សារព័ត៌មាន Reuters នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៤ បានផ្សាយថា ភ្លៀងធ្លាក់ខ្លាំង និងទឹកទន្លេហក់ឡើងខ្លាំង បានបង្កឱ្យមានទឹកជំនន់ដ៏សាហាវនៅភាគខាងជើងប្រទេសបង់ក្លាដែស ដែលបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៥នាក់ស្លាប់ និងជាង ១០០,០០០ នាក់កំពុងជាប់គាំង។
ស្រុក Sherpur គឺជាតំបន់ដែលរងគ្រោះខ្លាំងជាងគេ ដោយទឹកជំនន់បានបំផ្លាញផលដំណាំ លិចផ្ទះសម្បែង និងកាត់ផ្តាច់ភូមិជាច្រើន។
អាជ្ញាធរកំពុងប្រឹងប្រែងជួយសង្គ្រោះ ដោយប្រើប្រាស់ទូក និងឧទ្ធម្ភាគចក្រ ដើម្បីជម្លៀសប្រជាជន និងផ្តល់ស្បៀងអាហារ និងសម្ភារៈចាំបាច់។ ទោះជាយ៉ាងណា ការខូចខាតផ្លូវថ្នល់ និងស្ពាន បានធ្វើឱ្យការជួយសង្គ្រោះមានការលំបាក។ អ្នកស្រុកជាច្រើនបាននិយាយថា ពួកគេមិនធ្លាប់ជួបប្រទះទឹកជំនន់ធ្ងន់ធ្ងរបែបនេះទេ។
គួរបញ្ជាក់ថា បង់ក្លាដែស ជាប្រទេសដែលងាយរងគ្រោះដោយសារទឹកជំនន់ ដោយសារទីតាំងភូមិសាស្ត្ររបស់វា។ ការប្រែប្រួលអាកាសធាតុ កំពុងធ្វើឱ្យបញ្ហាទឹកជំនន់កាន់តែធ្ងន់ធ្ងរឡើង។ ទឹកជំនន់នៅខែសីហា បានបណ្តាលឱ្យខូចខាតជាង ១ពាន់លានដុល្លារ។
អង្គការសហប្រជាជាតិ និងដៃគូ បានចាប់ផ្តើមការអំពាវនាវមនុស្សធម៌ ដើម្បីជួយដល់ប្រជាជនដែលរងផលប៉ះពាល់ដោយទឹកជំនន់។ ការព្យាករណ៍អាកាសធាតុ បានបង្ហាញថា នឹងមានភ្លៀងធ្លាក់បន្ថែមទៀត ដែលអាចធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ទៅៗ៕ ដោយធីរីណា
រូបថត: Reuters