង៨។ ទោះបីជាយ៉ាងណាក៏ដោយ គោលដៅចុងក្រោយរបស់ Chelsea ក្នុងការប្រកួតប្រជែងគឺដើម្បីក្លាយជាក្រុមដំបូងគេដែលបន្ថែមពាន Conference League ទៅនឹងជោគជ័យមុនៗក្នុងពានរង្វាន់ Europa League និង Champions League ៕ (រូបភាព ៖ BBC Sport)