ភ្នំពេញ៖ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា ដោយមានការអនុញ្ញាតពី លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។
លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យ កងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមគោរពអនុញ្ញាតជម្រាបជូនសាធារណជន អ្នកសារព័ត៌មាន និងបុគ្គលពាក់ព័ន្ធនឹងជម្លោះក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ដែលមានផ្សព្វផ្សាយតាមរយៈបណ្ដាញព័ត៌មានសង្គមនានា ដូចខាងក្រោម៖
១-ក្នុងចំណោមបុគ្គលទាំង២រូប ដែលមានជម្លោះនោះ មានម្នាក់ជានាយទាហាននៃកងរាជអាវុធហត្ថ ឈ្មោះ ហ៊ីង វណ្ណី ឋានន្តរសក្តិវរសេនីយ៍ឯក មុខងារស្នងការរង ស្នងការដ្ឋានសម្ភារៈបច្ចេកទេស បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស។
២-កងរាជអាវុធហត្ថ បានឃើញនូវសកម្មភាព ទង្វើ និងការប្រើពាក្យសម្តីរបស់ឈ្មោះ ហ៊ីង វណ្ណី ក្នុងឃ្លីបវីដេអូកងរាជអាវុធហត្ថ សូមអភ័យទោសចំពោះភាគីជម្លោះម្ខាងទៀត និងសូមទោសជាសាធារណៈចំពោះជនរួមជាតិទាំងមូលនូវកំហុសអសីលធម៌ និងការប្រព្រឹត្តល្មើសវិន័យកងទ័ពនេះ។
៣-កងរាជអាវុធហត្ថ បានកោះហៅឈ្មោះ ហ៊ីង វណ្ណី ចូលមកអង្គភាព ដើម្បីធ្វើការត្រួតពិនិត្យ និងមានវិធានការតាមច្បាប់ លក្ខន្តិកៈ និងបទវិន័យទូទៅសម្រាប់កងយោធពលខេមរភូមិន្ទ។
សូមគោរពជូនសាធារណជន អ្នកសារព័ត៌មាន និងបុគ្គលពាក់ព័ន្ធ មេត្តាជ្រាប។ សូមគោរពអរគុណ៕ដោយ៖តារា