លោក ស្វាយ ស៊ីថា ជំរុញឲ្យសមត្ថកិច្ចមូលដ្ឋានចាត់វិធានការឲ្យបានម៉ឺងម៉ាត់ បង្ក្រាប ទប់ស្កាត់ និងលុបបំបាត់ឲ្យអស់បញ្ហាចោរកម្ម គ្រឿងញៀន និងបងតូចបងធំក្នុងមូលដ្ឋាន

ចែករំលែក៖

ខេត្តតាកែវៈ ដើម្បីពង្រឹងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ក្នុងគោលបំណងធានានូវភាពកក់ ក្តៅជូនប្រជាពលរដ្ឋ លោក ស្វាយ ស៊ីថា បានចាត់ទុកបញ្ហាគ្រឿងញៀន ល្បែងស៊ីសង បងតូច បងធំ និងបញ្ហាចោរកម្ម គឺជាការងារអាទិភាពនិងជាកង្វល់ដ៏ធំបំផុត ដែលសមត្ថកិច្ចមូលដ្ឋាន ត្រូវតែមានវិធានការឲ្យបានម៉ឺងម៉ាត់ ធ្វើយ៉ាងណាបង្ក្រាប ទប់ស្កាត់ និងលុបបំបាត់ឲ្យអស់។
បន្ថែមពីលើនេះ លោក ស្វាយ ស៊ីថា បានបញ្ជាក់ថា ធ្វើជាមន្ត្រីល្អ គាប្បីមន្ត្រីគ្រប់រូបត្រូវតែបំរើ ប្រជាពលរដ្ឋដោយស្មោះសបំផុត។

ការជំរុញ និងលើកទឹកចិត្តឲ្យមន្ត្រីបំពេញតួនាទីរបស់ខ្លួនដោយការទទួលខុសត្រូវដើម្បីជាទំនុក ចិត្តរបស់ប្រជាពលរដ្ឋយ៉ាងដូចនេះ ខណៈលោកជួបសំណេះសំណាលនៅក្នុងវេទិកាសាធារណៈ មួយក្នុងឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ នាព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៦នេះ ដែលមាន ការចូលរួមពីលោក សុខ ពុទ្ធិវុធ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តតាកែវ អភិបាល ស្រុកបាទី មេភូមិទាំង១៣ ក្រុមការងារសម្ព័ន្ធយុវជនកម្ពុជាក្នុងឃុំ និងសមត្ថកិច្ចពាក់ព័ន្ធក្នុង មូលដ្ឋានសរុបប្រមាណជាង៣០០នាក់។

លោក ស្វាយ ស៊ីថា រដ្ឋលេខាធិការ ប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស និងជាប្រធាន ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានឃុំកុមារាជា បានមានប្រសាសន៍ថា ” ដាច់ខាតមិនត្រូវទុកបញ្ហា អសកម្ម មួយចំនួនរបស់សមត្ថកិច្ចក្នុងមូលដ្ឋានដែលមិនបានផ្តល់នូវសេវាសាធារណៈជូនប្រជា ពលរដ្ឋឲ្យបានទាន់ពេលវេលា ហើយទុកឲ្យប្រជាពលរដ្ឋរស់នៅដោយការភ័យខ្លាចពី សន្តិសុខ សុវត្ថិភាពនោះទេ”។ លោកបានបន្តថា បើភូមិឃុំកើតមាននូវបញ្ហាចោរកម្ម គ្រឿងញៀន បងតូច បងធំ និងល្បែងស៊ីសង នោះហើយដែលជាកង្វល់របស់ប្រជាពលរដ្ឋ និងយុវជនក្នុងឃុំ។

លោក ស្វាយ ស៊ីថា បានសង្កត់ធ្ងន់ថា លោកបានទទួលនូវរបាយការណ៍ជាបន្តបន្ទាប់ពីក្រុមការងារ ថ្នាក់ជាតិចុះមូលដ្ឋានជាប្រចាំពីប្រជាពលរដ្ឋ ជាពិសេសយុវជនថា បញ្ហាដែលប្រជាពលរដ្ឋកំពុង ប្រឈមនោះ គឺបានកើតឡើងដោយសារកំសោយរបស់សមត្ថកិច្ចមូលដ្ឋានដែលមិនបានបំពេញ ការងាររបស់ខ្លួនដោយស្មារតីទទួលខុសត្រូវ ហើយមិនត្រឹមតែប៉ុណ្ណោះទេ មន្ត្រីមួយចំនួនក្នុងឃុំ ក៏មានជាប់ពាក់ព័ន្ធនឹងមុខសញ្ញាជនល្មើសគ្រឿនញៀនផងដែរ ទើបបណ្តាលឲ្យបញ្ហាមួយចំនួន ដោះស្រាយមិនមានប្រសិទ្ធភាពនោះទេ។ លោកបានអះអាងថា ប្រជាពលរដ្ឋមួយចំនួននៅ ពេលមានការទៅពឹងពាក់សមត្ថកិច្ច គឺពិបាកនឹងទាក់ទង ហើយមានពេលខ្លះទៅរកដល់ប៉ុស្តិ នគរបាល មិនឃើញមន្ត្រីប្រចាំការ ឬកើតមានរឿងមិនប្រក្រតីអ្វីមួយសមត្ថកិច្ចមិនអើពើជួយ ដោះស្រាយឲ្យបានទាន់ពេលវេលាឡើយ នេះគឺជាកង្វល់ដែលលោកជំរុញឲ្យមន្ត្រីគ្រប់រូបត្រូវតែ បញ្ចប់នូវភាពអសកម្មទាំងនេះជាបន្ទាន់។

