រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោក Smotrich មានទំនុកចិត្តថា សេដ្ឋកិច្ចរបស់អុីស្រាអែលនឹងងើបឡើងវិញបន្ទាប់ពីការប្រយុទ្ធគ្នាបានបញ្ចប់ ប៉ុន្តែអ្នកសេដ្ឋកិច្ចព្រួយបារម្ភថា ការខូចខាតពិតប្រាកដនឹងមានរយៈពេលយូរជាងនេះ។
នៅចុងខែកញ្ញា ឆ្នាំ2024 នៅពេលដែលជម្លោះជិតមួយឆ្នាំនៅមជ្ឈិមបូព៌ាបានរីករាលដាល ហើយចំណាត់ថ្នាក់ឥណទានរបស់អុីស្រាអែលត្រូវបានបន្ទាបម្តងទៀត រដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់ប្រទេសនេះលោក Bezalel Smotrich នៅតែបញ្ជាក់ថា សេដ្ឋកិច្ចរបស់ប្រទេសនេះមានសមត្ថភាពអាចស៊ូទ្រាំបាន ទោះបីជាស្ថិតនៅក្រោមសម្ពាធច្រើនក្តី។
ដោយសារជម្លោះគំរាមកំហែងរាលដាលដល់តំបន់កាន់តែទូលំទូលាយ ការចំណាយផ្នែកសេដ្ឋកិច្ចក៏កើនឡើងខ្ពស់សម្រាប់ទាំងអុីស្រាអែល និងប្រទេសផ្សេងទៀតនៅមជ្ឈិមបូព៌ា។ រដ្ឋមន្ត្រី Smotrich បាននិយាយថា “សេដ្ឋកិច្ចរបស់អុីស្រាអែលកំពុងទទួលរងនូវផលវិបាកនៃជម្លោះដ៏យូរបំផុត និងចំណាយច្រើនបំផុតក្នុងប្រវត្តិសាស្ត្ររបស់ប្រទេស” ។
លោក Karnit Flug អតីតទេសាភិបាលធនាគារកណ្តាលអុីស្រាអែលបានចែករំលែកជាមួយ CNN នៅថ្ងៃទី 1 ខែតុលាថា “ប្រសិនបើការកើនឡើងនាពេលថ្មីៗនេះប្រែទៅជាជម្លោះកាន់តែយូរនិងកាន់តែខ្លាំង ការខូចខាតដល់សេដ្ឋកិច្ច និងកំណើនរបស់អុីស្រាអែលនឹងធ្ងន់ណាស់” ។
អង្គការសហប្រជាជាតិបាននិយាយនៅក្នុងរបាយការណ៍មួយកាលពីខែមុនថា ជម្លោះនេះបានធ្វើឱ្យកាន់តែធ្ងន់ធ្ងរដល់វិបត្តិសេដ្ឋកិច្ច និងមនុស្សធម៌ដែលមានរយៈពេលយូរនៅក្នុងតំបន់ហ្គាហ្សា ដោយតំបន់ West Bank ក៏ “ជួបប្រទះនឹងការធ្លាក់ចុះសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស និងគួរឱ្យព្រួយបារម្ភ” ។
ទន្ទឹមនឹងនេះដែរ សេដ្ឋកិច្ចរបស់ប្រទេសលីបង់អាចធ្លាក់ចុះរហូតដល់ 5% នៅឆ្នាំនេះ ដោយសារការវាយប្រហារឆ្លងព្រំដែនរវាងកងកម្លាំង Hezbollah និងកងកម្លាំងអុីស្រាអែល នេះបើយោងតាម BMI ដែលជាក្រុមហ៊ុនស្រាវជ្រាវទីផ្សារគ្រប់គ្រងដោយ Fitch Solutions ។
សម្រាប់ប្រទេសអុីស្រាអែល ការធ្លាក់ចុះសេដ្ឋកិច្ចនឹងកាន់តែធ្ងន់ធ្ងរ ប្រសិនបើសេណារីយ៉ូដ៏អាក្រក់បំផុតកើតឡើង ដូចដែលបានព្យាករណ៍ដោយវិទ្យាស្ថានសម្រាប់ការសិក្សាសន្តិសុខជាតិនៅសាកលវិទ្យាល័យ Tel Aviv ។ ទោះបីជាយ៉ាងណាក៏ដោយ សូម្បីតែនៅក្នុងសេណារីយ៉ូវិជ្ជមានជាងនេះក៏ដោយ អ្នកស្រាវជ្រាវបានព្យាករណ៍ថា ផលិតផលក្នុងស្រុកសរុប (GDP) សម្រាប់មនុស្សម្នាក់ៗរបស់អុីស្រាអែល – ដែលក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានលើសពីចក្រភពអង់គ្លេស – នឹងធ្លាក់ចុះនៅឆ្នាំ 2024 ដោយសារតែចំនួនប្រជាជនអុីស្រាអែលកំពុងកើនឡើងយ៉ាងឆាប់រហ័ស ហើយកម្រិតជីវភាពកំពុងធ្លាក់ចុះ។
នៅក្នុងអំឡុងពេលមុនការវាយប្រហារថ្ងៃទី 7 ខែតុលា ឆ្នាំ 2023 និងជម្លោះអុីស្រាអែល និងក្រុមហាម៉ាសជាបន្តបន្ទាប់ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករណ៍ថា សេដ្ឋកិច្ចអុីស្រាអែលនឹងកើនឡើង 3.4% នៅឆ្នាំនេះ។ បច្ចុប្បន្ននេះ ការព្យាករណ៍របស់អ្នកសេដ្ឋកិច្ចមានចាប់ពី 1% ទៅ 1.9%។ កំណើននៅឆ្នាំក្រោយក៏ត្រូវបានគេរំពឹងថានឹងធ្លាក់ចុះជាងការព្យាករណ៍ពីមុន៕ ដោយធីរីណា
រូបថត: TTXVN