ខេត្តស្វាយរៀង: មានការភ្ញាក់ផ្អើលដល់បុគ្គលិកនិងសន្តិសុខខណៈ ប្រទះ ជនជាតិតៃវ៉ាន់ម្នាក់ដេកស្លាប់បន្ទាប់ពី លោត ពីលើអគារក្រុមហ៊ុនកាស៊ីណូយីហោ”ប៉ារីសបូព៌ា”សង្ស័យមានវិបត្តិផ្លូវចិត្ត។
យោងតាមសមត្ថកិច្ចនគរបាលខេត្តបានអោយដឹងថាបុរសខាងលើមានឈ្មោះកូ ជៀនវៃ (KO CHIEN WEI) ភេទប្រុស ជនជាតិចិនតៃវ៉ាន់ កើតថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ១៩៩៣ មុខរបរបុគ្គលិកផ្នែកអនឡាញ កាន់លិខិតឆ្លងដែនលេខ362610280 បច្ចុប្បន្នស្នាក់នៅបណ្ដោះអាសន្នបន្ទប់លេខ៥១២ ជាន់ទី៥ អគារA ក្នុងបរិវេណក្រុមហ៊ុនកាស៊ីណូប៉ារីសបូព៌ា ស្ថិតក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
ប្រភពបន្តថា នៅវេលាម៉ោង០៣:៤០នាទី ទាប ភ្លឺ ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៤ ប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត បានទទួលពត៌មានពី អ្នកបកប្រែ ក្រុមហ៊ុនប៉ារីសបូព៌ា ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្ដស្វាយរៀង បានរាយការណ៍មកសមត្ថកិច្ចថា មានករណីជនជាតិចិនតៃវ៉ាន់ស្លាប់នៅក្នុងបរិវេណក្រុមហ៊ុនកាស៊ីណូប៉ារីសបូព៌ា ។
ក្រោយពីបានទទួលបានពត៌មានភ្លាម កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងបាវិត និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត ចុះទៅដល់កន្លែងកើតហេតុដើម្បីស្រាវជ្រាវ និងធ្វើការចងខ្សែហ៊ុំព័ទ្ធជុំវិញកន្លែងកើតហេតុ រងចាំសមត្ថកិច្ចជំនាញនិងលោកគ្រូពេទ្យធ្វើការកោសល្យវិច័យ។
រហូតវេលាម៉ោង០៩និង៣០នាទីនាថ្ងៃខែដដែល លោកវរសេនីយ៍ឯក គឹម ឡៃ ស្នងការរងជំនួយ ដឹកនាំកម្លាំងជំនាញការិយាល័យនគរបាលបច្ចេកទេសនិងវិទ្យាសាស្ត្រ កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងបាវិត និងលោកវេជ្ជបណ្ឌិត ធី សុភ័កត្រា សមាជិកគណ:កម្មការកោសល្យវិច័យ នៃមន្ទីរពេទ្យបង្អែកជីភូ ដោយមានការសម្របសម្រួលនីតិវិធី ដោយលោក ដូរ៉ា អង្គប្រទាន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានចុះទៅពិនិត្យ និងស្រាវជ្រាវដល់កន្លែងកើតហេតុ។
សមត្ថកិច្ចបានសន្និដ្ឋានបានថាបុរសខាងលើពិតជាបានធ្វើ អត្តឃាតទម្លាក់ខ្លួនពីលើអគារប្រាកដមែនដោយសារ
មូលហេតុ៖ មានវិបត្តិផ្លូវចិត្ត។
បច្ចុប្បន្ន៖ សាកសព បានបញ្ជូនតាមរថយន្តយកទៅប្រគល់ជូនកម្លាំងជំនាញការិយាល័យពិនិត្យនិងវិភាគកន្លែងកើតហេតុនាយកដ្ឋានបច្ចេកទេសវិទ្យាសាស្រ្តរក្សាទុកនៅសាលរក្សាសពវត្តទឹកថ្លារាជធានីភ្នំពេញ ដើម្បីបន្តតាមច្បាប់៕
ដោយ៖សុថាន