លោក ស្វាយ ស៊ីថា ក៏បានឲ្យដឹងផងដែរថា កន្លងមកក្រុមការងារថ្នាក់ជាតិបានចុះបិទផ្សព្វផ្សាយ នៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋនូវតម្លៃសេវាសាធារណៈដែលរដ្ឋបានកំណត់ ជៀសវាងការ យកកម្រៃក្រៅផ្លូវការ ដែលជាការគាបសង្កត់ និងប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ បន្ថែមពីលើនេះ ក្នុងឃុំកុមារាជា ក៏បានចុះធ្វើកម្រងសំនួរនានាផ្ទាល់ជាមួយប្រជាពលរដ្ឋក្នុងឃុំ ដើម្បីដឹងពីកង្វល់ តម្រូវការជាក់ស្តែង ជាពិសេសបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ និងចូលរួមរិះ រកលទ្ធភាព ជួយដោះស្រាយការលំបាកជាច្រើន និងខិតខំប្រឹងអភិវឌ្ឍក្នុងឃុំ ដើម្បីលើកកម្ពស់ ជីវភាពរស់នៅ ក៏ដូចជាការកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ។

ក្នុងវេទិកាសាធារណៈនេះដែរ ក្រៅពីការត្រួតពិនិត្យការងារដែលក្រុមការងារថ្នាក់ជាតិបានចុះ ជួយប្រជាពលរដ្ឋកន្លងមក និងលើកនូវទិសដៅអនុវត្តការងារបន្ត លោក ស្វាយ ស៊ីថា ក៏បានរំលឹក ផងដែរថា ការបរិច្ចាគប្រាក់ខែដោយស្ម័គ្រចិត្ត១ខែ របស់មន្ត្រីរាជការទាំងអស់របស់អង្គភាព ព័ត៌មាន និងប្រតិកម្មរហ័សនាពេលកន្លងមកនោះ គឺស្រះទឹកក្នុងឃុំចំនួន៩ហើយ ត្រូវបានស្តាររួច ក្នុងចំណោមភូមិទាំង១៣ ហើយស្រះដែលនៅសេសសល់នឹងបន្តស្តារឲ្យរួចរាល់នៅពេលខាង មុខ ដោយសារបច្ចុប្បន្នរដូវភ្លៀងធ្លាក់ពិបាកក្នុងការស្តារ។

ក្រៅពីនេះ លោក ស្វាយ ស៊ីថា ក៏បានប្រកាសឲ្យក្រុមការងារ និងសមត្ថកិច្ចមូលដ្ឋានត្រូវ ខិតខំបំរើប្រជាពលរដ្ឋឲ្យសកម្ម ដូចជាសម្រួលការងារធ្វើអត្តៈសញ្ញាណប័ណ្ណ ធ្វើអត្រានុកូលដ្ឋាន សៀវភៅស្នាក់នៅ សំបុត្រកំណើតជាដើម និងបានជំរុញឲ្យប្រជាពលរដ្ឋគ្រប់រូបដែលគ្រប់អាយុ បោះឆ្នោត សូមត្រៀមខ្លួនដើម្បីទៅចុះឈ្មោះបោះឆ្នោតកុំបីអាក់ខាន ហើយដើម្បីឲ្យការងារនោះ ធានាបាននូវប្រសិទ្ធភាព សូមឲ្យមន្ត្រីទាំងអស់លះបង់ពេលវេលា ក្នុងការបំរើជូនប្រជាពលរដ្ឋ ដោយមិនត្រូវស្ពិកស្រពន់ឡើយ។
បន្ទាប់ពីបញ្ហាអសកម្មមួយចំនួនត្រូវបានលើកឡើងក្នុងវេទិកា សមត្ថកិច្ចក្នុងនោះមានទាំងអភិបាល ស្រុក អធិការរងនគរបាលស្រុកបាទី ស្មៀនឃុំ និងនាយប៉ុស្តិ៍នគរបាលឃុំកុមារាជា នៃស្រុកបាទី បានប្តេជ្ញានឹងពង្រឹងការផ្តល់សេវាសាធារណៈ ក៏ដូចជាការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពឲ្យបានល្អប្រសើរជូនប្រជាពលរដ្ឋ និងដើម្បីភូមិឃុំមានការអភិវឌ្ឍ និងសន្យាថា មិនឲ្យប្រជាពលរដ្ឋភ័យព្រួយបារម្ភតទៅទៀតទេ។
ក្នុងឱកាសនោះ លោក សុខ ពុទ្ធិវុធ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តតាកែវ ក៏បានចូលរួមចែករំលែកនូវបទពិសោធន៍ការងារមួយចំនួន ដើម្បីពង្រឹងសមត្ថភាព ចំណេះដឹង ចំណេះធ្វើ ដល់យុវជនក្នុងការបន្តវេនប្រកបដោយគុណភាព និងប្រសិទ្ធភាពឆ្ពោះទៅរកជោគជ័យ ក្នុងជីវិតម្នាក់ៗផងដែរ។

