ខេត្តស្ទឹងត្រែង៖ អភិបាលខេត្តស្ទឹងត្រែងលោក សរ សុពុត្រា បានទទួលជួបពិភាក្សាការងារ ជាមួយប្រតិភូក្រុមហ៊ុនវារីអគ្គីសនីសេសានក្រោម២ ដឹកនាំដោយលោក លី មុងសិន អគ្គនាយកក្រុមហ៊ុនវារីអគ្គិសនីសេសានក្រោមពីរ ។ ជំនួបនេះធ្វើឡើងនៅសាលសវនាការសាលាខេត្តស្ទឹងត្រែង នារសៀលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤ ។
នាឱកាសនេះ លោក លី មុងសិន អគ្គនាយកក្រុមហ៊ុនវារីអគ្គិសនីសេសានក្រោម២ បានបង្ហាញយ៉ាងសង្ខេបអំពីដំណើរការក៏ដូចជាប្រវត្តិនៃការសាងសង់ ការវិនិយោគ របស់ក្រុមហ៊ុន វារីអគ្គីសនីសេសានក្រោម២ ដែលបានសម្ពោធដាក់ឲ្យដំណើរការនៅក្នុងឆ្នាំ២០១៨ ក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កាលនោះសម្តេចនៅជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
លោក លី មុងសិន គូសបញ្ជាក់ថា វារីអគ្គីសនីសេសានក្រោមពីរមានអនុភាពផលិតអគ្គីសនីចំនួន ៤០០ មេហ្គាវ៉ាវ៉ត់, ផ្តល់ថាមពលចំនួន ១៩១២ លានគីឡូវ៉ាត់ម៉ោងជាមធ្យមក្នុង១ឆ្នាំ និងបានផ្តល់ការងារជូនប្រជាពលរដ្ឋមានទាំងចិននិងខ្មែរ ជាបុគ្គលិកជំនាញនិងបុគ្គលិកទូទៅ។ ទន្ទឹមនិងនេះលោកក៏បានបង្ហាញពីកិច្ចសហការល្អរវាងក្រហ៊ុមវារីអគ្គីសនីសេសានក្រោម២ជាមួយរដ្ឋបាលខេត្តស្ទឹងត្រែងផងដែរ ។
លោកសរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រតិភូក្រុមហ៊ុនវារីអគ្គសនីសេសានក្រោម២ដែលបានអញ្ជើញមកជួបសម្តែងការគួរសម ពិភាក្សាការងារ និងជំរាបពីការងារនាពេលនេះ។
លោកអភិបាលខេត្តបានថ្លែងអំណរគុណចំពោះក្រុម ហ៊ុនវារីអគ្គីសនីសេសានក្រោមពីរ ដែលមានលទ្ធភាពគ្រប់យ៉ាងក្នុងការផ្តល់ព័ត៌មានប្រទាក់ក្រឡាគ្នាទៅវិញ ទៅមកដើម្បីធ្វើឲ្យស្ថានភាពកាន់តែប្រសើរសម្រាប់កិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលខេត្តនិងក្រុមហ៊ុន។
លោកសរ សុពុត្រា មានប្រសាសន៍ថា តាមរយៈរបាយ ការណ៍របស់ក្រុមហ៊ុនបានបង្ហាញពីកិច្ចសហប្រតិបត្តិការល្អវាងគ្នា ជាពិសេសការគិតគូ បង្កើតបរិយាកាសល្អសម្រាប់បុគ្គលិកជំនាញមានទាំងចិននិងខ្មែរ ការផ្លាស់ប្តូរ ការបង្ហាញ ការចែករំលែកវប្បធម៍គ្នាទៅវិញទៅមក ក្នុងអំឡុងពិធីបុណ្យនានា ទាំងបុណ្យប្រពៃណី និងបុណ្យជាតិ រវាងថ្នាក់ដឹកនាំក្រុមហ៊ុននិងកម្មករជំនាញទាំងខ្មែរនិងចិនបានបង្ហាញពីទំនាក់ទំនងល្អនិងពូនជ្រុំពីមិត្តភាពដែលបន្សល់ទុកពីថ្នាក់ដឹកនាំនៃប្រទេសទាំងពីរកម្ពុជា-ចិន។
ទន្ទឹមនិងនេះ លោកសរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែងតាមរយៈលោក លី មុងសិន អគ្គនាយកក្រុមហ៊ុនវារីអគ្គិសនីសេសានក្រោម២ សូមអញ្ជើញអគ្គនាយកក្រុមហ៊ុនធំរបស់ក្រុមវារីអគ្គីសនីសេសានក្រោមមកទស្សនៈកិច្ចនៅក្នុងខេត្តស្ទឹងត្រែង ស្វែងរកឱកាសវិនិយោគនានា ដើម្បីជំរុញការងារនិងជំរុញជីវភាពប្រជាជនឲ្យកាន់តែមានភាពល្អប្រសើរផងដែរ។
គួបញ្ជាក់ថា វារីអគ្គិសនីសេសានក្រោម២ ជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុន Hydrolancang International Energy របស់ចិន ដាក់ទុនវិនិយោគ ៥១ភាគរយ, ក្រុមហ៊ុន Royal Group របស់អ្នកឧកញ៉ា គិត ម៉េង ទាក់ទុន ៣៩ភាគរយ និងក្រុមហ៊ុន EVNI របស់វៀតណាម ដាក់ទុនវិនិយោគ ១០ភាគរយ។ វារីអគ្គិសនីសេសានក្រោម២ ប្រើទុនវិនិយោគសរុបជិត ៨០០លានដុល្លារអាមេរិក៕