ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃសៅរ៍ទី០៥ ខែតុលា ឆ្នាំ២០២៤នេះ បានចេញសេចក្ដីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា ខណៈថ្ងៃនេះ នៅរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដីរហូតដល់៥០%។
ក្រសួងធនធានទឹក បានបញ្ជាក់ថា ខ្យល់មូសុងនិរតី ដែលបក់លើសមុទ្រ អានដាមម៉ែន (Andaman Sea) ឈូងសមុទ្រថៃ បានថយឥទ្ធិពល ខណៈសម្ពាធទាប នៅបន្តគ្របដណ្តប់លើភាគខាងក្រោម នៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។
ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤
១-តំបន់វាលទំនាប៖
– សីតុណ្ហភាពមធ្យមអប្បបរមា២៣°Cនិងសីតុណ្ហភាពមធ្យមអតិបរមា៣៤°C។ ខ្យល់បក់មក ពីទិសឦសាននិងបូព៌មានល្បឿនមធ្យម៣,៥ម៉ែត្រ វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្តាល តាកែវ និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើ ផ្ទៃដី៥០%។
២-តំបន់ខ្ពង់រាប៖
-សីតុណ្ហភាពមធ្យមអប្បបរមា២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៣°C។ ខ្យល់បក់មក ពីទិសឦសាន និងបូព៌ មានល្បឿនមធ្យម ៤ម៉ែត្រ/វិនាទី។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគិរី មណ្ឌលគិរី តំបន់ជួរភ្នំក្រវាញ នឹងជួរភ្នំដងរែក អាចមាន ភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី៣០%។
៣-តំបន់មាត់សមុទ្រ៖
-សីតុណ្ហភាពមធ្យមអប្បបរមា២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៣°C ។ ខ្យល់បក់ មកពីទិសឦសាន មានល្បឿន មធ្យម ២,៥ម៉ែត្រ វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើ ផ្ទៃដី២០%។
-រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រនិងកម្ពស់មធ្យមអតិបរមា១,២៥ម៉ែត្រ៕