គ្រាន់តែរយៈពេល២ឆ្នាំកន្លងមកនេះ ក្រុមការងារថ្នាក់ជាតិ បានចុះជួប និងដោះស្រាយបញ្ហា មួយចំនួនជូនប្រជាពលរដ្ឋ ក៏ដូចជាការកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ វត្តអារាម ប្រឡាយទឹក ទ្វាទឹក ធ្វើផ្ទះជួនជនក្រីក្រ ឧបត្ថម្ភដល់ចាស់ជរា ចូលរួមវិស័យសាសនា សង្គម និងលើការងារ អភិវឌ្ឍនានាក្នុងឃុំ ដោយចំណាយថវិកាអស់ចំនួនជាង២០ម៉ឺនដុល្លារសហរដ្ឋអាមេរិកហើយ។

ដើម្បីរួមចំណែកអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព លោក សុខ ពុទ្ធិវុធ ប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តតាកែវ បានប្រកាសរួមចំណែកឧបត្ថម្ភសម្ភារៈ និងសម្លៀក បំពាក់ជូនដល់ប្រជាការពារសម្រាប់ភូមិចំនួន៥ ក្រៅពីនេះលោក ឌិន សំអាត ប្រធានសហព័ន្ធ សហជីពពលកម្មកម្ពុជា និងលោក ឡុង សុផាត ប្រធានសហព័ន្ធសហជីពសម្លេងយុវជនខ្មែរ ក៏បានជួយបំពាក់សម្ភារៈដល់ប្រជាការពារចំនួនពីរភូមិផងដែរ។
ម៉្យាងវិញទៀត ដើម្បីត្រៀមចូលរួមអបអរសាទរទិវាថ្ងៃជ័យជំនៈ ៧មករា ឆ្នាំ២០១៧ខាងមុខ លោក សុខ ពុទ្ធិវុធ ក៏នឹងជួយឧបត្ថម្ភសម្ភារៈ និងសម្លៀកបំពាក់កីឡាដល់ក្រុមបាល់ទាត់នៃ យុវជនចំនួន៥ភូមិ បន្ថែមលើក្រុមកីឡា៤ភូមិដែលបានបង្កើតហើយ និងប្រកួតគ្នាដណ្តើមពាន រង្វាន់លោក សុខ ពុទ្ធិវុធ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តតាកែវ នៅពេលខាងមុខ នោះផងដែរ។

បន្ទាប់ពីជួបសំណេះសំណាលក្នុងវេទិកាសាធារណៈរួចហើយនោះ លោក ស្វាយ ស៊ីថា តំណាង ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តតាកែវ និងក្រុមការងារ ក៏បានចុះទៅពិនិត្យ ទីតាំងផលិតទឹកស្អាតរបស់យុវជនក្នុងឃុំ ហើយដែលលោក សុខ ពុទ្ធិវុធ ក៏បានរួមចំណែក ឧបត្ថម្ភថវិកាមួយចំនួនផងដែរក្នុងការផលិតទឹកស្អាតរបស់យុវជន។ ទឹកស្អាតយុវជនបានដំណើរ ការលក់ចែកជូនប្រជាពលរដ្ឋក្នុងឃុំក្នុងតម្លៃថោកសមរម្យ ហើយម៉្យាងទៀតក៏បង្កើតបាននូវ ការងារជូនយុវជនក្នុងឃុំ ជៀសវាងពីការសេព និងប្រើប្រាស់គ្រឿងញៀនផងដែរ។

បន្ទាប់មកក្រុមការងារថ្នាក់ជាតិបានចុះទៅពិនិត្យទីតាំងស្រះមួយចំនួនដែលបានស្តារហើយ និង មិនទាន់ស្តារ ជាមួយគ្នានោះ លោក ស្វាយ ស៊ីថា ក៏បានជួបសួរសុខទុក្ខផ្ទាល់ជាមួយប្រជា ពលរដ្ឋក្នុងឃុំ ហើយក្រុមការងារ ប្រជាពលរដ្ឋ សមត្ថកិច្ច និងយុវជនក្នុងឃុំ ក៏បានរួមគ្នាពិសារ អាហារសាមគ្គីក្នុងបរិយាកាសរីករាយស្និទ្ធស្នាលជាទីបំផុត៕

image image image image image image image image

ដោយ សុខ ខេមរា

1111

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print