ដុតបំផ្លាញចោលបារីក្លែងក្លាយចំនួន ២៣មុខ ដែលមានចំនួនសរុបប្រមាណ ៧០តោន​ នៅខេត្ត​ត្បូង​ឃ្មុំ​

ចែករំលែក៖

ខេត្ត​ត្បូង​ឃ្មុំ​៖​ នាយកដ្ឋាននគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ នៃក្រសួងមហាផ្ទៃ​ នៅព្រឹក​ថ្ងៃ​ទី​០៩​ ខែតុលា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ បារីក្លែងក្លាយចំនួន ២៣មុខ ដែលមានចំនួនសរុបប្រមាណ ៧០តោន​ ត្រូវ​បានមន្រ្តីជំនាញដក​ហូតយកមករក្សាទុក​ និងដុត​កម្ទេច​ចោល​ ក្រោយធ្វើ​ការ​បង្រ្កាបបានកាលពីពេលកន្លងទៅនេះ។

ប្រភពដដែលបន្តថា​ ក្នុងពិធីនេះ​ លោកឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកនាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤ នៅភូមិជ័យនិគម ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានដឹកនាំកម្លាំងជំនាញ សហការជាមួយអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពីតំណាងនាយកដ្ឋានកណ្តាលសន្តិសុខ ស្នងការនគរបាលខេត្តត្បូងឃ្មុំ សេនានុព័ន្ឋសន្តិសុខមាតុភូមិអមស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា អាជ្ញាធរមូលដ្ឋាន រួមនឹងក្រុមហ៊ុនដើមបណ្តឹង។

សូមជម្រាបជូនថា​ ការរៀបចំពិធីដុតបំផ្លាញចោលនូវសម្ភារវត្ថុតាងបម្រើឱ្យការផលិតបារីក្លែងក្លាយ ចំនួន ២៣មុខ សរុបប្រមាណ ៧០តោន រឹបអូសតាមអំណាចសាលក្រមព្រហ្មទណ្ឌ ដែលបានបង្ក្រាបកាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣ និងត្រួតពិនិត្យឡើងវិញកាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ ទៅលើរោងចក្របារីមួយកន្លែងស្ថិតនៅ ភូមិទន្លេបិទ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

គួរបញ្ជាក់ថា​ សម្ភារទាំងអស់ត្រូវបានទម្លាក់ចូលក្នុងរណ្តៅទំហំ១០​ គុណនិង​១០ម៉ែត្រ ជម្រៅ៣ម៉ែត្ររួចចាក់ប្រេងម៉ាស៊ូត ដុតរហូតដល់ឆេះអស់ បន្ទាប់មកកាយដីកប់តាមលក្ខណៈបច្ចេកទេសផងដែរ៕

...

ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print